លោក​មាស នី សាទរ​វិធានការ​បញ្ចុះ​ថ្លៃ​សាំង​របស់​រដ្ឋាភិបាល ប៉ុន្តែ​ថា​ធ្វើ​មិន​ចំពេល​

22-06-2018 5:29 pm 1292
  ស្តាប់
ស្តាប់ជាសំឡេង

​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាពលរដ្ឋ ចំណាយ​លើ​ការប្រើប្រាស់​ប្រេងឥន្ធនៈ រដ្ឋាភិបាល​បាន​សម្រេច​ដាក់ចេញ​នូវ​វិធានការ​ថ្មី​មួយ ក្នុង​ការកំណត់ និង​បញ្ចុះតម្លៃ​ពន្ធ​ជា​ថ្មី លើ​ការ​នាំចូល​ប្រេងឥន្ធនៈ ដែល​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ជាង​៣០​លាន​ដុល្លារ ក្នុង​១​ឆ្នាំ ដើម្បី​រក្សា​តម្លៃ​ប្រេង​នៅក្នុង​ស្រុក ខណៈ​កំពុង​ឡើងថ្លៃ​លើ​ទីផ្សារ​អន្តរជាតិ​។ វិធានការ​នេះ នឹង​ជួយ​សម្រួល​ក្នុងការ​បញ្ចុះ​តម្លៃ​ប្រេង បាន​ចំនួន​២​សេន ក្នុង​១​លីត្រ ពី​លើ​តម្លៃ​ប្រេងឥន្ធនៈ​ធម្មតា​។ 

​នេះ​ជា​ប្រសាសន៍​លើក​ឡើង របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នា​ថ្ងៃ​ទី​២២ ខែ​មិថុនា​នេះ​។​

​វិធានការ​រដ្ឋាភិបាល​នោះ គឺ​ទី​១. កំណត់​មូលដ្ឋាន​នៃ​ការគិត​ពន្ធ​ប្រេង ដោយ​ធៀប​ទៅ​នឹង​តម្លៃ​ទីផ្សារ​អន្តរជាតិ និង​ទី​២. បញ្ចុះ​អាត្រា​អាករ​ពិសេស​ចំពោះ​ប្រេងសាំង​ពី ៣៥% មក ១៥% ប្រេងម៉ាស៊ូត​ពី ១៥% មក ៥.៥% និង​ប្រេងកាត​ពី ១៥% មក ១០%​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​បន្ត​ថា ជាមួយគ្នានេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ​ធំៗ នៅ​កម្ពុជា មួយចំនួន ក៏បាន​សម្រេច​បញ្ចុះតម្លៃ​២​សេន​បន្ថែម​ទៀត​ផងដែរ លើ​តម្លៃ​ប្រេង​ដែល​បានកំណត់​រួច​។ ដូច្នេះ​តម្លៃ​ប្រេង​ក្នុង​១​លីត្រ នឹង​ត្រូវ​បញ្ចុះ​បន្ថែម​ចំនួន​៤​សេន ឬ​ស្មើ​ប្រមាណ​១៦០​រៀល​។ ជា​ឧទាហរណ៍​ប្រសិនបើ​តម្លៃ​ប្រេង​កំណត់​រួច​ថ្លៃ​៤០០០​រៀល គឺ​នៅសល់​តែ​៣៨៤០​រៀល​ប៉ុណ្ណោះ​។​
​វិធានការ​លើ​បញ្ហា​ប្រេងឥន្ធនៈ​នេះ នឹង​ចាប់ផ្តើម​អនុវត្ត​ពី​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​នេះ​តទៅ​។​

សំឡេង​

​លោក មាស នី អ្នកវិភាគ​សង្គម និង​តាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សាទរ​ចំពោះ វិធានការ​របស់​រដ្ឋាភិបាល ជុំវិញ​ការ​បញ្ចុះតម្លៃ​ប្រេងឥន្ធនៈ ប៉ុន្តែ​លោក​ថា វិធានការ​នេះ ធ្វើ​ឡើង​មិន​ចំ​ពេល​វេលា​។ ត្រង់​ចំណុច​នេះ លោក​មាស នី ចង់​បញ្ជាក់​ថា ឲ្យតែ​កៀក​ដល់​ថ្ងៃ​បោះឆ្នោត រដ្ឋាភិបាល ឬ​អ្នក​នយោបាយ តែងតែ​អនុគ្រោះ​លើ​បញ្ហា​នេះ បញ្ហា​នោះ ដើម្បី​ទទួលបាន​ប្រជាប្រិយភាព​។​

សំឡេង

​លោក​មាស នី បាន​បន្តថា លោក​ចង់​ឃើញ​រដ្ឋាភិបាល មាន​លំនឹង​នយោបាយ និង​វិធានការ​ច្បាស់លាស់​ក្នុង​អាណត្តិ​របស់​ខ្លួន មិនមែន​ជិត​បោះឆ្នោត​ទើប​អនុវត្ត​នោះ​ទេ​...៖

សំឡេង

​យ៉ាងណាក៏ដោយ ក្រោយ​ការប្រកាស​ផ្តល់​នូវ​វិធានការ​ខាងលើនេះ ប្រជាពលរដ្ឋ​ជាច្រើន​បាន​សម្តែង​ការពេញចិត្ត និង​សាទរ​យ៉ាង​ខ្លាំង​។ បញ្ហា​តម្លៃ​ប្រេង​សាំង​ឡើងថ្លៃ ជា​រឿង​ដែល​ប្រជាពលរដ្ឋ ខ្វាយខ្វល់ និង​ព្រួយបារម្ភ ព្រោះ​ដោយសារ​តែ​ត្រូវ​ចំណាយ​ថវិកា​ជាច្រើន​។ 

​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រេងឥន្ធនៈ​ដែរ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្ហើប​ថា រយៈពេល​៥​ខែ ឆ្នាំ​២០១៨ អំឡុង​ពេល​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ប្រមាណ​ជិត​៨៣​លាន​ដុល្លារ ជា​ការឧបត្ថម្ភ​ទុន​ដោយ​ស្ងាត់ស្ងៀម ដើម្បី​ទប់​តម្លៃ​ប្រេង​កុំ​ឲ្យ​ឡើង​ខ្ពស់ និង​ដើម្បី​សម្រួល​ដល់​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។​

សំឡេង

​សូមបញ្ជាក់​ថា ក្រសួង​ពាណិជ្ជកម្ម បាន​កំណត់​តម្លៃ​ប្រេង ត្រូវ​លក់​ចាប់ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃ​ទី​០១ កក្កដា គឺ​សាំង​ធម្មតា ត្រូវ​លក់​មិនឲ្យ​លើស​ពី ៤,១៥០​រៀល ក្នុង​១​លីត្រ និង​ម៉ា​ស៊ូ​ត​ត្រូវ​លក់​មិនឲ្យ​លើស​ពី​៣,៩៥០​រៀល ក្នុង​១​លីត្រ​៕ 

ព័ត៌មានផ្សេងទៀត