លោក​ហ៊ីង ប៊ុន​ហៀ​ង ចំអក​ឲ្យ​អាមេរិកបង្កក​ទ្រព្យសម្បត្តិ​លោក​ឱ្យ​ឆាប់​បំផុត​

14-06-2018 4:41 pm 805
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រោយ​រង​ការដាក់ទណ្ឌកម្ម ពី​ក្រសួង​រតនាគារ​អាមេរិក លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ឆ្លើយតប​ដោយ​ចំអក​ថា ឲ្យ​អាមេរិ​កឆាប់​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក​ទៅ ប្រសិនបើ​រក​ឃើញ​មាន​នៅ​អាមេរិក​។ 

​តាមរយៈ​សេចក្តីប្រកាស នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ លោក​ហ៊ីង ប៊ុន​ហៀ​ង បានប្រកាសថា លោក​គ្មាន​ទ្រ​ព​សម្បត្តិ នៅ​សហរដ្ឋអាមេរិក​ទេ ហើយក៏​មិន​ដែល​ឈាន​ជើង​ជាន់ដី​ប្រទេស​នេះ​ម្តង​ណា​ដែរ​។ ជាមួយគ្នានេះ លោក​បាន​ឆ្លើយតប​ចំពោះ​ក្រសួង​រតនាគារ​អាមេរិក ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១៖ ក្នុង​មួយជីវិត​របស់ខ្ញុំ គឺ​ចង់​ធ្វើ​ជា​មិត្ត​របស់​អាមេរិក​ណាស់ ប៉ុន្តែ​ខ្ញុំ​មាន​ឆន្ទៈ​យ៉ាង​មុតមាំ គឺ​រក្សា​ការពា​រសុខ​សុវត្ថិភាព​ជូន​ប្រជាជន​កម្ពុជា ឱ្យបាន​ដាច់ខាត និង​ត្រៀម​ខ្លួន​ជានិច្ច ដើម្បី​វាយបក​ទៅលើ​ជន​អាមេរិក​ណា ដែល​មិន​គោរព​នូវ​អធិបតេយ្យភាព នៃ​ប្រទេស​រាជ្យ​មួយ ព្រមទាំង​មាន​មហិច្ឆតា​ឈ្លានពាន​មកលើ​ប្រទេស​ខ្ញុំ ហើយ​ថែមទាំង​បាន​គាំទ្រ និង​ញុះញង់​ពួក​ក្បត់ជាតិ ដែល​មាន​ក្នុង​ប្រទេស​កម្ពុជា​។​

២៖ ថ្វី​ត្បិត​តែ​ខ្ញុំ​ចង់​ធ្វើ​ជា​មិត្ត ជាមួយ​អាមេរិក​ក៏​មែនពិត តែ​ខ្ញុំ​មិនមែន​ជា​ពលរដ្ឋ​អាមេរិក​ទេ គឺ​ខ្ញុំ​ជា​ពលរដ្ឋ​ខ្មែរ​សុទ្ធសាធ​។ ដូច្នេះ​ខ្ញុំ​មិន​ត្រូវបាន​គោរព​ច្បាប់​អាមេរិក​នោះទេ ខ្ញុំ​ដាច់ខាត​គោរព​តាមច្បាប់​របស់​កម្ពុជា ដែល​ជា​ប្រទេស​មួយ មាន​នីតិរដ្ឋ​ពេញលេញ នៅលើ​ឆាក​អន្តរជាតិ​។​

៣៖ សូមបញ្ជាក់​ថា ខ្ញុំ​មិន​មាន​ទ្រព្យសម្បត្តិ​សម្រាប់​ទុក​ឱ្យ​សហរដ្ឋអាមេរិក​បង្កក​នោះទេ បើ​រកឃើញថា​៖ ទ្រព្យសម្បត្តិ​របស់​ខ្ញុំ មាន​ទុក​នៅ​សហរដ្ឋ​អាមេរិក​នោះ សូម​ធ្វើការ​បង្កក​ឱ្យ​បាន​លឿន​បំផុត​ទៅ​ចុះ​។​

៤៖ ក្នុង​មួយជីវិត​របស់ខ្ញុំ ខ្ញុំ​មិនដែល​បាន​ជាន់​ទឹកដី​អាមេរិក សូម្បី​តែ​ម្តង​ក៏​គ្មាន​ដែរ ដូច្នេះ​ខ្ញុំ​ក៏​គ្មាន​បំណង​ទៅ​សហរដ្ឋអាមេរិក​ដែរ ព្រោះ​ខ្ញុំ​មាន​ការឈឺចាប់ ចំពោះ​ទង្វើ​អាមេរិក ដែល​បាន​ធ្វើ​មក​លើ​រូប​ខ្ញុំ គ្រួសារ​ខ្ញុំ និង​ប្រទេសជាតិ​ខ្ញុំ ដោយ​បាន​ទម្លាក់​គ្រាប់បែក​រាប់​លាន​គ្រាប់ សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ នៅ​ក្នុង​ទស្សវត្ស​ន៍​ឆ្នាំ​១៩៧០ ព្រមទាំង​បន្សល់ទុក​កាកសំណល់​សង្គ្រាម​មិន​ទាន់​ផ្ទុះ នៅតែ​បន្ត សម្លាប់​ប្រជាជន​ខ្មែរ​ជា​បន្តបន្ទាប់​ទៀត​។ ដូច្នេះ​មិន​បាច់​ដាក់ទណ្ឌកម្ម​មកលើ​រូប​ខ្ញុំ​ទេ ពីព្រោះ​មិន​ត្រូវការ​អាមេរិក​ទេ​។​

៥៖ ខ្ញុំ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ទប់ស្កាត់ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ជន​ក្បត់ជាតិ និង​បក្សពួក​ប្រឆាំង ដែល​មាន​បំណង​ធ្វើ​បដិវត្ដពណ៌​នៅ​កម្ពុជា មាន​បរទេស​នៅ​ពីក្រោយ​ខ្នង​។​

ព័ត៌មានផ្សេងទៀត