ជំនន់​​ទឹកភ្លៀង​​នៅ​ទី​​ក្រុងភ្នំពេញ​៖​ ស្ថានភាព​​លិច​ខ្លាំង តែ​ទឹក​​ស្រក​​វិញ​លឿន​​

27-06-2018 4:56 pm 1760
  ស្តាប់
ជំនន់ទឹកភ្លៀងនៅទីក្រុងភ្នំពេញ។
ស្តាប់ជាសំឡេង

ភ្លៀង​ធ្លាក់ចុះ​យ៉ាងគំហុក​នៅ​រាជធានី​ភ្នំពេញ នៅ​ប៉ុន្មាន​ថ្ងៃនេះ បាន​បណ្ដាលឲ្យ​ទី​ក្រុងភ្នំពេញ​លិចលង់​ទៅ​ក្នុងជំនន់​ទឹកភ្លៀង​។ ជំនន់​ទឹកភ្លៀង​ដែល​កើតឡើង​ដដែលៗ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ បាន​បង្កើតឱ្យមាន​ការ​រិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​។ ជា​ការឆ្លើយតប​នឹង​ការរិះគន់​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ពន្យល់ថា បច្ចុប្បន្ន​ជំនន់​ទឹកភ្លៀង​លិច​ទី​ក្រុងភ្នំពេញ ពិតជា​មាន​ស​ភាពខ្លាំង​មែន ក៏ប៉ុន្តែ​ទឹក​ស្រក​ទៅវិញ គឺមាន​ល្បឿន​លឿន​ខុសពី​ឆ្នាំ​សព្វដង​។

​ឆ្លើយតប​អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​រាជធានី​ភ្នំពេញ​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​នៃ​រាជធានី​ភ្នំពេញ បាន​គូសបញ្ជាក់ថា ភ្លៀង​ធ្លាក់​នៅ​ទី​ក្រុងភ្នំពេញ នា​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​កម្រិត​ទឹកភ្លៀង​ពី​មធ្យម​ប្រមាណ​៦០​មី​លី​ម៉ែត​ក្នុង​១​ម៉ោង​។ លោក​ពន្យល់ថា កម្រិត​ទឹកភ្លៀង​នេះ គឺមាន​ស​ភាពខ្លាំង ធ្វើឱ្យ​ប្រព័ន្ធ​លូ​ហូរ​មិនទាន់ ហើយ​ម្យ៉ាងវិញទៀត នៅ​តំបន់​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ជា​តំបន់​ទំនាប ដូច្នេះ​ធ្វើឱ្យ​ទឹក​មិនអាច​ហូរ​បាន​លឿន​។​

​តែ​យ៉ាងណាក្តី​លោក សាំ ពិសិដ្ឋ បានកត់សម្គាល់​ឃើញថា បើទោះបីជា​កម្រិត​ទឹកភ្លៀង មាន​ស​ភាពខ្លាំង តែ​ការហូរ​ស្រក​ទៅវិញ ហាក់​មាន​ល្បឿន​លឿន​ខុសពី​ឆ្នាំ​កន្លងទៅ​។ ការហូរ​លឿន​នេះ​ត្រូវ​លោក​ពន្យល់ថា ដោយសារតែ​មាន​ប្រព័ន្ធ​លូ​ច្រើន ហើយ​នៅ​រយៈពេល​ចុងក្រោយ​នេះ ៗ​សាលា​រាជធានី​ភ្នំពេញ បាន​ស្តារ​ប្រឡាយ និង​លូ​ជាច្រើន​ទៀត​ផងដែរ​។​

សូម​រម្លឹក​ជូន​ថា ប៉ុន្មាន​ថ្ងៃនេះ​ភ្លៀង​បាន​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ និង​បាន​បណ្ដាលឱ្យ​ទីក្រុង​ភ្នំពេញ​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង​។ កំណាត់​ផ្លូវ​តូចធំ​មួយចំនួន សុទ្ធតែ​លិចលង់​ក្រោម​ជំនន់​ទឹកភ្លៀង ខណៈដែល​កន្លែង​ខ្លះទៀត ទឹកភ្លៀង​លាយឡំ​នឹង​ទឹកលូ បាន​ហូរ​ចូល​ផ្ទះ​ប្រជាពលរដ្ឋ បង្កើតឱ្យមាន​ការរិះគន់​យ៉ាង​ចាស់ដៃ ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង វិធានការ​ដោះស្រាយ​របស់​រាជរដ្ឋាភិបាល​។​

