រដ្ឋមន្ត្រី​ការពារ​ជាតិ​ចិន​នឹង​មក​បំពេញ​ទស្សនកិច្ច​៥​ថ្ងៃ​នៅ​កម្ពុជា​

14-06-2018 10:44 am

​លោក វៃ ហ្វេ​ន​ហេ រដ្ឋមន្ដ្រីក្រសួង ការពារ​ប្រទេស នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦-២០ ខែមិថុនា មុខ​នេះ​។​

​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​ការពារជាតិ នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា បានឲ្យដឹងថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​នេះ លោក វៃ ហ្វេ​ន​ហេ នឹង​ដឹកនាំ​គណៈប្រតិភូ​ចូល​ជួប​សម្ដែង ការគួរសម ចំពោះ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​វិមាន​សន្ដិភាព​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ក៏​មាន​ការចុះហត្ថលេខា កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ការពារ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ចិន ក្រោម​វត្តមាន ទៀ បាញ់ និង​លោក វៃ ហ្វេ​ន​ហេ នៅ​អគារ​មិត្តភាព ទីស្ដីការគណៈរដ្ឋមន្ដ្រី​ផងដែរ​។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​បញ្ជាក់ទៀតថា ក្នុងអំឡុង​ស្នាក់នៅ​កម្ពុជា លោក វៃ ហ្វេ​ន​ហេ នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ​យោធា​រួមគ្នា កម្ពុជា​-​ចិន ក្រោម​អធិបតីភាព​រដ្ឋមន្ដ្រីក្រសួង​ការពារជាតិ​នៃ​ប្រទេស​ទាំង​ពីរ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត