ផលិតផលចំណីអាហារខុសច្បាប់ជាង១០០តោនត្រូវបានកម្ទេចនៅថ្ងៃនេះ

14-06-2018 10:48 am 462
  ស្តាប់
ស្តាប់ជាសំឡេង

ផលិតផលចំណីអាហារក្លែងក្លាយ ហួសកាលបរិច្ឆេទ និងខុសច្បាប់ទម្ងន់ជាង១០០តោន ត្រូវបានដុតកម្ទេចចោល នៅព្រឹកថ្ងៃទី១៤ មិថុនា ដោយមានការចូលរួមពីសំណាក់លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ...

ផលិតផលចំណីអាហារមានផ្ទុកសារធាតុគីមីជាង១០០តោននេះ ត្រូវបានសមត្ថកិច្ចបង្រ្កាប ព្រមទាំងរឹបអូសបានវត្ថុតាង១៦មុខ រួមមាន ពោះវៀនជ្រូក គោ មាន់ ទា និងពោះវៀនពពែជាដើម ដែលស្តុកទុកជាច្រើនឆ្នាំ ។ បើតាមរបាយការណ៍ពីលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ផលិតផលទាំងនេះ ត្រូវបានកម្លាំងប្រតិបត្តិការពិសេសរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បង្រ្កាបទីតាំងសិប្បកម្មកែច្នៃសាច់ក្រកខុសច្បាប់១កន្លែង នៅចំណុចភូមិថ្មីពីងពង់ ឃុំដំណាក់រាំង ស្រុកឧដ្តុង្គផ្ទាល់ កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧ ។ សិប្បកម្មនេះ មានម្ចាស់ឈ្មោះ វីង ហ៊ុយ ភេទប្រុស អាយុ៣៨ឆ្នាំ បានរត់គេចខ្លួន ។

លោក មៀច សុផាន់ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ មានប្រសាសន៍ថា ការកម្ទេចចោលផលិតផលចំណីអាហារខូចគុណភាពខុសច្បាប់ពេលនេះ គឺជាលើកទី៣ហើយ បន្ទាប់ពីពិធីដុតកម្ទេចចោលគ្រឿងសម្អាងក្លែងក្លាយ ខុសច្បាប់ ២លើក នៅភ្នំពេញ កន្លងទៅថ្មីៗនេះ ដែលមានចំនួនសរុបប្រមាណជាង១៦០តោន ។

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លើកឡើងថា ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ និងក្រសួងពាក់ព័ន្ធដទៃទៀត ដែលមានតំណាងគណៈកម្មាធិការ បានរួមសហការគ្នាយកចិត្តទុកដាក់ខ្លាំង ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបការធ្វើចរាចរផលិតផលក្លែងក្លាយ ដែលនាំចូលមកពីបរទេសដូចជា គ្រឿងឧបភោគបរិភោគសព្វសារពើ ជាពិសេសប្រទេសជិតខាងកម្ពជា ដែលជាប្រការគួរឱ្យព្រួយបារម្ភ ៕ (ដោយ៖ គង់ ឧត្តម)

ព័ត៌មានផ្សេងទៀត