គួរ​រាយការណ៍​ព័ត៌មាន​បែបណា​ដើម្បី​រក្សា​កិត្តិយស​ដល់​ស្ត្រី​ដែល​ត្រូវ​គេ​រំលោភ​?

14-06-2018 5:34 pm 870
  ស្តាប់
ស្តាប់ជាសំឡេង

កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការនារី បាន​ចេញ​សេចក្តីប្រកាស​រួម​គ្នា​ចំនួន​១៥ ប្រការ ស្តីពី ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ សម្រាប់​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី រួម​មាន​អំពើ​ហិង្សា​ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ និង​ផ្នែក​សេដ្ឋកិច្ច​។​

​គោលបំណង​សំខាន់​នៃ​ប្រកាស​រួម​នេះ គឺ​ដើម្បី​ទប់ស្កាត់​ការយក​ករណី​ហិង្សា​លើ​ស្ត្រី ធ្វើ​ជា​ព័ត៌មាន​សម្រាប់​កំសាន្ត​សប្បាយ កំប្លុក​កំប្លែង និង​ដើម្បី​កែប្រែ​ឥរិយាបថ​សង្គម ក្នុង​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី ស្រប​តាម​អនុសញ្ញា​ស្តីពី​ការលុបបំបាត់ រាល់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​នារី​ភេទ ផែនការ​យុទ្ធសាស្ត្រ​នារីរតនៈ​ទី​៤ និង​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការទប់ស្កាត់ អំពើហិង្សា​លើ​ស្ត្រី​២០១៤-២០១៨​។​
​ទាក់ទង​នឹង​ក្រម​ប្រតិបត្តិ​នេះដែរ ក្រសួង​ព័ត៌មាន ក្រសួង​កិច្ចការនារី ក្លិប​អ្នកកាសែត​កម្ពុជា នឹង​អង្គការ Actionaid Cambodia នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា បានរួម​គ្នា​រៀបចំ​សិក្ខាសាលា​មួយ ស្តី​ពី​ការពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សម្រាប់ ការរាយការណ៍​អំពើហិង្សា​លើ​ស្ត្រី​។​

​នៅក្នុង​កម្មវិធី​នេះ​ដែរ លោក​អ៊ុក គឹម​សេង អនុរដ្ឋលេខាធិការ នៃ​ក្រសួង​ព័ត៌មាន​បាន​លើកឡើង​ថា អ្នកសារព័ត៌មាន ត្រូវ​រាយការណ៍​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​ពាក់ព័ន្ធ​ហិង្សា​លើ​ស្ត្រី ជាពិសេស ករណី​រំលោភ​បំពាន​ផ្លូវភេទ ដែល​វា​មាន​ផលវិបាក​ជាច្រើន​ដល់​ជនរងគ្រោះ ដូចនេះ​យើង​មិនចាំបាច់ រាយការណ៍​លំអិត​ពី​ជនរងគ្រោះ​នោះ​ទេ​....

​សំឡេង​លោក​អ៊ុក គឹម​សេង​៖

​មិន​ខុស​គ្នា​នេះ​ដែរ​លោក​ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា ក៏បាន​លើកឡើង​ដែរ​ថា ការរាយការណ៍​ព័ត៌មាន​ទាំងឡាយ ដែល​ទាក់ទង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី ត្រូវ​ចៀសវាង​កុំឲ្យ​សេចក្តីរាយការណ៍​របស់​យើង ធ្វើឲ្យ​ស្ត្រី​ក្លាយជា​ជនរងគ្រោះ​បន្ថែ​មទៀត​។​លោក​បន្តថា លោក​រីករាយ​នូវ​ការកកើត​ក្រម​ប្រតិបត្តិ​នេះ ព្រោះ​វា​ជា​ជំហាន​ដែល​អាច​ជួយ​កែលំអ​សង្គម លើកស្ទួយ​តម្លៃ​ស្ត្រី​ក្នុង​បណ្តាញ​សារព័ត៌មាន និង​ក្រមសីលធម៌​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​...

សំឡេង​លោក​ប៉ែន បូ​ណា​៖

​បើ​តាម​គោលការណ៍​ណែនាំ ស្តី​ពី​ការរាយការណ៍​ព័ត៌មាន​អំពើហិង្សា​លើ​ស្ត្រី​បានបញ្ជាក់​ថា តួនាទី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការរួមចំណែក​ការលុបបំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី គឺ​អ្នកសារព័ត៌មាន​គួរ​បង្ហាញ​ពី​គោលបំណង​រួមចំណែក​លុបបំបាត់​អំពើហិង្សា ។​គួរប្រើ​ភាសា​ដែល​បង្ហាញ​នូវ​ការគោរព​ដល់​ស្ត្រី ដោយ​មិន​ប្រើ​ភាសា​លេប​ខាយ ត្រូវគោរព​ឯកជន​ភាព និង​ចូលរួម​ការសោកស្តាយ​ដល់​ជនរងគ្រោះ​។​មួយវិញទៀត ត្រូវ​បង្ហាញ​នូវ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ដោយ​ទាញ​ការចាប់អារម្មណ៍​ទៅលើ​ជនល្មើស និង​ត្រូវ​ផ្តល់​ព័ត៌មាន​អំពី​សេវា​ឆ្លើយតប​នឹង​អំពើ​ហិង្សា​។​

​សូម​បញ្ជាក់​ដែរ​ថា ប្រការ​ទាំង​១៥ នៃ​ក្រម​ប្រតិបត្តិ​នេះ​សុទ្ធតែ​បាន​បង្ហាញ ដល់​អ្នកសារព័ត៌មាន​ពី​របៀប​នៃ​ការរាយការណ៍​ព័ត៌មាន ដែល​មិន​ប៉ះពាល់​ទៅដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ ថែម​ទាំង​ជម្រុញ​ឲ្យជួយ​ចូលរួម​ផ្តល់​ព័ត៌មាន​ដែល​ជា​ប្រភព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ ដើម្បី​ជា​គុណប្រយោជន៍​សម្រាប់​ការអប់រំ និង​កែប្រែ​ឥរិយាបថ​របស់​សង្គម​ថែមទៀត​ផង​៕

ព័ត៌មានផ្សេងទៀត