យុវជនម្នាក់ត្រូវបានឃាត់ខ្លួនពីបទលួចលុយតាមការឡាយវីដេអូ

14-06-2018 11:52 am
  ស្តាប់
ស្តាប់ជាសំឡេង

ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យនីតិសាស្រ្ត ស្នាក់នៅផ្ទះលេខ៥២ ផ្លូវលេខ៤ ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួនពីបទ លួចលុយ ដោយការចូលមើលតាមការឡាយផ្ទាល់លក់ផលិតផល របស់គណនីហ្វេសប៊ុកជនរងគ្រោះ មានឈ្មោះ Ana Brand Brand ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីនគរបាលខណ្ឌទួលគោក ស្រង់សម្តីដោយ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៤ មិថុនា ។

ជនសង្ស័យរូបនេះ បានលួចយកលេខកូដសម្ងាត់របស់ជនរងគ្រោះ តាមរយៈការឡាយវីដេអូផ្ទាល់ និងបានយកទៅបើកយកលុយតាមរយៈក្រុមហ៊ុនវេរលុយទ្រូម៉ានី ក្រោយភ្ញៀវវេរលុយមកឱ្យជនរងគ្រោះ ។ ករណីនេះ បានកើតឡើងកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី១២ និងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ នៅចំណុចទីតាំងលក់ និងឡាយផ្ទាល់ ផ្ទះលេខ៦០ ផ្លូវលេខ១៨៦ ក្រុមទី៤ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ជនរងគ្រោះឈ្មោះ សុខ ស៊ីណា ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិខ្មែរ មានមុខរបរ លក់ខោអាវ និងគ្រឿងបរិភោគ តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ ។ សម្ភារៈបាត់បង់មានទឹកប្រាក់សរុបចំនួន ៤.៥០០ដុល្លារអាមេរិក ។ 

ជនរងគ្រោះបានឃាត់ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ នៅថ្ងៃទី១៣ មិថុនា វេលាម៉ោង១០:១០នាទី ក្រោយបានលួចមកបើកលុយតាមរយៈលេខទូរស័ព្ទរបស់ជនរងគ្រោះ នៅក្រុមហ៊ុនវេរលុយទ្រូម៉ានី ស្ថិតនៅសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ក្រុមហ៊ុនវេរលុយបានទូរស័ព្ទប្រាប់ជនរងគ្រោះ ហើយជនរងគ្រោះ និងបងប្អូន ក៏បានទៅឃាត់ខ្លួនជនសង្ស័យ និងបានប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ ចាត់ការតាមផ្លូវច្បាប់ ។ វត្ថុតាងរួមមាន វិក័យបត្រវេរលុយ និងលេខកូដសម្ងាត់ដកលុយរបស់ក្រុមហ៊ុនវេរលុយទ្រូម៉ានី ចំនួន២សន្លឹក មានទឹកប្រាក់១៦៣ដុល្លារ ។

ជនសង្ស័យឈ្មោះ ចាន់ ម៉េងឆាយ បានសារភាពថា ខ្លួនបានមកលួចបើកលុយរបស់ជនរងគ្រោះ ចំនួន៤ដង ដោយប្រើប្រាស់លេខទូរស័ព្ទរបស់ជនរងគ្រោះ អមជាមួយនឹងលេខកូដរបស់ភ្ញៀវដែលផ្ញើមកតាមរយៈការ ឡាយលើវីដេអូទៅបើក ដែលមានទឹកប្រាក់សរុបចំនួន ១៦៣ដុល្លារអាមេរិក ។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត