ច្បាប់​ថ្មី​សម្រាប់​កាត់បន្ថយ​សមាជិក​គណៈ​រដ្ឋមន្ត្រី​ត្រូវ​បាន​អនុម័ត​

16-06-2018 11:22 am 2178
  ស្តាប់
ស្តាប់ជាសំឡេង

​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​គណៈរដ្ឋមន្ត្រី​សម្រាប់​អាណត្តិ​ទី​៦ ដែលមាន​ខ្លឹមសារ​សំខាន់ បង្រួម ឬ​កាត់​បន្ថយ​សមាជិក​គណៈ​រដ្ឋមន្ត្រី ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​អនុម័ត​ហើយ ក្រោយពី​មាន​ការរិះគន់​ថា សមាជិក​រដ្ឋាភិបាល ឬ​គណៈរដ្ឋមន្ត្រី មាន​ចំនួន​ច្រើន​លើសលប់ នា​ពេលកន្លងមក​។ ច្បាប់​ថ្មី​នេះ នឹង​បើកផ្លូវ​ឱ្យ​នាយក​រដ្ឋមន្ត្រី មាន​សិទ្ធិ​តែងតាំង រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ នៃ​ក្រសួង​នី​មួយៗ ដោយ​មិន​ចាំបាច់​សុំ​ការយល់ព្រម​ពី​រដ្ឋសភា​ជាតិ​ទៀត​ទេ​។ 

​ច្បាប់​ថ្មី ប្រើ​សម្រាប់​កាត់បន្ថយ​នូវ ចំនួន​សមាជិក​រដ្ឋាភិបាល ឬ​សមាជិក​គណៈរដ្ឋមន្ត្រី ដែល​កន្លងមក​ធ្លាប់​មាន​ការរិះគន់​ថា មាន​ចំនួន​ច្រើន​នោះ ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​អនុម័ត​ជា​ឯកច្ឆន្ទ​ហើយ នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១៨​នេះ​។​

​ច្បាប់​ថ្មី​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ជា​ច្បាប់​សម្រាប់ ធានា​ប្រសិទ្ធភាព​ការងារ​របស់​គណៈរដ្ឋមន្ត្រី និង​កំណត់​អំពី​សមាសភាព សមត្ថកិច្ច និង​ការប្រព្រឹត្តទៅ​របស់​គណៈ​រដ្ឋមន្ត្រី ដែល​ជា​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ច្បាប់​ថ្មី​នេះ បានចែង​ថា ចាប់​ពី​អាណត្តិ​ទី​៦ សមាសភាព​នៃ​រាជរដ្ឋាភិបាល​រួមមាន​៖ នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​។ ដោយឡែក រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ មិនមែន​ជា​សមាជិក​រា​ជ​រដ្ឋាភិបាល​ទេ ហើយ​ក៏​មិនមែន​ជា​ភ្នាក់ងារ​រដ្ឋបាល​អចិន្ត្រៃយ៍​ផងដែរ​។​

​កន្លងមក គណៈរដ្ឋមន្ត្រី មាន​សមាសភាព ដូចជា នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ ប៉ុន្តែ​តាមរយៈ​ច្បាប់​ថ្មី​នេះ គឺ​នឹង​ដកចេញ នូវ​តំណែង​រដ្ឋលេខាធិការ​ចោល មានន័យ​ថា រដ្ឋលេខាធិការ លែង​ជា​សមាជិក​រដ្ឋាភិបាល ហើយ​នៅ​គណៈរដ្ឋមន្ត្រី មានតែ​សមាសភាព នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​តែ​ប៉ុណ្ណោះ​។​

​ដោយឡែក សម្រាប់​ការតែងតាំង​មន្ត្រី​ថ្នាក់ រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នេះ នឹង​ធ្វើឡើង​ដោយ​ព្រះរាជក្រឹត្យ តាមរយៈ​សំណើរ​ពី​នាយក​រដ្ឋមន្ត្រី​ដដែល ប៉ុន្តែ​មិន​មាន ការបោះឆ្នោត សុំ​សេចក្តីទុកចិត្ត ពី​រដ្ឋសភា ដូច​កាល​ជា​សមាជិក​រដ្ឋាភិបាល​នោះ​ទេ​។​

