លោក​ឯម ច័​ន្ធមក​រាប្រាប់​UN​ថា កម្ពុជា​ចាត់ទុក​ពិការភាពជា​ផ្នែក​អាទិភាព​មួយសម្រាប់​ដោះស្រាយ​

14-06-2018 3:40 pm 540
  ស្តាប់
លោក​ឯម ច័​ន្ធមក​រាអំឡុងពេលចូលរួមសន្និសីទកាសែតស្តីពីសិទ្ធិ​ជនពិការ​នៅ​អង្គការសហប្រជាជាតិ
ស្តាប់ជាសំឡេង

​អគ្គលេខាធិការ​ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ​លោក​ឯម ច័ន្ទ​មករា តំណាង​លោក​វង សូត​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ដឹកនាំ​គណៈប្រតិភូ​មួយក្រុម ចូលរួម​សន្និសីទលើកទី​១១​នៃ​រដ្ឋ​ភាគី​អនុសញ្ញា ស្តីពី សិទ្ធិ​ជនពិការ​នៅ​អង្គការសហប្រជាជាតិ នៅ​សហរដ្ឋអាមេរិកចាប់ពី​ថ្ងៃទី​១២​ដល់​១៤ ខែមិថុនា ឆ្នាំ​២០១៨ ។ សន្និសីទ​លើកទី១១នេះរៀបចំឡើងក្រោម ក្រោម​ប្រធានបទ “ មិន​អនុញ្ញាតឲ្យ​នរណាម្នាក់ នៅក្រៅ​ការអនុវត្ត​យ៉ាង​ពេញលេញ នៃ​អនុសញ្ញា ស្តីពី សិទ្ធិ​ជន​មាន​ពិការភាព »។

នៅក្នុងសន្និសីទនេះ លោក​ឯម ច័ន្ទ​មករា​បាន​ប្រាប់​អង្គការសហប្រជាជាតិ​ថា  « ពិការភាព គឺជា​ផ្នែក​អាទិភាព​មួយ របស់​រដ្ឋាភិបាល​កម្ពុ​ជា ហើយ​ប្រទេស​កម្ពុជា​ចាត់ទុក​សង្គម​ស៊ីវិល វិស័យ​ឯកជន អង្គការ​ជនពិការ ដៃគូ​អភិវឌ្ឍន៍ ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ក្នុង​ការអនុវត្តន៍​អនុសញ្ញា ស្តីពី សិទ្ធិ​ជន​មាន​ពិការ »​។ លោក​លើកឡើង​បន្ថែមថា ប្រទេស​កម្ពុជា បាន​លើកទឹកចិត្ត​ដល់​ស្ត្រី​មាន​ពិការភាព ឲ្យចូល​រួម​ក្នុង​ការធ្វើ​សេចក្តីសម្រេច​ថ្នាក់ជាតិ លើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព​និង​បានផ្តល់​សិទ្ធិអំណាច ដល់​ស្ត្រី​មាន​ពិការភាព ទទួលបាន​សិទ្ធិអំណាច​យ៉ាង​ពេញលេញ ។ 

បន្ថែម​លើ​នេះ កម្ពុជា​គោរព​សិទ្ធិ​និង​សេរីភាព​របស់​ស្ត្រី​មាន​ពិការភាព ដោយ​បានផ្តល់​អាទិភាព​ដល់​ស្ត្រី​មាន​ពិការភាព តាមរយៈ​ការបញ្ជ្រាប​ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​។ ចំពោះ​ស្ត្រី​ដែលមាន​ពិការភាព​ធ្វើការ ៧ ម៉ោង​ក្នុង​មួយថ្ងៃ ហើយ​រដ្ឋាភិបាល​ផ្តល់ប្រាក់​ឈ្នួល​ស្មើគ្នា សម្រាប់​ស្ត្រី​មាន​ពិការភាព​។ រដ្ឋាភិបាល​បាន​ផ្តល់ឲ្យ​ស្ត្រី​និង​កុមារី ដែល​មានព​ពិការភាព ទទួលបាន​ការថែទាំ​សុខភាព ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​នៅក្នុង​សន្និសីទដ៏​មានសារៈ​សំខាន់នេះ លោក​ឯម ច័ន្ទ​មករា​លើកឡើង​ទៀតថា រដ្ឋាភិបាល​កម្ពុជា បានផ្តល់​សិទិ្ធ​ដល់​ជនមាន​ពិការភាព ដើម្បី​ចូលរួម​បោះឆ្នោត នៅក្នុង​ការបោះឆ្នោត​ថ្នាក់ជាតិ​។ នៅ​ក្នុងនោះ ជន​មាន​ពិការភាព​ក៏​អាច​ឈរឈ្មោះ​ជា​បេក្ខជន សម្រាប់​ការបោះឆ្នោត​ថ្នាក់ជាតិ​ផងដែរ​។ រដ្ឋាភិបាល​បាន​លើកកម្ពស់ ការចូលរួម​របស់​ជ​ន​មាន​ពិការភាព​ក្នុង​ឆាកនយោបាយ ដោយ​ឈរលើ​មូលដ្ឋាន​នៃ​សិទ្ធិ​ស្មើគ្នា​។​

​ពាក់ព័ន្ធ​នឹង​ជន​មាន​ពិការភាព បច្ចុប្បន្ន​កម្ពុជា​កំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី ពិការភាព​ថ្មី​ឆ្នាំ ២០១៩-២០២៣ ដើម្បី​ផ្តោតលើ​ការកាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ តាមរយៈ​ការលើកកម្ពស់​ការងារ និង​ការងារ​សមរម្យ សម្រាប់​ជន​មាន​ពិការភាព ដើម្បី​ធានា​ជីវភាព​របស់​ពួកគេ​ប្រសើរឡើង និង​បង្កើន​ឯករាជ្យភាព​របស់​ពួកគេ​។ កម្ពុជា​ក៏បាន​បង្កើត​ក្របខ័ណ្ឌ​គោលនយោបាយ​គាំពារ​សង្គមជាតិ​ឆ្នាំ ២០១៦-២០២៥ ដើម្បី​ផ្តល់​ការ​គាំពារ​សង្គម​ដល់​ប្រជាជន​ទូទៅ​រួមទាំង​ជនពិការ​៕

ព័ត៌មានផ្សេងទៀត