របាយការណ៍​គ្រោះ​ថ្នាក់​លើ​សម្តេច​ក្រុមព្រះ​៖ គណបក្ស​នឹង​បញ្ជូន​មេធាវី​ទៅ​សិក្សា​បន្ថែម​

23-06-2018 5:33 pm 828
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​បញ្ចប់​ពិធី​បុណ្យខួប​គម្រប់​៧​ថ្ងៃ សព​អ្នក​ម្នាង​អ៊ុក ផល្លា នៅ​ថ្ងៃ​ទី​២៣ មិថុនា​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​រៀបចំ​សន្និសីទ​សារព័ត៌មាន ស្តីពី​ស្ថានភាព​ទូទៅ​របស់​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ លោក​យូ ហុកគ្រី អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​លើកឡើង​ថា គណបក្ស​នឹង​រៀបចំ​បញ្ជូន​មេធាវី ទៅ​សិក្សា​បន្ថែម លើ​របាយការណ៍​បឋម របស់​សមត្ថកិច្ច អំពី​ស្ថានភាព​គ្រោះថ្នាក់​ច​រា​រណ៍ លើ​សម្តេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស ដែល​បាន​បណ្តាល​ឲ្យ អ្នក​ម្នាង អ៊ុក ផល្លា រណឫទ្ធិ ទទួលមរណភាព​។​

សំឡេង​

​មន្ត្រីជាន់ខ្ពស់​គណបក្ស​រូបនេះ បានបញ្ជាក់​ថា មិនមែន​គណបក្ស​មិន​ទទួលយក​របាយការណ៍​របស់​សមត្ថកិច្ច​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​គណបក្ស គ្រាន់តែ​ឮ គេ​និយាយ និង​មិន​ឃើញ​ផ្ទាល់​ភ្នែក ហើយ​មិនមែន​គណបក្ស​ទាត់ចោល​នូវ​លទ្ធផល នៃ​របាយការណ៍​របស់​សមត្ថកិច្ច​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​គណបក្ស​មិនទាន់​បាន​ចូលរួម​សង្កេត​។ ដោយឡែក ចំពោះ ការដាក់​ពាក្យបណ្តឹង គឺ​រងចាំ​ការសម្រេច​ព្រះទ័យ​ពី​សម្តេច​ក្រុមព្រះ ជាមុនសិន​។​

សំឡេង​

​យ៉ាងណាក៏ដោយ បើ​តាម​លោក​យូ ហុកគ្រី គ្រោះ​ថ្នាក់​លើ​សម្តេច​ក្រម​ព្រះ​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​របស់​គណបក្ស សម្រាប់​ការបោះឆ្នោត​នាពេល​ខាងមុខ​ឡើយ ប៉ះពាល់​ដល់​ទឹកចិត្ត​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​ហ៊ុនស៊ិនប៉ិច​ដែរ ជំនួស​មកវិញ គ្រោះថ្នាក់​នេះ​បាន​ទាញ​សមានចិត្ត និង​ការអាណិតអាសូរ ពី​សំណាក់​ប្រជាពលរដ្ឋ មក​លើ​សម្តេច​ក្រុមព្រះ និង​គណបក្ស​ហ៊ុនស៊ិនប៉ិច​។​

​សំឡេង​

​សូមបញ្ជាក់​ថា ការលើកឡើង​ពី​អនុប្រធាន​គណបក្ស​រាជានិយម​ខាងលើនេះ ធ្វើឡើង បន្ទាប់ពី​លោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នគរបាល​បាល​ជាតិ ទទួលបន្ទុក​ការងារ​ចរាច​រណ៍ បានបង្ហាញ​របាយការណ៍ ដោយ​បញ្ជាក់​ថា ករណី​រថយន្ត​តាក់ស៊ី បុក​ព្រះទីនាំង​សម្ដេចក្រុមព្រះ នរោត្តម រណ​ឬ​ទ្ធិ នៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាល​ពី​អាទិត្យ​កន្លងទៅ គឺជា​គ្រោះថ្នាក់​ចរាចរណ៍​សុទ្ធសាធ​។​

​របាយការណ៍ បន្តថា ករណីនេះ កើតឡើង​ដោយសារ​ភាគី​ម្ខាង​ទៀត បើកបរ​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ផ្ទុក​មនុស្ស​លើ​ចំណុះ និង​មាន​ល្បឿន​ហួសកំណត់ ហើយ​ករណី​នេះ​ទៀតសោត មិន​មាន​ជា​ឃាតកម្ម ដូច​ពាក្យ​ចចាមអារ៉ាម នៅលើ​បណ្តាញ​សង្គម Facebook ឡើយ​។​

​គួរ​រំលឹក​ផងដែរ​ថា សម្ដេចក្រុមព្រះ នរោត្ដម រណ​ឬ​ទ្ធិ ព្រះប្រធាន​គណបក្ស ហ្វ៊ុន ស៊ិនប៉ិច បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ចំណារ ស្រុក​ព្រៃនប់ ខេត្ដ​ព្រះសីហនុ ចំណុច​គីឡូម៉ែត្រ​លេខ​២០០-២០១ បណ្ដាល​ឲ្យ​ព្រះអង្គ​រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ដ នៅ​ឯ​ប្រទេស​ថៃ​។ ចំណែក​អ្នក​ម្នាង អ៊ុក ផល្លា បាន​ទទួលមរណៈភាព ក្រោយពេល​បញ្ជូន​ដល់​មន្ទី​ពេទ្យ នៅ​ខេត្ត​ព្រះសីហនុ ដោយសារតែ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​៕

ព័ត៌មានផ្សេងទៀត