អាមេរិក​-​កូរ៉េខាងជើង​​អនុវត្ដ​បាន​​អ្វីខ្លះ​ហើយ ក្រោយ​ជំនួប​​កំពូល​​រវាង​មេដឹកនាំ​​ប្រទេស​ទាំងពីរ​?

26-06-2018 6:00 pm 428
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​ពេលជួបគ្នា

​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ថ្ងៃនេះ យើង​មាន​បទ​អន្ដរាគមន៍​ពី​ពេញ ផេង ទាក់ទង​នឹង​ចំណុច​សំខាន់ៗ​ដែល​កូរ៉េខាងជើង​និង​អាមេរិក​បាន​អនុវត្ដ ក្រោយ​កិច្ចប្រជុំ​កំពូល​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន កាលពី​ថ្ងៃទី​១២​មិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។ ក្រោយ​កិច្ចប្រជុំ​កាលនោះ មេដឹកនាំ​ទាំងពីរ​បានចេញ​សេចក្ដីថ្លែងការណ៍​រួម បង្ហាញ​ពី​ចំណុច​ដែល​បាន​ព្រមព្រៀង​។ រហូត​ដល់ពេលនេះ តើ​អាមេរិក​និង​កូរ៉េខាងជើង​អនុវត្ដ​បាន​ជំហាន​អ្វីខ្លះ​ហើយ​? 

​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពិស្ដារ​ពី​ពេញ ផេង​ដូចតទៅ​៖

​សំឡេង​៖

​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ត្រូវបាន​គេ​កត់ត្រា​ក្នុង​ប្រវត្ដិសាស្ដ្រ ព្រោះ​ជា​ថ្ងៃ​ដែល​ប្រធានាធិបតី អាមេរិក​និង​មេដឹកនាំ​កូរ៉េខាងជើង បាន​ជួបពិភាក្សា​ការងារ​ដោយផ្ទាល់​ជាមួយគ្នា​។ យើង​សង្កេតឃើញថា​ទម្រាំ​ឈានដល់​កិច្ចប្រជុំ​កំពូល​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន ភាគី​ពាក់ព័ន្ធ​បាន​ប្រឹងប្រែង​យ៉ាង​សស្រាក់សស្រាំ ពិសេស​យើង​ឃើញ​កូរ៉េខាងត្បូង​បាន​ព្យាយាម​បញ្ចុះបញ្ចូល​កូរ៉េខាងជើង​ផង និង​លួងលោម​អាមេរិក​ផង​ដើម្បីឲ្យ​ចូលរួម​កិច្ចប្រជុំ​។ សូម្បីតែ​ចិន​ក៏​ចង់ឲ្យមាន​កិច្ច​ជំនួប​នេះ​កើតឡើង​ដែរ​។ 

​រឿង​មួយទៀត​ដែល​កើតឡើង​មុន​កិច្ចប្រជុំ គឺ​លោក​គីម ជុង​អ៊ុន​បានប្រកាស​ព្រមាន​ថា​លោក​នឹង​ដើរ​ចេញពី​កិច្ចប្រជុំ បើសិន​អាមេរិក​ដាក់​សម្ពាធ​ឲ្យ​កូរ៉េខាងជើង​ដកហូត​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​។ មិនបាន​ប៉ុន្មាន​ថ្ងៃក្រោយ​លោក​គីម ជុង​អ៊ុន​និយាយ​ដូច្នេះ លោក​ដូណាល់ ត្រាំ​បានប្រកាស​លុបចោល​កិច្ចប្រជុំ​តែម្ដង​។ វា​ពិតជា​ភ្ញាក់ផ្អើល​ណាស់​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ រីឯ​កូរ៉េខាងជើង​មិន​បង្អង់​យូរ​បានចេញ​សេចក្ដីថ្លែងការណ៍​មួយ​ភ្លាមៗ ស្នើឲ្យ​លោក​ត្រាំ​ពិចារណា​ឡើងវិញ​។ សេចក្ដីថ្លែងការណ៍​មួយច្បាប់​នោះ​ហើយ ដែល​ធ្វើឲ្យ​លោ​កត្រាំផ្លាស់ប្ដូរ​ចិត្ដ​វិលមករ​កកិច្ចប្រជុំ​តាម​ការគ្រោងទុ​កនៅ​ថ្ងៃទី​១២​មិថុនា​។​

