អ្នក​នយោបាយ​​កំពុង​​បង្ក​​សម្ពាធ​​លើ​ពលរដ្ឋ​​ ជុំវិញ​ការ​ចូល​រឺ​មិន​​ចូលរួ​ម​​បោះឆ្នោត​​

22-06-2018 2:33 pm 1488
  ស្តាប់
ពលរដ្ឋទៅបោះឆ្នោត
ស្តាប់ជាសំឡេង

​នៅសល់តែ​រយៈពេល​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោតជាតិ​ជ្រើសរើស​តំណាងរាស្ត្រ​រើស​មេដឹកនាំ​ប្រទេសជាតិ​សម្រាប់ អាណត្តិ​ទី​៦ នឹង​បន្ត​ប្រព្រឹត្ត​ធ្វើឡើង​។​តែ​យ៉ាងណា​មុន​ការបោះឆ្នោត គេ​ឃើញ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​យុទ្ធនាការ តាម​បណ្តាញ​សង្គម និង​ចុះ​តាម​មូលដ្ឋាន ដើម្បី​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត ខណៈដែល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បើក​យុទ្ធនាការ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើពហិការ​កុំទៅ​បោះឆ្នោត​។ បរិយាកាស​នយោបាយ​បែបនេះ ត្រូវបាន​គេ​មើលឃើញថា កំពុង​ក្លាយជា​សម្ពាធ​ផ្លូវចិត្ត​ដល់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។ សូម​ស្តាប់​បទ​វិភាគ​ដោយ គួន សំបូរ​

​នៅតែ​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នឹង​ចូល​មកដល់​។ បរិយាកាស​មុន​ការបោះឆ្នោត​នៅ​អាណត្តិ​នេះ មិន​ខុសពី​អាណត្តិ​មុនៗ​ទេ ដោយ​អ្នកនយោបាយ​ខ្មែរ ប្រើ​យុទ្ធសាស្ត្រ​នយោបាយ​គ្រប់​រូបភាព ដើម្បី​ទទួលបាន​ប្រជាប្រិយភាព និង ទទួលបាន​ការគាំទ្រ ពី​សំណាក់​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត​។​

​ថ្វីបើ​នៅ​អាណត្តិ​ទី​៦ អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ជា​ភាព​វិជ្ជមាន​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​មិនមែន​មានន័យថា គណបក្ស​មួយ​នេះ​អាច​រីករាយ ដោយ​គ្មាន​ក្តីព្រួយបារម្ភ​ទេ​។ ចង់​មិន​ចង់​ខ្មោច​ដែល​ស្លាប់​ទៅហើយ ត្បិត​មិនអាច​រស់​ឡើងវិញ ដូចជា​អ្វីដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បានលើកឡើង ប៉ុន្តែ​ការ​តាម​លងបន្លាច ក៏​ជា​អ្វីដែល​ធ្វើ​ឲ្យុ គណបក្សកាន់អំណាច ត្រូវ​ឈឺក្បាល​ផងដែរ​។ ឈឺក្បាល​នឹង​ការអំពាវនាវ​ម្តង​ហើយ​ម្តងទៀត កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ឈឺក្បាល​នឹង​អ្នកគាំទ្រ ប្រកា​ល​មិន​ចេញទៅ​បោះឆ្នោត ផ្ទុយ​ពី​ការចង់បាន​របស់​គណ​បក្ស​ប្រជាជន​។​

​ក្នុង​បរិយាកាស​នយោបាយ​បែបនេះហើយ ទើប​ស្ទើរ​រាល់ថ្ងៃ លោក​ហ៊ុន សែន តែង​យក វេទិកា​ជួប​ជាមួយ​កម្មករ និង កម្មវិធី​ផ្សេងៗ​ទៀត អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែ ទៅ​បោះឆ្នោត​។​ជាមួយគ្នានេះ​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​តាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយបាន​គៀងគរ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចេញទៅ​បោះឆ្នោត ក្រោមរូបភាព ការផ្លាស់ប្តូរ​ស៊ុម (Profile) រូបថត​របស់ខ្លួន​ម្នាក់ៗ នៅលើ​គណនី​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន​។​

