បុរសម្នាក់ប្រើការឈឺចាប់របស់ខ្លួនច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងលម្អកាយ

16-06-2018 9:04 am 2176
  ស្តាប់
លោក ធឿន ចន្ថា ម្ចាស់សិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងអលង្ការ ក្នុងរោងសិប្បកម្មផ្ទះលោក ស្ថិតនៅក្រោយវត្តព្រែកប្រា ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

សិប្បកម្មតាមផ្ទះលក្ខណៈគ្រួសារមួយកន្លែង ដែលមានទីតាំងស្ថិតនៅជាយក្រុងភ្នំពេញ ខាងក្រោយវត្តព្រែកប្រា កំពុងមមាញឹកច្នៃសំបកគ្រាប់កាំភ្លើង ទៅជាគ្រឿងអលង្ការលម្អខ្លួនដ៏ស្រស់ស្អាត ដែលមានដូចជា ក្រវិល ចិញ្ចៀន កងដៃ បន្តោងខ្សែក ជាដើម ស្របទៅតាមការចង់បានរបស់ភ្ញៀវដែលកុម្ម៉ង់ ។ គ្រឿងអលង្ការដែលច្នៃពីសំបកគ្រាប់កាំភ្លើងទាំងនេះ មានសម្រស់ស្រស់ស្អាតមិនចាញ់ គ្រឿងអលង្ការផលិតចេញពីមាសប៉ុន្មានទេ ។ ដោយសារតែវត្ថុធាតុដើមមាស ប្រាក់ និងប្លាកទីន ចេះតែបន្តឡើងថ្លៃ ពិសេសដោយសារការឈឺចាប់ក្រោយក្លាយខ្លួនជាក្មេងកំព្រា ព្រោះគ្រាប់កាំភ្លើងឆក់យកសុភមង្គលគ្រួសារ លោក ធឿន ចន្ថា ក៏បានផ្តួចផ្តើមបង្កើតនូវសិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើង ទៅជាគ្រឿងអលង្ការ ឈ្មោះ Angkor Bullet Jewellery ឡើង ...

លោកអ្នកអាចនឹងមានអារម្មណ៍ខ្លាចរអា បើសិនជាបានឮ បានដឹង បានឃើញនូវអាវុធជាតិផ្ទុះផ្សេងៗណាមួយ រអាព្រោះថា គ្រឿងទាំងនោះ ត្រូវបានគេយកមកប្រើប្រាស់ដើម្បីសម្លាប់ជីវិតមនុស្សសត្វទាំងពួង ។ ពិតណាស់ គ្រាប់កាំភ្លើងជាវត្ថុតែមួយគត់ ដែលត្រូវបានគេផលិតឡើងក្នុងគោលដៅទប់ទល់ ឬប្រឆាំងនឹងសង្រ្គាម ។ ជាមួយគ្នានេះ មនុស្សជាច្រើន ក៏ត្រូវបានស្លាប់ក្នុងសម័យសង្រ្គាមដោយសារតែគ្រាប់កាំភ្លើង និងគ្រាប់បែកនេះដែរ ។ ជាលទ្ធផល វាបានបន្សល់ទុកនូវជនពិការ ក្មេងកំព្រា និងស្រ្តីមេម៉ាយជាដើម ។

លោក ធឿន ចន្ថា ជាបុរសម្នាក់ ដែលបានក្លាយខ្លួនជាក្មេងកំព្រាក្រោយម្តាយរបស់លោកបានស្លាប់កាលពីអាយុ៤ឆ្នាំ ៤ឆ្នាំក្រោយទៀត គ្រាប់កាំភ្លើងក៏បានឆក់យកជីវិតឪពុកលោក ដែលជាទាហានក្នុងសម័យរដ្ឋកម្ពុជាទៅទៀត ។ តាំងពីពេលនោះមក ជីវិតតែងតោលក៏ចាប់ផ្តើមកើតលើរូបគាត់ ។

