មន្ដ្រី​យោធា​​កូរ៉េខាងត្បូង​​និង​កូរ៉េខាងជើង​​ជួបគ្នា​ស្ងាត់ៗ​​ពិភាក្សា​​បញ្ហាសំខាន់ៗ​

14-06-2018 4:47 pm 589
  ស្តាប់
រូបភាព​មន្ដ្រីកូរ៉េទាំងពីរ​ជួបគ្នា​នៅតំបន់​ព្រំដែន
ស្តាប់ជាសំឡេង

​មន្ដ្រី​យោធា​ជាន់ខ្ពស់​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង បាន​ជួប​ពិភាក្សាគ្នា​នៅ​ថ្ងៃទី​១៤​មិថុនា​នេះ ដើម្បី​រក​វិធីសាស្ដ្រ​កាត់បន្ថយ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​។ កិច្ចពិភាក្សា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ កាលពី​ថ្ងៃទី​២៧​មេសា​រវាង​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ផងដែរ​។​

​កិច្ចប្រជុំ​បានចាប់ផ្ដើម​កាលពី​ម៉ោង​ប្រមាណ​១០​ព្រឹក នៅ​ភូមិ​សន្ដិភាព​ប៉ាន់​មុន​ជុម​ជា​ព្រំដែន​កូរ៉េ​ទាំងពីរ​។ កូរ៉េខាងត្បូង​ដឹកនាំ​ដោយ​មន្ដ្រី​នៃ​ក្រសួង​ការពារជាតិ រីឯ​កូរ៉េខាងជើង​ដឹកនាំ​ដោយ​មន្ដ្រី​នៃ​កងទ័ព​ប្រជាជន​កូរ៉េ​។ និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​ទីក្រុង​សេ​អ៊ួ​ល​មុន​កិច្ចប្រជុំ​ចាប់ផ្ដើម មន្ដ្រី​ក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​បានឲ្យដឹងថា លោក​នឹង​ព្យាយាម​ឲ្យអស់​ពី​សមត្ថភាព​ដើម្បី​បើក​សករាជ​ថ្មី​នៃ​សន្ដិភាព​នៅលើ​ឧបទ្វីប​កូរ៉េ​។​

​លទ្ធផល​លម្អិត​យ៉ាងណា​ក្នុង​កិច្ចប្រជុំ​មិនត្រូវ​បានប្រកាសឲ្យ​ដឹង​ទេ ប៉ុន្ដែ​គេ​រំពឹងថា​មន្ដ្រី​យោធា​តំណាង​ប្រទេស​ទាំងពីរ អាច​ពិភាក្សា​ពី​ការរៀបចំ​កិច្ច​ជំនួប​កំពូល​រវាង​រដ្ឋមន្ដ្រី​ការពារជាតិ និង​ការ​រិះរក​មធ្យោបាយ​ទប់ស្កាត់​ការប៉ះទង្គិច​តាម​តំបន់​ព្រំដែន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងត្បូង​និយាយថា មន្ដ្រី​តំណាង​ប្រទេស​ទាំងពីរ​អាច​លើកឡើង​ពី​ការបញ្ឈប់​សមយុទ្ធ​យោធា​រួមគ្នា​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងត្បូង​ផងដែរ​។​

​សូម​រម្លឹកថា ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ​មួយរយៈ​ពេលនេះ បាន​ស្ងប់ស្ងាត់​និង​មាន​ភាពល្អប្រសើរ​ខ្លាំង ពោលគឺ​តាំងពី​ដើមឆ្នាំ​២០១៨​។ ប្រធានាធិបតី​កូរ៉េខាងត្បូង​និង​មេដឹកនាំ​កូរ៉េខាងជើង ក៏បាន​បើក​កិច្ច​ជំនួប​ជា​ប្រវត្ដិសាស្ដ្រ​ជាមួយគ្នា ហើយ​បាន​ព្រមព្រៀង​លើ​ចំណុច​សំខាន់ៗ​ជាច្រើន​។ ក្នុងនោះ​មាន​ការព្រមព្រៀង​ដកហូត​អាវុធ​នុយក្លេអ៊ែរ ការបញ្ឈប់​សកម្មភាព​បង្កហេតុ ការស្វែងរក​សន្ដិភាព​ពេញលេញ​សម្រាប់​ឧបទ្វីប​កូរ៉េ​ជាដើម​៕

ព័ត៌មានផ្សេងទៀត