​ជា​ការពិត ការ​ប្រទាញប្រទង់​ផ្នែក​នយោបាយ តិច​រឺ​ច្រើន បានធ្វើឲ្យ​ពលរដ្ឋ​ខ្លះ រង​សម្ពាធ​ផ្លូវចិត្ត ក្នុង​ការសម្រេចចិត្ត​ចូល ឬ​មិន​ចូលរួម ការបោះឆ្នោត នីតិកាល​ទី​៦​នេះ​។

​ខុសពី​អាណត្តិ​មុនៗ​ពលរដ្ឋ​មួយចំនួន​យល់ថា ទៅ​បោះឆ្នោតរឺ​មិន​ទៅ​បោះឆ្នោត គ្មាន​អ្នកណា រឺ​ក្រុម​ណា​ចោទប្រកាន់ និង​ត្រូវ​ចាប់អារម្មណ៍​ឡើយ​។ ប៉ុន្តែ​នៅ​អាណត្តិ​នេះ អ្នកនយោបាយ អ្នកគាំទ្រ​នយោបាយ ហាក់​ផ្តោតជាសំខាន់ លើ​ឆន្ទះ​របស់​បុគ្គល​ម្នាក់ៗ ក្នុង​ការចូលរួម​បោះឆ្នោត រឺ​មិន​ចូលរួម​។ ពួកគាត់​ចង់​សំដៅថា នៅ​ថ្ងៃ​បោះឆ្នោត ប្រសិន​ម្រាមដៃ​មិន​ប្រលាក់​ខ្មៅ ប្រាកដជា​ត្រូវ​ក្រុម​មួយ ចោទប្រកាន់ថា ជា​អ្នកគាំទ្រ​គណបក្សប្រឆាំង ដោយឡែក​អ្នកមាន​ម្រាមដៃ​ប្រឡាក់​វិញ ច្បាស់​ជា​ត្រូវគេ​សម្គាល់ថា ជា​អ្នកគាំទ្រ​រដ្ឋាភិបាល​។

​ត្រូវ​យល់ថា បញ្ហា​នេះ​មិន​ជះឥទ្ធិពល​ទេ ដល់​ពលរដ្ឋ​ដែលជា​អ្នកគាំទ្រ គណបក្ស ស្មោះស្មគ្រ័ ហ៊ាន​បង្ហាញ​ឆន្ទះ ជា​សាធារណៈ គាំទ្រ​គណបក្ស​ដែល​ខ្លួន​ស្រលាញ់​។ ប៉ុន្តែ​ការកំណត់​សម្គាល់​តាមរយៈ​ការចូលរួម​រឺ​មិន​ចូលរួម​បោះឆ្នោត​នឹង​ជា​សម្ពាធ​មួយ​ដល់ ប្រជាពលរដ្ឋ​មួយក្រុម​ផ្សេងទៀត ដែល​ជាទូទៅ មិន​ចូលចិត្ត​បង្ហាញ​សកម្មភាព រឺ​ឲ្យគេ​ដឹង​ថាខ្លួន មាន​ទំនោរ​លើ​គណបក្ស​ណាមួយ​។ ពលរដ្ឋ​មួយក្រុម​នេះ​កន្លងមក ច្រើនតែ​កត់សម្គាល់​ក្នុង​ចិត្ត តែ​កំររ​បង្ហាញ​ឲ្យដឹងពី​ទំនោរ​នយោបាយ​របស់ខ្លួ​ន ទៅ​អ្នក​ដ៏​ទៃ ក្រោម​ហេតុផល​ផ្សេងៗ ក្នុងនោះ​ក៏​ពាក់​ពន្ធ័​នឹង​ការរើសអើង​នយោបាយ​ផងដែរ​។​

