សន្លឹកឆ្នោត​​អាច​​បង្ខំ​ឱ្យ​​មន្ត្រី​ធ្វើ​ការ​​បម្រើ​​រាស្ត្រ​​ពិតប្រាកដ​​

28-06-2018 3:33 pm 837
  ស្តាប់
រូបភាពពីខ្លីៗ។
ស្តាប់ជាសំឡេង

​នៅក្នុង​សង្គម​ខ្មែរ ពាក្យ​ថា «​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​» គ្រាន់តែ​ជា​ទ្រឹស្តី​តែប៉ុណ្ណោះ ប៉ុន្តែ​បើ​ពិនិត្យ​ឱ្យបាន​ស៊ីជម្រៅ​ទៅ ទាំង​ក្នុង​ការអនុវត្តន៍​ជាក់ស្តែង ក៏ដូចជា​ក្នុង​ផ្នត់គំនិត​មនុស្ស​ជាទូទៅ​ដែរ ប្រជារាស្ត្រ​តែង​គោរព ឬ​កោតខ្លាច​មន្ត្រី និង​ចាត់ទុក​ពួកគេ​ជា​ចៅហ្វាយនាយ​របស់ខ្លួន​ទៅវិញ​។ និន្នាការ​នេះ កំពុង​ដើរ​ផ្ទុយ​នឹង​ទ្រឹស្តី​នៃ​របស់​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ តើ​ប្រជាពលរដ្ឋ គួរ​ធ្វើយ៉ាងណា ដើម្បី​កែ​ផ្នត់គំនិត​នេះ​បាន​?

​នៅក្នុង​របប​ប្រជាធិបតេយ្យ​សេរី ពហុបក្ស ប្រជាពលរដ្ឋ ត្រូវបាន​គេ​ចាត់ទុកថា ជា​ម្ចាស់​ប្រទេស និង ម្ចាស់​របស់​អ្នកដឹកនាំ​គ្រប់​លំដាប់ថ្នាក់ ពីព្រោះ​ពួកគេ​មានអំណាច ឬ​បុណ្យស័ក្តិ​ដោយសារតែ​សន្លឹកឆ្នោត របស់​ប្រជាពលរដ្ឋ​។ ដោយសារ​អំណាច​សន្លឹកឆ្នោត​នេះ ហើយ​បាន ជាមាន​ទ្រឹស្តី​«​មន្ត្រី​ត្រូវតែ​បម្រើ​រាស្ត្រ​»​។

​ប៉ុន្តែ​នៅក្នុង​ឆាកនយោបាយ​កម្ពុជា ពាក្យ​ថា «​មន្ត្រី​ជា​អ្នកបម្រើ​រាស្ត្រ​» ហាក់​នៅ​ឆ្ងាយ​ពី​ការពិត​នៅឡើយ​។ ជាទូទៅ ពួក​នាម៉ឺន និង​មន្ត្រី​ភាគច្រើន​មិនដែល​ចាត់ទុក​ខ្លួនឯង​ថា ជា​អ្នកបម្រើ​ប្រជាពលរដ្ឋ​ទេ ផ្ទុយទៅវិញ អស់លោក​អ្នកធំ​ទាំងនោះ​តែង ប្រើ​ឥទ្ធិពល​របស់ខ្លួន​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​គោរព​និង​កោតខ្លាច​អំណាច​បុណ្យស័ក្តិ​របស់​ពួកគេ​ទៅវិញ​។ ផ្នត់គំនិត​បែបនេះ​ហាក់​បាន​កើតចេញ​ជា​ស្វ័យប្រវត្តិ​ពី​អ្នកមានអំណាច​ដោយ​ពួកគេ​ច្រើន​តាំងខ្លួន​ជា​អ្នក​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ហួស​ពី​ប្រជាជន​សាមញ្ញ​។ ខ្ពង់ខ្ពស់​រហូត​ធ្វើឲ្យ​អ្នកខ្លះ​ហ៊ាន​បំពាន​ទៅលើ​អ្នកទន់ខ្សោយ​ដោយ​ឥត​ញញើត​។​

រីឯ​ប្រជាពលរដ្ឋ​វិញ ​ក៏​ហាក់ដូចជា​ព្រម​ទទួលយក​ដោយ​ស្វ័យប្រវត្តិ​នូវ​អំណាច​គ្រប់គ្រង​របស់​អ្នកដឹកនាំ និង​បានប្រគល់​វាសនា​របស់​ខ្លួន​ទាំងស្រុង​ទៅលើ​អ្នកនយោបាយ​។ ជាក់ស្តែង ប្រជាជន​ខ្មែរ​គ្រប់​ជំនាន់​ច្រើនតែ​ចាត់ទុក​មេដឹកនាំ​ថា​ជា​មេ​កើយ​និង​ជា​អ្នកសម្រេច​ជោគវាសនា​របស់​ប្រទេសជាតិ​។​ហេតុ​ដូច្នេះហើយ បានជា​ពលរដ្ឋ​ខ្មែរ​មិនសូវ​ខ្វល់ខ្វាយ​ពី​រឿង​នយោបាយ​ឡើយ ពីព្រោះ​ពួកគេ​ចាត់ទុក​បញ្ហា​ប្រទេសជាតិ​ថា​ជា​កិច្ចការ​របស់​អ្នកនយោបាយ​។ ចំណែក​ខ្លួន​ជា​ប្រជាជន​សាមញ្ញ​ត្រូវ​គិតគូរ​តែ​ពី​បញ្ហា​ក្រពះ​តែប៉ុណ្ណោះ​។​

