អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច បន្ត​ពី​បារាំង​

14-06-2018 5:36 pm 676
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ជាតិ​អប្សរា គ្រោង​ជួសជុល​ប្រាសាទមេបុណ្យខាងលិច បន្ត​ពី​បារាំង ដោយ​ភាគី​បារាំង​មាន​ការខ្វះខាត​ផ្នែក​ថវិកា ទើប​អាជ្ញាធរ​អប្សរា ពិភាក្សា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ទទួល​រាប់​រង​ជួសជុល​ឡើងវិញ​។

​ប្រាសាទមេបុណ្យខាងលិច​ត្រូវបាន​អភិរក្ស ជួសជុល និង​ស្តារឡើងវិញ​ដោយ​គម្រោង​សហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​រដ្ឋាភិបាល​បារាំង តាមរយៈ​សាលា​បារាំង​ចុង​បូ​ព៌ា ដែល​ចាប់ផ្តើម​ពី​ឆ្នាំ​២០១២​មក និង​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ដោយមាន​កង្វះខាត​ផ្នែក​ថវិកា និង​តាមរយៈ​ការពិភាក្សា​យ៉ាង​ហ្មត់ចត់​រវាង​ស្ថាប័ន​ពាក់​ពន្ធ័ គម្រោង​ជួសជុល​នឹង​ត្រូវប្រគល់​មក​អាជ្ញាធរ​ជាតិ​អប្សរា​ជា​អ្នកទទួល​រ៉ាប់រង​ជួសជុល​វិញ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ហង់ ពៅ អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​១៣ មិថុនា​។​

​លោក​ហង់ ពៅ  បាន​ឱ្យដឹងទៀតថា នាពេល​អនាគត​យ៉ាងខ្លី ការដ្ឋាន​ជួសជុល​ប្រាសាទ​មេបុណ្យ ខាងលិច ដែល​ទទួលខុសត្រូវ​ដោយ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋាភិបាល​បារាំង​នឹងត្រូវ​បានបញ្ចប់​ទាំងស្រុង​មុន​កំណត់ ប៉ុន្តែ​ការ ជួសជុល​បន្ត​នឹងត្រូវ​ប្រគល់ជូន​អាជ្ញាធរ​ជាតិ​អប្សរា ទទួលខុសត្រូវ​វិញ​ម្តង​។ ប៉ុន្តែ​លោក ថា បើ​ទោះ​បារាំង​ជា​មិនបាន​គ្រប់គ្រង​ការជួសជុល​ពេញដៃពេញជើង​ដូច​មុន ក៏​ភាគី​បារាំង​នៅតែ​បន្ត​គាំទ្រ និង​ជួយ​ផ្តល់យោបល់​ប្រឹក្សា​បច្ចេកទេស​ដល់​អ្នកជំនាញ​ជាន់ខ្ពស់​ខ្មែរ​គ្រប់ពេល​។ មិនតែប៉ុណ្ណោះ ភាគី​បារាំង​ក៏បានផ្តល់​ព័ត៌មាន​លម្អិត​អំពី​វិធីសាស្ត្រ​នៃ​ការជួសជុល​កន្លងមក​ដល់​អ្នកជំនាញ​ជាតិ​ដើម្បី ចាប់ផ្តើម​ការងារ​បន្ត​។​

​ជា​ការកត់សម្គាល់ តាម​ការពិនិត្យ​ជាក់ស្តែង លទ្ធផល​ជួសជុល​នៅ​ប្រាសាទមេបុណ្យខាងលិច​មា​ន​ដូចជា ជួសជុល​ជញ្ជាំង​ផ្នែក​ខាងកើត​និង​ប៉ម​ចំនួន​២​បាន​រួចរាល់​ហើយ រីឯ​ប៉ែក​ខាងលិច ខាងជើង និង​ខាងត្បូង បានរៀបចំ​ពង្រឹង​គ្រឹះ​ដល់​កាំ​ទី​៥ និង​កាំ​ទី​៦​។ នេះ​បើ​ការអះអាង​របស់លោក​ហង់ ពៅ​។​

​សូម​បញ្ជាក់ដែរថា ប្រាសាទមេបុណ្យខាងលិច​ជា​ប្រាសាទបុរាណ​ខ្មែរ មាន​ទីតាំង​ស្ថិតនៅ​លើដី​ទួល​មួយកន្លែង ចំ​កណ្តាល​បារាយណ៍​ខាងលិច​។ ប្រាសាទ​នេះ​ត្រូវបាន​ស្ថាបនា​ឡើង​នៅ​អំឡុង​ពាក់កណ្តាល​សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​ក្នុង​រាជ​ព្រះបាទ​ឧទយា​ទិត្យ​វរ្ម័នទី​២ ឧទ្ទិស​ចំពោះ​ព្រហ្មញ្ញសាសនា​ដែលមាន​លក្ខណៈ​ប្លែក​ពិសេស ដោយហេតុថា សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្ម​ភក់ ហ៊ុមព័ទ្ធ​ស្រះ​ទឹកធំ​មួយ​ដែល​គេ​ជីក​នៅលើ​ដី​ទួល​នោះ​។ តាមរយៈ​ការធ្វើ​កំណាយ​នៅ​ឆ្នាំ​១៩៣៩ គេ​បាន​រកឃើញ​រូប​បដិមា​ជា​ព្រះ​វិស្ណុ​ក្នុង​ឥរិយាបថ​ផ្ទំ​មួយអង្គ​ដែល​សព្វថ្ងៃ​តម្កល់ទុក​នៅ​សារមន្ទីរ​ជាតិ​ភ្នំពេញ​៕

ព័ត៌មានផ្សេងទៀត