​បើតាម​អ្នកជំនាញ ការបោះឆ្នោត​តាមបែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស គឺ​ប្រជាពលរដ្ឋ​មាន សិទ្ធិ សេរីភាព ក្នុង​ការជ្រើសរើស គណបក្សនយោបាយ​ណា​ដែល​ខ្លួន​ពេញចិត្ត ស្របតាម​ឆន្ទៈ​របស់​ពួកគេ​។ ដូច្នេះ​កាលណា​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត ទទួលរង​សម្ពាធ​ផ្លូវចិត្ត ពី​អ្នកនយោបាយ នោះ​ឆន្ទៈ​របស់​ពួកគេ​អាច​នឹងត្រូវ​ជាន់ពន្លិច​។​

​បើ​យោងទៅតាម​ច្បាប់​របស់​កម្ពុជា​សព្វថ្ងៃ ពលរដ្ឋ​ទៅ​បោះឆ្នោត ឬ​មិនបាន​ទៅ​បោះឆ្នោតឱ្យ​គណបក្សនយោបាយ​ណាមួយ វា​ជា សិទ្ធិ និង​ឆន្ទៈ​ស្ម័គ្រចិត្ត ដោយ​អត់​មាន​បង្ខំ និង ចែង​ពី​ទោសទណ្ឌ​ចំពោះ​អ្នក​មិន​ទៅ​បោះឆ្នោត​ទេ​។​ការ​ទៅ​បោះឆ្នោត ឬ មិនបាន​ទៅ​បោះឆ្នោត​វា​ជា «​សេរីភាព​» របស់​ពលរដ្ឋ មិនមែនជា​«​កាតព្វកិច្ច​»​ដែល​តម្រូវ​ត្រូវតែទៅ​នោះទេ​។​

​យោងតាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា បានចែង​ក្នុង មាត្រា​៣៤​ថ្មី​ថា ពលរដ្ឋ​ទាំង ២ ភេទ​មាន​សិទ្ធិ​បោះឆ្នោត និង​អាច​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​។ មាត្រា​នេះ​ក៏​ចែង​ដែរថា ពលរដ្ឋ​ទាំង ២ ភេទ​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំមាន​សិទ្ធិ​បោះឆ្នោត​។ ចំណែក មាត្រា​៧៦​នៃ​រដ្ឋធម្មនុញ្ញ បានចែង​បន្ថែមទៀតថា តំណាងរាស្ត្រ​ត្រូវ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត​ជា​សកល ដោយ​សេរី ដោយ​ស្មើភាព ដោយ​ចំពោះ​និង តាម​វិធី​ជ្រើសរើស​ឆ្នោត​ជាសម្ងាត់​។​

​ដូច​ជម្រាប​កាលពី​អត្ថបទ​មុនៗ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា អាច​ទំនង​យល់ឃើញថា​ទោះបីជា​ក្រុម​បក្សប្រឆាំង អវត្តមាន​ក្នុង​ការប្រកួត  ក៏​គណបក្ស​ខ្លួន​ត្រូវ​ប្រឈមមុខ​ជាមួយ​ប្រជាពលរដ្ឋ ជាពិសេស អ្នកគាំទ្រ​បក្សប្រឆាំង​ជិត​៣​លាន​នាក់​។ ព្រោះថា ប្រសិនបើ​ពលរដ្ឋ ពហិការ​មិន​ទៅ​បោះឆ្នោត មាន​ចំនួន​ច្រើនជាង​ភាគរយ នៃ​ចំនួន​អ្នក​ទៅ​បោះឆ្នោត ខុសពី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ ដែល​អ្នក​ទៅ​បោះឆ្នោត មាន​ជាង​៨០​ភាគរយ​។ ការធ្លាក់​ចំនួន​ភាគរ​យ​នេះ នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាប្រិយភាព គណបក្ស​ប្រជាជន ទោះ​លទ្ធផល​ឆ្នោត ត្រូវបាន​ទទួលស្គាល់​ដោយ គ​.​ជ​.​ប ក្តី​។​