​ផ្នត់គំនិត​សង្គម​បែបនេះហើយ​ដែល​ជំរុញ​ឲ្យ​អ្នកនយោបាយ​ដឹកនាំ​ប្រទេស​តាម​ទំនើងចិត្ត​ដោយ​មិន​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ឡើយ​។ ជាក់ស្តែង​សង្គ្រាមស៊ីវិល​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​រហូត​រុញច្រាន​ប្រទេស​ធ្លាក់​ក្នុង​របប​ប្រល័យពូជសាសន៍​ដោយសារតែ​មហិច្ឆតា​គ្មាន​ព្រំដែន​របស់​អ្នកនយោបាយ​។ ចំណែក អ្នករងគ្រោះ​ខ្លាំងជាងគេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង​។​

​ប៉ុន្តែ​បច្ចុប្បន្ន កម្ពុជា​បាន​ឆ្លង​ផុតពី​សង្គ្រាមស៊ីវិល​ហើយ​និង​កំពុង​ស្ថិតក្នុង​របត់​ថ្មី​នៃ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។ របប​នេះ​ប្រជាពលរដ្ឋ​មានអំណាច​ធ្វើជា​ម្ចាស់​ប្រទេស និង​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​។ អំណាច​របស់​ពួកគេ​ត្រូវ​ច្បាប់​ចែង​នៅលើ​សន្លឹកឆ្នោត​។ អំណាច​សន្លឹកឆ្នោត អាច​បង្ខំ​ឱ្យ​អ្នកនយោបាយ​ត្រូវតែ​ធ្វើការ​បម្រើ​ម្ចាស់ឆ្នោត​។​

​ម្លោះ​ហើយ​បាន​ជាមុន​ការបោះឆ្នោត​មកដល់  លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ក្រើនរម្លឹក​ជាថ្មីទៀត​ដល់​មន្ត្រីក្រោមឱវាទ​ដែលជា​មេដឹកនាំ​ក្រសួង ប្រធាន​ស្ថាប័ន និង​មន្ត្រី​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ រាប់ទាំង​វិស័យ​ឯកជន​ផង ឱ្យ​បោសសម្អាត​ផ្ទះ​របស់ខ្លួន​តាមរយៈ​ការ​ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល​ក្នុង​កំណែទម្រង់​ស៊ីជម្រៅ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។​

​សម្រាប់​លោក​នាយករដ្ឋមន្ត្រី​ មន្ត្រី​ទាំងអស់​ធ្វើខ្លួន​ ជា​អ្នកបម្រើ​រាស្ត្រ​ គឺជា​សារសំខាន់​មួយ​សម្រាប់​ពញ្ញាក់​ស្មារតី​មន្ត្រី​មួយចំនួន​ ដែល​នៅតែ​លង់លក់​ក្នុង​ទស្សនៈ​ចាស់គំរឹល​ឱ្យ​ភ្ញាក់រលឹក​ឡើង​ ហើយ​រត់​ឱ្យ​ទាន់​សភាព​ការណ៍​​នយោបាយ​ថ្មី​ដែល​កំពុងតែ​វិវឌ្ឍ៍​ទៅមុខ​ជាលំដាប់​។ សភាពការណ៍​នយោបាយ​ថ្មី​បច្ចុប្បន្ន​គឺ «​មន្ត្រី​គឺជា​អ្នកបម្រើ​រាស្ត្រ​»​។​ដូច្នេះ ការបន្ត​លង់លក់​ក្នុង​ផ្នត់គំនិត​ចាស់​ហើយ​មិន​ព្រម​ទទួលយក​វប្បធម៌​នយោបាយ​ថ្មី​នេះ មិន​ត្រឹមតែ​ជា​គ្រោះថ្នាក់​សម្រាប់​មន្ត្រី​ទាំងនោះ​តែប៉ុណ្ណោះ​ទេ តែ​វា​ក៏បង្ក​គ្រោះថ្នាក់​ដល់​រដ្ឋាភិបាល​ផងដែរ​។​

​ជារួម​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​ពេលនេះ ក៏​មានន័យ​ពញ្ញាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ឱ្យ​ភ្ញាក់រលឹក និង​ចេះ​ប្រើ​អំណាច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ ពីព្រោះ​សន្លឹកឆ្នោត​មួយ​សន្លឹក​របស់​ពួកគេ​ពិតជា​អាច​ផ្លាស់ប្តូរ​ស្ថានភាព​មន្ត្រី​មួយចំនួន​ដែល​ចង់តែ​ធ្វើ​ចៅហ្វាយ​រាស្ត្រ​នោះ ឱ្យមក​ជា​មន្ត្រី​ដែល​ធ្វើការ​បម្រើ​រាស្ត្រ​វិញ​៕

ព័ត៌មានផ្សេងទៀត