​ជំនន់​ទឹកភ្លៀង​លិច​ក្រុងភ្នំពេញ​ជា​រៀងរាល់ឆ្នាំ ត្រូវបាន​ប្រជាពលរដ្ឋ​បន្ទោស ទៅលើ​សកម្មភាព​ចាក់​លុប​បឹង​នៅក្នុង​ទី​ក្រុងភ្នំពេញ ដើម្បី​សាងសង់​បូរី​លំនៅដ្ឋាន​ឬ​សំណង់​ផ្សេងៗ​ទៀត ព្រោះថា បឹង​ជា​អាង​ស្តុក​ទឹក​យ៉ាងសំខាន់​សម្រាប់​ទី​ក្រុងភ្នំពេញ​។​

​សម្រាប់​លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បាន​លើកឡើងថា មិនមែន​តែ​រាជធានី​ភ្នំពេញ​ទេ ដែលមាន ជំនន់​ទឹកភ្លៀង សូម្បីតែ​ទីក្រុង​រ៉ូម​របស់​អ៉ីតាលី និង ប្រទេស​មួយចំនួនទៀត ក៏​លិច​ដែរ បើ​កម្រិត​ទឹកភ្លៀង​ធ្លាក់​លើសពី​បរិមាណ​លូ​។​លោក​បាន​ប្រៀបធៀប​កម្ពស់​នឹង​នីវ៉ូ​ទឹកសមុទ្រ សម្រាប់​នៅ​ទី​ក្រុងភ្នំពេញ គឺមាន​កម្ពស់​ទាប​ជាង ពោល​មានតែ​ព្រះ​មរ​បរាជ​រាំង និង វិមានឯករាជ្យ​តែប៉ុណ្ណោះ ដែលមាន​កម្ពស់​ខ្ពស់ជាង ឯ​ក្រៅពីនេះ​ទាប​ជាង​ទាំងអស់​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង ដឹកជញ្ជូន​នៃ​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ជំនន់​ទឹកភ្លៀង នៅ​រយៈពេល​២​ថ្ងៃនេះ លោក​ចាត់ទុកជា​បទពិសោធ​ន៍​មួយ ហើយ​អាច​ឃើញថា ប្រសិទ្ធភាព​នៃ​ការ​ដាក់លូ ឬ​ការជួសជុល និង​ស្ដារលូ​ឡើងវិញ បាន​ភាពល្អប្រសើរ​។ លោក​ប្តេជ្ញាចិត្ត​ថា​នឹង​បន្ត​ដោះស្រាយ ជំនន់​ទឹកភ្លៀង​ក្នុង​ទីក្រុង​បន្ថែមទៀត​។​បើតាម​លោក សាំ ពិសិដ្ឋ ជំនន់​ទឹកភ្លៀង​ក្នុង​ទី​ក្រុងភ្នំពេញ យ៉ាងហោចណាស់​ត្រូវ​ចំណា​យ​ពេល​៨​ឆ្នាំ ទើប​អាច​ដោះស្រាយបាន​។​

​ទាក់ទង​នឹង​ជំនន់​ទឹកភ្លៀង​ក្នុង​ទីក្រុង​នេះ កន្លងទៅ​អ្នកស្រាវជ្រាវ​សង្គម​មួយចំនួន មើលឃើញថា ផែនការអភិវឌ្ឍន៍​ក្រុង​ជាក់លាក់​មានតែ​លើ​ក្រដាស ប៉ុន្តែ​ការអនុវត្ត​ជាក់ស្ដែង ប្រាសចាក​ពី​គោលដៅ​ដែល​បាន​រំពឹងទុក​។ ម្យ៉ាងវិញទៀត ពួកគេ​យល់ថា ប្រសិនបើ​អាជ្ញាធរ​បាន​សិក្សា​ឱ្យបាន​ស៊ី​ជ្រៅ​ជាមុន និង មាន​ទស្សនវិស័យ​វែងឆ្ងាយ ម្ល៉េះ​សម​ទឹក​មិន​ជន់​លិច​ក្រុងភ្នំពេញ​យ៉ាង​អាក្រក់​ដូច្នេះ​ឡើយ​៕

ព័ត៌មានផ្សេងទៀត