​ចំណែក​ក្រុមប្រឆាំង ដើម្បី​រើ​បំរាស់ គឺ​ត្រូវ​បំបាក់មុខ​គណបក្សកាន់អំណាច ដោយ​ព្យាយាម អំពាវនាវ​ម្តង​ហើយ​ម្តងទៀត​កុំឱ្យ​ប្រជាពលរដ្ឋ​ចេញទៅ​បោះឆ្នោត ត្បិត​អី​គណបក្ស​របស់ខ្លួន​មិនបាន​ចូលរួម​ប្រកួត និង ព្យាយាម​ធ្វើឱ្យ​ការបោះឆ្នោត អាណត្តិ​ទី​៦​នេះ រង​ការរិះគន់​ពី​មជ្ឈដ្ឋាន​អន្តរជាតិ​។

​តែ​យ៉ាងណាក៏ដោយ យុទ្ធសាស្ត្រ​របស់​អ្នកនយោបាយ​ពេលនេះ មិន​ផ្តល់​ផលចំណេញ​អ្វី​ដល់​កម្ពុជា​ទេ​។ ផ្ទុយទៅវិញ​វា​គ្រាន់​ជា​ជម្លោះផ្ទៃក្នុង​ខ្មែរ​ខ្លួនឯង និង ធ្វើឱ្យប៉ះពាល់​ដល់​កេត្តិយស​ប្រទេសជា​តិប៉ុណ្ណោះ​។ ជា​ដំណោះស្រាយ អ្នកនយោបាយ គួរតែ​បញ្ចប់​ការប្រើ​យុទ្ធសាស្ត្រ ដើម្បី​ដាក់​សម្ពាធ​ក្រោម​រួប​ភាព​ផ្សេងៗ​មកលើ​ប្រជាពលរដ្ឋ និង ទុកឱ្យ​ស្ថានការណ៍​ធ្វើដំណើរ​ទៅមុខ តាម​ពាក្យចាស់​ថា «​រុញ​ទូក​បណ្តោយ​ទឹក​»​។​

​រុញ​ទូក​បណ្តោយ​ទឹក ចង់​មានន័យថា ទុកឱ្យ​ប្រជាពលរដ្ឋ ជា​អ្នកសម្រេចចិត្ត​ដោយ សិទ្ធិ និង​តាម​ឆន្ទៈ​ខ្លួនឯង គ្មាន​ការរារាំង និង គំរាម​គំហែង​ណាមួយ​។ ព្រោះថា បើទោះបីជា អ្នកនយោបាយ​ទទួលបាន​ជោគជ័យ​ក្នុង​យុទ្ធសាស្ត្រ​របស់ខ្លួន​ក្តី ក៏​លទ្ធផល​នឹង​ត្រូវបាន​កត់​ទុក​ក្នុង​ប្រវត្តិ សាស្ត្រ នៃ​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​ក្មេងជំនាន់ក្រោយ​នឹងធ្វើ​ការវាយតម្លៃ ក្រោយ​ខ្លួន​អស់​ឥទ្ធិពល​ទៅវិញ​។​

​រីឯ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លួនឯង ក៏​គួរតែ​ប្រើ​សិទ្ធិ​របស់ខ្លួន​ឱ្យ​ត្រឹមត្រូវ ស្របតាម អ្វីដែល​ប្រទេសជាតិ​ចង់បាន​។ គួរ​ជៀសវាង ការជ្រើសរើស​បក្សនយោបាយ ដោយ​គ្រាន់តែ​មើល​ពី​សំបក​ក្រៅ និង ជឿ​តាម​ការឃោសនា​ផ្សេងៗ​។ ការគាំទ្រ​ដ៏​ត្រឹមត្រូវ គឺ​ការ​ពិនិយ្យមើល ឱ្យបាន​ស៊ីជម្រៅ​នូវ​គោលនយោបាយ និង ឥរិយាបថ​នៃ​ការ​ថ្លែង​សារ​របស់​បក្សនយោបាយ​។ នេះ​គ្រាន់តែ​ជា​ចំណុច​តូច​មួយ ប៉ុន្តែ​ប្រសិនបើ​ពលរដ្ឋ​អាច​ធ្វើបាន អាច​នឹង​រួច​ផុតពី សម្ពាធ​របស់​អ្នកនយោបាយ ហើយ​ក្លាយជា​ពលរដ្ឋ​ល្អ​មួយ​ក្នុង​ការជួយ​សង្គម​៕

ព័ត៌មានផ្សេងទៀត