លោក​​ស ខេង​​ឱ្យ​​អភិបាល​​រាជធានី​​-​​ខេត្ត​​ប្រឹង​​ដោះ​ស្រាយ​​ទំនាស់​​ដីធ្លី​​មុន​​ការ​បោះ​ឆ្នោត​​

14-06-2018 4:15 pm 1796
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឱ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី ជូន​ពលរដ្ឋ​នៅតាម​រាជធានី​-​ខេត្ត នី​មួយៗ ដើម្បី​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​ឲ្យបាន​ល្អប្រសើរ​មុន​ការបោះឆ្នោតជាតិ ខណៈ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅសល់តែ​មួយខែ​ជាង​តែប៉ុណ្ណោះ​។ (​សេង បារាំង​) 

​បញ្ហា​ទំនាស់​ដីធ្លី​នៅក្នុង​ប្រទេស​កម្ពុជា នៅ​មិនទាន់​ដោះស្រាយ​ចប់សព្វគ្រប់​នៅឡើយ ខណៈ​បច្ចុប្បន្ន​គេ​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​ដែល​មានទំនាស់​ដីធ្លី​ក្នុង​ខេត្ត​មួយចំនួន បាន​ឡើងមក​តវ៉ា និង​ដាក់​ញត្តិ​ស្វែងរក​អន្តរាគមន៍ ពី​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​ជូន​ពួកគេ​។ ជាក់ស្ដែង​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​នៅ​ខេត្ត​កោះកុង ខេត្ត​ព្រះវិហារ និង​ខេត្តកំពង់ស្ពឺ​ជាដើម បាន​ឡើងមក​ដាក់​ញត្តិ ដើម្បីឱ្យ​ក្រសួង​ដែនដី​ជួយ​អន្តរាគមន៍​ដល់​ពួកគេ​។ 

​ពាក់ព័ន្ធ​រឿង​ទំនាស់​ដីធ្លី​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​លោក​ស ខេង តាមរយៈ​លិខិត បាន​ប្រាប់​ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ឲ្យ​បង្កើន​ប្រសិទ្ធភាព​នៃ​ការសម្រុះ​សម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ជូន​ពលរដ្ឋ​នៅតាម​រាជធានី​-​ខេត្ត​រៀងខ្លួន ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យបាន​ល្អប្រសើរ​នៅមុន​ការបោះឆ្នោត​។ លោក​ស ខេង បាន​ដាក់ចេញ​នូវ​ការណែនាំ​មួយចំនួន ដល់​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ក្នុង​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នានា ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ដែន​រដ្ឋបាល​របស់ខ្លួន​។ 

​ការណែនាំ​នេះ រួម​មានដូចជា ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហាដីធ្លី ដែលមាន​ស្រាប់​នៅ​ថ្នាក់​រាជធានី​-​ខេត្ត ឲ្យ​បន្ត​ខិតខំ​ជំរុញ​ការសម្រុះសម្រួល និង​ដោះស្រាយ​បញ្ហាដីធ្លី ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​តម្លាភាព សុចរិត​ភាព និង​យុត្តិធម៌ ដោយ​ត្រូវ​ចុះទៅ​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​។ លោក ស ខេង ក៏បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​បង្កើន​ការតាមដាន និង​គ្រប់គ្រង​សភាពការណ៍​វិវត្ត​ពា​ក់​ព័ន្ធ​នឹង​បញ្ហា​ទំនាស់​ដីធ្លី​នៅតាម​ខេត្ត​នីមួយៗ​ឲ្យបាន​ហ្មត់ចត់ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​កុំ​មាន​និន្នាការ​ឡើងមក​ប្រមូលផ្តុំ​តវ៉ា​ដាក់​ញត្តិ​នៅ​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​លិខិត​នោះដែរ លោក​ស ខេង ក៏បាន​ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ និង​កងកម្លាំង​ឲ្យ​រក្សាបាន​នូវ​ភាព​អត់ធ្មត់​នៅក្នុង​ការ​បំពេញការងា​រ​ដោះស្រាយ​ទំនាស់​ដីធ្លី ឬ​ការតវ៉ា​នានា​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ចៀស​នូវ​អំពើហិង្សា​ជាដើម​។ យ៉ាងណាក៏ដោយ ប្រសិនបើ​ប្រជាពលរដ្ឋ​មានទំនាស់​ដីធ្លី​នៅ​ខេត្តហើយ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា​បាន​បញ្ជា​ឲ្យ​អាជ្ញាធ​ររាជធានី​ភ្នំពេញ​តាមដាន និង​ចាត់ចែង​កងកម្លាំង​ឲ្យជួយ​ការពារ​សន្តិសុខ និង​សុវត្ថិភាព​ជូន​ពួកគាត់​។ លើសពីនេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ត្រូវ​ទាក់ទង​ទៅ​រដ្ឋបាលខេត្ត​ដែល​ពលរដ្ឋ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ឲ្យមក​ដោះស្រាយ និង​សម្រុះសម្រួល​នាំ​ពលរដ្ឋ​ទៅ​ដោះស្រាយ​នៅក្នុង​ខេត្ត​វិញ​ផងដែរ​។ 

​ម្យ៉ាងវិញទៀត លោក​ស ខេង ក៏បាន​បញ្ជា​ឲ្យ​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការរក្សា​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្តាប់ធ្នាប់​នៅតាម​មូលដ្ឋាន​នានា​ឲ្យបាន​ល្អប្រសើរ ជាពិសេស​ក្នុងអំឡុងពេល​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕

ព័ត៌មានផ្សេងទៀត