​ក្រោយ​ការព្រមព្រៀង​ជា​ផ្លូវការ យើង​និយាយ​ពី​មន្ដ្រី​អាមេរិក​និង​កូរ៉េខាងជើង​វិញ បាន​ជួប​ពិភាក្សាគ្នា​ជា​ច្រើនលើកច្រើនសារ​រៀបចំ​ដំណើរការ​នៃ​កិច្ចប្រជុំ​ឲ្យ​ប្រព្រឹត្ដទៅដោយ​រលូន​។ មន្ដ្រី​ប្រទេស​ទាំង​ពីរបាន​ជួបគ្នា​នៅ​អាមេរិក​ផង នៅ​កូរ៉េខាងជើង​ផង និង​នៅ​សិង្ហ​បុរី​ផង​។ ចំណែក​សិង្ហ​បុរី​ក្នុងនាម​ជា​ម្ចាស់ផ្ទះ បានរៀបចំ​សណ្ដាប់ធ្នាប់​សន្ដិសុខ​យ៉ាង​តឹងរ៉ឹង​បំផុត ទាំង​មុន​និង​ក្នុងពេល​កិច្ចប្រជុំ​ចាប់ផ្ដើម​។ ក្នុងអំឡុងពេល​កិច្ចប្រជុំ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បាន​ស្វាគមន៍​គ្នា​យ៉ាង​កក់ក្ដៅ ហើយ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ មាន​ចំណុច​សំខាន់ៗ​ចំនួន​៤​ដែល​មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀងគ្នា​ក្នុងនោះ​មានដូចជា​៖

​ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។​

​ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​សម្រេចបាន ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។ កាលនោះ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។​

​ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម និង​ការធ្វើ​មាតុភូមិនិវត្ដន៍​អដ្ឋិ​ធាតុ​អ្នកទោ​សដែលស្លាប់​ក្នុង​សង្គ្រាម​កូរ៉េ ដែល​បានកំណត់​អត្ដ​សញ្ញាណ​រួចរាល់​។ 

​ចំណុច​សំខាន់​មួយទៀត លោក​ដូណាល់ ត្រាំ​និយាយ​ក្នុង​សន្និសីទកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​ថា អាមេរិក​នឹង​ផ្អាក​សមយុទ្ធ​ជាមួយ​កូរ៉េខាងត្បូង ដើម្បី​បញ្ឈប់​ការ​បង្កហេតុ​ទៅវិញទៅមក​។​

​អាមេរិក​និង​កូរ៉េខាងជើង​អនុវត្ដ​បាន​ចំណុច​អ្វីខ្លះ​ហើយ​នៃ​កិច្ចព្រមព្រៀង​ដែល​បាន​ឯង​ភាព​?