ដោយសារតែការឈឺចាប់ ក្រោយក្លាយខ្លួនជាក្មេងកំព្រាដោយសារគ្រាប់កាំភ្លើងឆក់យកនូវសុភមង្គលរបស់ក្រុមគ្រួសារ រួមផ្សំ នឹងជំនាញផ្នែកច្នៃគ្រឿងអលង្ការដែលខ្លួនមានផង បុរសម្នាក់នេះ ក៏បានចាប់យកមុខរបរជាអ្នកកែច្នៃកម្ទេចសំបកគ្រាប់កាំភ្លើង មកធ្វើជាគ្រឿងអលង្ការ ។ គាត់បញ្ជាក់ប្រាប់ខ្ញុំថា គ្រឿងអលង្ការដែលច្នៃចេញពីគ្រាប់កាំភ្លើងនេះ វាគឺជាការរំឭក ដាស់តឿនថា វត្ថុដែលធ្លាប់តែត្រូវបានគេយកមកប្រើប្រាស់ដើម្បីប្រល័យជីវិត គឺត្រូវបានប្រែក្លាយទៅជាវត្ថុអនុស្សាវរីយ៍ សម្រាប់ពាក់លម្អខ្លួន ជូនជាកាដូឱ្យគ្នាទៅវិញទៅមក ជាជាងប្រើប្រាស់សម្រាប់សម្លាប់ជីវិតមនុស្សសត្វ…
សំឡេងលោក ធឿន ចន្ថា ៖

បច្ចុប្បន្នសិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងអលង្ការរបស់លោកចន្ថា បានចាប់ដំណើរការជិត៥ឆ្នាំមកហើយ បន្ទាប់ពីលោកបានលាលែងពីការងារចាស់ នៅស្ថាប័នអង្គការក្រៅរដ្ឋាភិបាលមួយ មកចាប់បើកមុខរបរដោយឯកឯង ដោយមានការជួយជ្រោមជ្រែងពីសំណាក់មិត្តភក្តិ និងអតិថិជនរបស់គាត់…
សំឡេងលោក ធឿន ចន្ថា ៖

យ៉ាងណាក៏ដោយ ក្នុងរយៈពេលនៃការចាប់ផ្តើមដំណើរការសិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើង ទៅជាគ្រឿងអលង្ការរបស់លោក ដែលមានឈ្មោះថា Angkor Bullet Jewellery នេះ ទើបនឹងទទួលបានការគាំទ្រខ្លាំង ក្នុងរយៈកាល៣ឆ្នាំចុងក្រោយប៉ុណ្ណោះ ។ លោកអះអាងប្រាប់ខ្ញុំថា ផលិតផលសិប្បកម្មនេះ ដំបូងឡើយ បានធ្វើឱ្យអតិថិជនរបស់គាត់ភ្ញាក់ផ្អើលខ្លាំង ភ្ញាក់ផ្អើលព្រោះថា លោកបានជ្រើសរើសយកសំណល់វត្ថុដែលគេប្រើប្រាស់ដើម្បីប្រល័យជីវិតមនុស្សសត្វ មកធ្វើជាគ្រឿងលម្អខ្លួន ដែលវាហាក់បីដូចជាបង្ហាញលើគោកថា លោកកំពុងតែគាំទ្រឱ្យមានការប្រើប្រាស់អាវុធទាំងឡាយ ។ ក៏ប៉ុន្តែ ក្រោយពីលោកបង្ហាញគោលបំណងនៃការផលិត ពួកគេក៏ចាប់ផ្តើមគាំទ្រ និងរឹតតែជួយជ្រោមជ្រែងបន្ថែមទៀត …
សំឡេងលោក ធឿន ចន្ថា ៖

ម្ចាស់សិប្បកម្មរូបនេះបានបញ្ជាក់ប្រាប់ខ្ញុំថា ភ្ញៀវបរទេសដែលមានការភ្ញាក់ផ្អើលខ្លាំងជាងគេ គឺជាជនជាតិជប៉ុន ក៏ព្រោះដោយសារតែជប៉ុន ធ្លាប់បានឆ្លងកាត់នូវសង្រ្គាមលោក ដែលបានធ្វើឱ្យប្រជាជនរបស់ពួកគេខ្លាចរអាទៅនឹងសង្រ្គាម ជាពិសេសទៅនឹងគ្រឿងអាវុធផ្សេងៗ ។ ផ្ទុយទៅវិញ ដោយសារតែហេតុនេះហើយ សិប្បកម្មរបស់លោកក៏បែរជាទទួលបានការគាំទ្រច្រើនពីសំណាក់ភ្ញៀវជប៉ុននេះដែរ ។

