លោក​សុខ ឥសាន​៖ ពលរដ្ឋ​ខ្មែរ​ក្នុង​ម្នាក់ៗ​ជំពាក់​បរទេស​តែ៣០០-៤០០​ដុល្លា​

28-06-2018 6:01 pm 475

​លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើង​ថា ក្រោយ​បញ្ចប់​ភ្លើងសង្គ្រាម និង​ជម្លោះ​រវាង​ភាគី​ខ្មែរ នៅ​ឆ្នាំ​១៩៩១ និង​ក្រោយ​ការបោះឆ្នោត​សកល​លើកដំបូង នា​ឆ្នាំ​១៩៩៣ ប្រទេស​កម្ពុជា ត្រូវ​ការកសាង និង​អភិវឌ្ឍ​ន៏​ឲ្យមាន​ការរីកចម្រើន ដោយ​បណ្តា​ប្រទេស​១៨ ជា​ហត្ថលេខី នៃ​កិច្ចព្រមព្រៀង​បាន​សន្យា ជួយ​ជ្រោមជ្រែង​ទាំង​ហិរញ្ញវត្ថុ សម្ភារៈ បច្ចេកទេស និង​ធនធានមនុស្ស​។​ល​។​

​នៅលើ​បណ្តាញ​ទំនាក់ទំនង​តេ​លេក្រា​ម កាលពី​ថ្ងៃ​ទី​២៧ មិថុនា លោក​សុខ ឥសាន បាន​បញ្ជាក់ទៀតថា ក្នុង​ការកសាង និង​អភិ​វឌ្ឈន៏​ប្រទេស កម្ពុជា​បាន​ទទួល​នូវ​ជំនួយ​ឥត​សំណង និង​កម្ចី​ការប្រាក់​ទាប ជា​បន្តបន្ទាប់ តាម​សំណូមពរ​ត្រូវការ​។ រហូតមកដល់​ពេលនេះ កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ប្រមាណ​៦-៧ ពាន់​លាន​ដុល្លា​អាមេរិក ត្រូវជា ៣៨​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក ដែល​ចំនួន​នេះ ស្ថិតនៅ​ក្នុង​លទ្ធភាព​អាច​គ្រប់គ្រង​បាន​។ 

​ទាក់ទង​នឹង​បំណុល​នេះ កន្លងមក​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​មួយចំនួន បាន​អះអាង​ថា បំណុល របស់​កម្ពុជា កំពុង​បន្ត​កើនឡើង​ទ្វេដង ក្នុង​រយៈពេល ១០​ឆ្នាំ​ចុងក្រោយ ដោយ​កើនឡើង​ពី ២,៤​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​២០០៦​។ ពួក​គេ​យល់ឃើញ​ថា រដ្ឋាភិបាល​ខ្វះខាត​នូវ​គម្រោង​ច្បាស់លាស់ ក្នុង​ការចំណាយ​ទៅលើ​ថវិកា​ដែល ខ្ចី​ពី​បរទេស​នោះ ហើយ​ស្នើ​រដ្ឋាភិបាល​ធានា ការប្រើប្រាស់​ប្រាក់កម្ចី​ទាំងនោះ​បម្រើ ដល់​ប្រយោជន៍​របស់​សាធារណជន​ប្រកបដោយ​តម្លាភាព​។ 

​យ៉ាងណាមិញ​សម្រាប់ លោក​សុខ ឥសាន បាន​អះអាង​ថា កម្ពុជា​បាន​កាត់​សង​បំណុល​បរទេស ជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឲ្យ​បំណុល​ធ្លាក់ចុះ ពី​៣៨​ភាគរយ មក​ត្រឹម ២៨​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក ដោយ​គិត​ជា​មធ្យម ក្នុង​ម្នាក់ៗ​ជំពាក់​គេ​តែ ៣០០- ៤០០​ដុល្លា​អាមេរិក បើ​ប្រៀបធៀប​នឹង​បំណុល​របស់​បណ្តា​ប្រទេស គឺ​កម្ពុជា​នៅ​ទាប​មែនទែន​។ 

​ជាមួយគ្នានេះ លោក​សុខ ឥសាន ក៏​បាន​បង្ហាញ​ពី​ប្រទេស​មួយចំនួន ដែល​ជំពាក់​បំណុល​បរទេស​ច្រើន​ជាង​កម្ពុជា រួមមាន​៖ 

១. ប្រទេសក្រិក ជំពាក់​បរទេស​ចំនួន ១៧៩ ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​

២. ប្រទេស​អ៊ីតាលី ១៣២​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​

៣. ប្រទេស​ព័រ​ទុយ​ហ្គាល់ ១២៦​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​

៤. តំបន់​ចាយប្រាក់​អឺរ៉ូ ៨៧​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​

៥. ប្រទេសក្រូ​អាស៊ី ៧៨​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក​

៦. ប្រទេស​នៅ​អាស៊ី​ខ្លះ ជិត​២០០​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក និង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ខ្លះ មាន​បំណុល​ច្រើន​មែនទែន ដែល​បើ​គិត​ជា​មធ្យម​សម្រាប់​ម្នាក់ៗ ប្រមាណ ៣០០០០-៤០០០០ ដុល្លា​អាមេរិក ឯណោះ ។​