​ជុំវិញ​ច្បាប់​ថ្មី​នេះ​ដែរ លោកនាយក​រដ្ឋមន្ត្រី ធ្លាប់​មានប្រសាសន៍​លើកឡើង​ថា «​រដ្ឋធម្មនុញ្ញ​ឆ្នាំ​១៩៩៣ តម្រូវឲ្យ​ថ្នាក់​រដ្ឋលេខាធិការ ក៏​ជា​សមាជិក​រដ្ឋាភិបាល ការពិត​រដ្ឋលេខាធិកា​រ​មិនមែន​ទទួលខុសត្រូវ​ចំពោះ សភា និង​នាយករដ្ឋមន្ដ្រី​ទេ ការដាក់ឲ្យ​ទទួលខុសត្រូវ​ចំពោះ​នាយក​រដ្ឋមន្ដ្រី និង​សភា គឺមាន​តែ​រដ្ឋមន្ដ្រី ជា​ប្រធាន​ស្ថាប័ន ហើយ​ជា​អ​នា​ប័ក​តែប៉ុណ្ណោះ​។ ក៏​ប៉ុន្ដែ​រដ្ឋ​ធម្មនុញ្ញ​ក៏​បាន​ដាក់​បញ្ជាក់ថា នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គឺជា​សមាជិក​រាជរដ្ឋាភិបាល ដូច្នេះ​ពេល​រៀបចំ​រដ្ឋាភិបាល​ម្ដងៗ គេ​ឃើញ​សំពីងសំពោង រាប់រយ​នាក់​ឯណោះ​។ ចឹង​ទេ​បានជា​យើង​ត្រូវតែ​ធ្វើ​ការកែសម្រួល ដោយ​ដកចេញ ដោយ​ទុក​តែ​ថ្នាក់​នាយករដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ជា​សមាជិក​រាជរដ្ឋាភិបាល​»​។​

​សេចក្តីព្រាងច្បាប់​ស្ដីពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ដ្រី ត្រូវបាន​ក្រុមប្រឹក្សា​ធ​មនុញ្ញ បានអនុម័ត​ទាំងស្រុង ដោយ​សំឡេង​០៨​លើ​សមាជិក​ទាំងមូល​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​។​ការសម្រេច​អនុម័ត​នេះ ត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ពន្យល់ថា បានរៀបចំ និង ការប្រព្រឹត្តិទៅ ស្របតាម​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី ត្រូវបាន​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា បានអនុម័ត​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​១១ ឧសភា កន្លងទៅ ដែលមាន​៩​ជំពូក និង​៥៩ មាត្រា​។ សេចក្តីព្រាងច្បាប់​នេះ រៀបចំ​ជា​ថ្មី ជំនួស​ច្បាប់​ស្តី ពី​ការរៀបចំ និង ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ឆ្នាំ​១៩៩៤​។ តាម​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា សេចក្តីព្រាងច្បាប់​នេះ រៀបចំ​ឡើយ​ដោយ​ផ្អែកលើ​មូលដ្ឋាន​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី​ឆ្នាំ​១៩៩៤ ព្រមទាំង​បទពិសោធ និង ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​គណៈរដ្ឋមន្ត្រី​នា​ពេលកន្លងមក​។​

​គួរកត់សម្គាល់​ថា រដ្ឋាភិបាល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ទទួលរង​ការរិះគន់​ជា​យូ​មកហើយ ពី​ការបង្កើត​ឱ្យមាន​នូវ​វប្បធម៌ អតិផរណា​មុខតំណែង នៅតាម​ក្រសួង ឬ ស្ថាប័នរដ្ឋ​នានា ដែល​វា​បាន​ធ្វើឱ្យ​មាន​ការចាយវាយ​ខ្ជះខ្ជាយ​លើ​ថវិកាជាតិ​។ ដូច្នេះ​ការកែ​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​កន្លងមកនេះ នឹង​បើកផ្លូវ​ឱ្យ​នាយក​រដ្ឋមន្ត្រី មាន​សិទ្ធិ​តែងតាំង រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​នៃ​ក្រសួង​នី​មួយៗ ដោយ​មិន​ចាំបាច់​សុំ​ការយល់ព្រម​ពី​រដ្ឋសភា​ជាតិ​ទៀត​ទេ​៕ ដោយៈ​សៅ វិសាល 

ព័ត៌មានផ្សេងទៀត