បច្ចុប្បន្ន សិប្បកម្មច្នៃសំបកគ្រាប់កាំភ្លើងទៅជាគ្រឿងអលង្ការរបស់លោក ត្រូវបានទទួលការគាំទ្រ លើកទឹកចិត្ត និងជួយជ្រោមជ្រែង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ រហូតពេលខ្លះ ពួកគេដើរតួជំនួសលោក ពន្យល់ពីគោលគំនិតនៃការផលិតគ្រឿងអលង្ការទៅភ្ញៀវដទៃទៀតផង…
សំឡេងលោក ធឿន ចន្ថា ៖

បុរសវ័យ៣៨ឆ្នាំរូបនេះ មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ។ មុនឆ្នាំ១៩៩៣ ជីតារបស់លោក បានបញ្ជូនលោកចន្ថាឱ្យទៅរស់នៅ រៀនសូត្រជាមួយអង្គការមួយនៅឯស្រុកកំណើត ។ គ្រានោះ លោកក៏បាន ចាប់យកជំនាញច្នៃគ្រឿងអលង្ការ ដោយសារតែក្តីស្រឡាញ់ ។ នៅឆ្នាំ១៩៩៦ អង្គការនោះ ក៏បានបញ្ជូនលោក មកធ្វើការជាមួយអង្គការដៃគូមួយនៅទីក្រុងភ្នំពេញ គ្រានោះ អង្គការនោះមានតែសិប្បកម្មច្នៃគ្រឿងអលង្ការពីប្រាក់ មាស ឬប្លាកទីន តែប៉ុណ្នោះ ។

លោកបានរំឭកប្រាប់ខ្ញុំថា គោលគំនិតច្នៃគ្រាប់កាំភ្លើងនេះ ដំបូងឡើយក៏កើតឡើងដោយសារតែលោកមើលឃើញថា វត្ថុធាតុដើមមាន មាស ប្រាក់ ឬប្លាកទីន ចេះតែបន្តឡើងថ្លៃ ដូច្នេះ លោកក៏ជ្រើសរើសយកសំបកគ្រាប់កាំភ្លើង ទាំងធំ ទាំងតូច មកច្នៃ ដើម្បីកាត់បន្ថយការចំណាយទិញវត្ថុធាតុដើមផង និងអាចលក់ក្នុងតម្លៃសមរម្យល្មមអាចឱ្យភ្ញៀវទិញបាន…
សំឡេងលោក ធឿន ចន្ថា ៖

ជាកត្តាប្រឈមខ្លាំងបំផុតសម្រាប់សិប្បកម្មរបស់លោកកាលពីពេលចាប់ផ្តើម គឺប្រឈមចំពោះទីផ្សារ ក៏ព្រោះលោកមានជំនាញតែខាងផលិតគ្រឿងអលង្ការប៉ុណ្ណោះ ។ តែក្រោយពីមានមិត្តភក្តិទាំងជាតិ និងអន្តរជាតិបានជួយជ្រោមជ្រែង ជួយគាំទ្រ ទាំងផ្នែកទីផ្សារ និងសម្ភារៈផលិត លោកក៏បានដំណើរការដើរដល់បច្ចុប្បន្ន ។

ទៅថ្ងៃខាងមុខ ម្ចាស់សិប្បកម្មរូបនេះ មានមហិច្ឆតាចង់ពង្រីកអាជីវកម្មនេះទៅកាន់បរទេស តាមរយៈការតាំងពិព័រណ៍ ដើម្បីផ្សព្វផ្សាយនូវគោលគំនិតនៃការផលិត និងជំរុញឱ្យមានការផ្លាស់ប្តូរផ្នត់គំនិតនៃអ្នកប្រើប្រាស់ ឬអ្នកផលិតគ្រឿងអាវុធ…
សំឡេងលោក ធឿន ចន្ថា ៖

ព័ត៌មានផ្សេងទៀត