​អ្នកវិភាគ​សេដ្ឋកិច្ច និង​នយោបាយ លោក​តេង ដឺ​លុច ធ្លាប់បាន​លើកឡើង​ថា ការ​ខ្ចីប្រាក់​ពី​បរទេស អាច​បណ្តាលឲ្យ​មាន​ហានិភ័យ​សង្គម ប្រសិនបើ​ការគ្រប់គ្រង​មិន​បាន​តម្លាភាព​។ ផ្ទុយ​មកវិញ យើង​អាច​គ្រប់គ្រង​បំណុល​បាន នៅពេល​រដ្ឋ​មាន​គោលនយោបាយ បែងចែក​ថវិកា ឲ្យមាន​តម្លាភាព និង​មាន​គណនេយ្យភាព​សង្គម​ត្រឹមត្រូវ​។ លោក​បន្ថែមថា យើង​អាច​ខ្ចីប្រាក់​ពី​បរទេស​យក​មក​ដំឡើង​ប្រាក់ខែ​ឲ្យ​មន្ត្រីរាជការ និង​គ្រូ​បង្រៀន​ជាដើម ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ពួកគាត់ ក្នុង​ការកាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។​

​លោក​បន្ថែមថា បំណុល​ជាតិ មិន​ថា​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល គឺ​ជា​បន្ទុក​របស់​ប្រជារាស្ត្រ ជា​អ្នក​សង​តាមរយៈ​ការបង់ពន្ធ​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពលរដ្ឋ​ខ្លួនឯង​មួយ​ភាគ​ធំ កំពុង​ជាប់​ជំពាក់​បំណុល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​យ៉ាងច្រើន ហើយ​រាស្ត្រ​ខ្លះ​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើការ​ស្រុក​គេ ដើម្បី​សន្សំ​ប្រាក់​ទុក​ដោះ​បំណុល​ជា​ដើម​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកវិភាគ​សេដ្ឋកិច្ច ធ្លាប់បាន​លើកឡើង​ថា «​បំណុល​កាលណា​លើសពី​៤៥% នៃ​ផលិតផល​សរុប​ក្នុងស្រុក ទៅ​ប្រទេស​នី​មួយៗ ចូល​ដល់​កម្រិត​ព្រួយបារម្ភ​ហើយ ក៏ប៉ុន្តែ​សម្រាប់​កម្ពុជា តាម​ការសង្កេតមើល​ស្ថិតិ​របស់ World Bank ឃើញថា ពីមុន​កម្ពុជា ធ្លាប់ ជំពាក់​បំណុល​ប្រមាណ​៦០% នៃ​ប្រាក់​ចំណូល​ជាតិ ប៉ុន្តែ​ក្រោយមកៗ នៅត្រឹមតែ​២៨%​ប៉ុណ្ណោះ​។ ដូច្នេះ តាម World Bank គេ​មាន​សេចក្តីសន្និដ្ឋាន​ហើយ​ថា ការប្រើប្រាស់​ប្រាក់​ជំនួយ​នេះ វា​ប្រសើរ​ជាមុន ប៉ុន្តែ​អ្វី​ដែល​ជា​ការព្រួយបារម្ភ​របស់លោក នោះ​គឺ​ការប្រើប្រាស់​ជំនួយ គឺ​មិន​ត្រូវ​ចំ​គោលដៅ មានន័យ​ថា គេ​រុញឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែរ ក៏ប៉ុន្តែ​សេដ្ឋកិច្ច​វា​កើន​មិន​សាក​សម ទៅ​នឹង​ការប្រើប្រាស់ លុយ​បំណុល​នេះ​»​។​

​បើតាម លោក គី សេរី​វឌ្ឍន៍ កម្ពុជា​ត្រូវការ​ពង្រឹង​ការ​ទ​ទូល​ខុសត្រូវ រវាង​ក្រសួង​សេដ្ឋកិច្ច​ជាមួយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​ជំនាញ​ក្នុង​ការធ្វើ​ឲ្យ​ប្រាកដថា ប្រាក់​ដែល​បាន​ខ្ចី​ពី​បរទេស​នោះ ប្រើប្រាស់​មិន​ខ្ជះខ្ជាយ និង​មាន​តម្លាភាព​។ លោក​ថា​ប្រសិនបើ​កម្ពុជា​រៀបចំ​បាន​នោះ ក្នុង​រយៈពេល​១០​ឆ្នាំ​ទៅ​មុខ គឺ​កម្ពុជា​ចាប់ផ្តើម​មាន​ថវិកា​ជាតិ នៅសល់​សម្រាប់​សង​គេ​វិញ​៕

​សូមបញ្ជាក់​ថា បំណុល​សាធារណៈ​ដែល​កម្ពុជា​បាន​ខ្ចី​ពី​ក្រៅប្រទេស នៅ​ឆ្នាំ​២០១៨​នេះ នឹង​កើនឡើង ដល់​ទឹកប្រាក់​៧៨០០​លាន​ដុល្លារ ពោល​កើនឡើង​ពី​ទឹកប្រាក់​៧១០០​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។ ចិន​ជា​ប្រទេស​ដែល​កម្ពុជា ជំពាក់​បំណុល​ច្រើនជាងគេ ដែល​មាន​រហូតដល់​ជិត ៣​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍ នៅ​ឆ្នាំ​២០១៧៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត