ការការពារ និងកម្ចាត់ដង្កូវបំពង់កាត់ស្លឹក

27-06-2018 5:01 pm

វដ្តជីវិត៖
- វាជាសត្វល្អិត អាចរស់នៅក្នុងទឹកបាន គឺនៅដំណាក់កាលជាដង្កូវ ។
- មេអំបៅ មានពណ៌សភ្លឺ ជាមួយនឹងពណ៌ត្នោតព្រឿងៗ និងមានចំណុចខ្មៅ ។ ពេលថ្ងៃវាលាក់ខ្លួននៅក្នុងស្រែ ហើយបញ្ចេញពងនៅពេលយប់ ដោយពងតំរៀបជាជួរ ១ឬ២ជួរ ឬជាកញ្ចុំនៅលើផ្ទៃស្លឹកផ្នែកខាងក្រោម ដែលធ្លាក់អណ្តែតនៅលើផ្ទៃទឹក និងត្រាច់ចរនៅពេលយប់ ។
- ពងរបស់វា មានពណ៌លឿងព្រលែត ឬបៃតងខ្ចី មានរាងមូលសំប៉ែត និងទំហំមិនពិតប្រាកដ ។
- ដង្កូវញាស់ចេញពីពងនៅក្នុងទឹក ។ វាផ្លាស់ប្តូរបំពង់របស់វា នៅរាល់ពេលវាសក នៅពេលវាមានវ័យចំណាស់ជិតក្លាយជាដឹកឌឿ វាវារឡើងលើដើមស្រូវផុតពីផ្ទៃទឹក ហើយវាភ្ជាប់បំពង់របស់វា ទៅនឹងដើមស្រូវ ។ វាចាប់ផ្តើមរុំខ្លួនវាដោយសរសៃអំបោះដូចសំបុកកូននាង នៅក្នុងបំពង់ស្លឹក ដែលនៅទីនោះ វាក្លាយជាដកឌឿ ។

ស្នាមបំផ្លាញ៖
- បន្ទាប់ពីញាស់ ដង្កូវចាប់ផ្តើមកោស ស៊ីជាលិការស្លឹកតាមទទឹងស្លឹក មានសណ្ឋានដូចជណ្តើរ នៅលើផ្ទៃស្លឹក និងកាត់ស្លឹកផ្តាច់ស្មើ ដូចកាត់នឹងកន្រ្តៃ ។
- អាចមើលឃើញរោម ដែលមានសណ្ឋានដូចអំបោះជាច្រើនគូ នៅតាមដងខ្លួន នៅពេលគេហែកបំពង់របស់ដង្កូវនេះ ។
- កាត់ដាច់ចុងស្លឹកមូលជាបំពង់សម្រាប់បណ្តែតលើទឹក ។
- កាលណាបំផ្លាញខ្លាំង នាំឱ្យពន្យាការប្រមូលផលស្រូវ ។

វិធានការការពារ ៖
- ថ្នាលសំណាបគោក អាចការពារពីការបំផ្លាញរបស់ដង្កូវបំពង់កាត់ស្លឹក ប៉ុន្តែ វាងាយបំផ្លាញពីកត្តាចង្រៃផ្សេងៗទៀត ។
- ស្ទូងសំណាបចាស់ ចាប់ពី១ខែឡើងទៅ អាចជួយកាត់បន្ថយពីការស៊ីបំផ្លាញរបស់ដង្កូវ ។
- រក្សាសត្វមានប្រយោជន៍ ត្រី ខ្យង ពីងពាង ខ្មូតស្លាបរឹងរស់នៅក្នុងទឹក ។
- រៀបចំដីឱ្យរាបស្មើ ងាយស្រួលក្នុងការបញ្ចេញបញ្ចូលទឹក ។

វិធានការកម្ចាត់ ៖
- បង្ហូរទឹកចេញឱ្យគោក២ ទៅ ៣ថ្ងៃ ដោយត្រងនឹងបង្គី ឬស្បៃ ដើម្បីប្រមូលដង្កូវ និងទុកស្រែឱ្យគោក ២ ទៅ៣ថ្ងៃ បន្ទាប់ ។
- ពន្លិចទឹកឱ្យលិចចុងស្រូវ ដោយប្រើស្បៃមុងកៀរប្រមូលឱ្យទា ឬមាន់ស៊ី ។
- ទន្រ្ទានខែត្រកាប់ចិញ្ច្រាំឱ្យម៉ត់ និងយកទៅបាចក្នុងទឹកស្រែ ដែលនាំឱ្យវាពុលងាប់ ដោយការរលួយស្លឹកទន្រ្ទានខែត្រ នាំឱ្យទឹកខ្មៅ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសំរាប់សន្តិសុខស្បៀង ) 

ព័ត៌មានផ្សេងទៀត