​គិត​ត្រឹម​ពេលនេះ​យើង​សង្កេតឃើញថា​អាមេរិក​និង​កូរ៉េខាងជើង​បាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​សំខាន់ៗ​មួយចំនួន​ហើយ ក្នុងនោះ​ខាង​ភាគី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ធ្វើតាម​ការសន្យា គឺ​ប្រកាស​ផ្អាក​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ជាមួយ​កូរ៉េខាងត្បូង​។ មន្ដ្រី​អាមេរិក​បាន​ពិភាក្សា​ជាមួយ​មន្ដ្រី​កូរ៉េខាងត្បូង សម្រេច​ផ្អាក​ជា​ផ្លូវការ​សមយុទ្ធ​ប្រចាំឆ្នាំ​ចំនួន​៣​ជាមួយគ្នា​។ នេះ​ជាការ​ធ្វើតាម​សន្យា​បន្ទាប់ពី​កិច្ចប្រជុំ​។ រីឯ​កូរ៉េខាងជើង​វិញ​បាន​ព្រមព្រៀង​បញ្ជូន​អដ្ឋិធាតុ​កងទ័ព​អាមេរិក​ដែល​ស្លាប់​ក្នុង​សង្គ្រាម​បែក​ចែក​កូរ៉េ​ឆ្នាំ​១៩៥០-១៩៥៣ កិច្ចការ​នេះ​កំពុង​ស្ថិតក្រោម​ការរៀប​ចំ​។ ចំណុច​មួយទៀត​ក្នុង​ថ្ងៃ​ប្រារព្ធ​ខួប​៦៨​ឆ្នាំ​នៃ​ការផ្ទុះ​សង្គ្រាម​កូរ៉េ​កាលពី​ថ្ងៃទី​២៥​មិថុនា​ឆ្នាំ​២០១៨​នេះ កូរ៉េខាងជើង​មិនបាន​រិះគន់​ដល់​អាមេរិក​ឡើយ​ខុសប្លែក​ពី​ឆ្នាំ​កន្លងទៅ​។ រាល់ដង​ឲ្យតែ​ដល់​ថ្ងៃ​ប្រារព្ធ​ខួប​នៃ​ការផ្ទុះ​សង្គ្រាម​នេះ កាសែត​ផ្លូវការ​កូរ៉េខាងជើង​តែងតែ​សរសេរ​ពាក្យពេជន៍​រិះគន់ វាយប្រហារ និង​ចោទថា​អាមេរិក​ជា​អ្នកបង្កឲ្យ​មានសង្គ្រាម​កូរ៉េ ថែមទាំង​ទម្លាក់កំហុស​ដាក់​អាមេរិក​ពី​ការបែងចែក​ទឹកដី​កូរ៉េ​ជា​ពីរ​ទៀតផង​។ សម្រាប់​ឆ្នាំ​២០១៨​នេះ​ប្រជាជន​កូរ៉េ​គ្រាន់តែ​ប្រារព្ធ​ខួប តែ​មិនបាន​បរិហារ​អាមេរិក​ទេ​។ នេះ​ជា​សញ្ញា​មួយ​បង្ហាញថា​កូរ៉េខាងជើង​ចាប់ផ្ដើម​អនុវត្ដ​តាម​វិធានការ​ស្វែងរក​សន្ដិភាព​លើ​ឧបទ្វីប​កូរ៉េ និង​ការស្ដារ​ទំនាក់ទំនង​ជាមួយ​អាមេរិក​ឡើងវិញ​។​

​ទាក់ទង​នឹង​ចំណុច​សំខាន់បំផុត​នៃ​កិច្ចព្រមព្រៀង គឺ​ការរំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ កូរ៉េខាងជើង​មិនទាន់​បង្ហាញឲ្យឃើញជា​សាធារ​ណៈ​ទេ​។ ប៉ុន្ដែ​បើតាម​ការបញ្ជាក់​ពី​លោក​ដូណាល់ ត្រាំ លោក​ថា​កូរ៉េ​ខាង​ចាប់ផ្ដើម​ដំណើរការ​រំលាយចោល​ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែ​រហើយ​។ លោក​ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃទី​២១​មិថុនា​ថា កូរ៉េខាងជើង​កំពុង​រៀបចំ​កម្ទេចចោល​ទីតាំង​ចំនួន​៤ ជា​ទីតាំង​ធ្វើតេស្ដ​នុយក្លេអ៊ែរ​ធំៗ​របស់គេ​។ ក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈរដ្ឋមន្ដ្រី​លោក​ត្រាំ​បាន​បញ្ជាក់ថា កូរ៉េខាងជើង​មិនបាន​បញ្ជូន​មី​ស៊ី​ល​ទៅ​ទីតាំង​ធ្វើតេស្ដ​ទៀត​ទេ ក្នុងនោះ​មាន​មី​ស៊ី​ល​ឆ្លង​ទ្វីប​ផងដែរ​។ កូរ៉េខាងជើង​បាន​បំផ្ទុះ​ទីតាំង​បាញ់​មី​ស៊ី​ល​ធំ​មួយ​រួចមកហើយ​ដែរ​។ ទាំងនេះ​ជា​សញ្ញា​បង្ហាញថា​កូរ៉េខាងជើង​ចាប់ផ្ដើម​ដំណើរការ​រំលាយចោល​នុយក្លេអ៊ែ​រ​។​

​ជារួម​ទៅ​យើង​សង្កេតឃើញថា ទាំង​អាមេរិក​និង​កូរ៉េខាងជើង​បាន​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​រៀងៗ​ខ្លួន ទោះ​មិនទាន់បាន​ច្រើន​ឬ​បាន​ទាំងស្រុង តែ​ប្រទេស​ទាំងពីរ​បាននិងកំពុង​ព្យាយាម​។ យើង​ក៏​រំពឹង​ដែរថា​នឹងមាន​លទ្ធផល​វិជ្ជ​មាន​កើតឡើង​ជា​បន្ដបន្ទាប់​៕

ព័ត៌មានផ្សេងទៀត