លោក​ហ៊ុន សែន នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅ​ក្រុង​បាងកក​នៅ​រសៀល​នេះ​

14-06-2018 10:17 am

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​រសៀល​ថ្ងៃ​ទី​១៤ មិថុនា​នេះ នឹង​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​យុទ្ធសាស្ត្រ នៃ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​អា​យ៉េយ៉ា​វាឌី​-​ចៅ​ប្រា​យ៉ា​-​មេគង្គ (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy/ACMECS) លើក​ទី​៨ និង​កិច្ចប្រជុំ​កំពូល​កម្ពុជា​-​ឡាវ​-​មី​យ៉ាន់​ម៉ា​-​វៀតណាម (Cambodia-Lao PDR-Myanmar-Viet Nam Summit/CLMV) លើក​ទី​៩ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១៤-១៦ មិថុនា ឆ្នាំ​២០១៨ ។​

​សូមបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រមុខ​ដឹកនាំ នៃ​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​កម្ពុជា​, ថៃ​, ឡាវ​, មី​យ៉ាន់​មា និង​វៀតណាម ក្នុង​គោលបំណង​សំខាន់ ដើម្បី​ចែករំលែក​ផលប្រយោជន៍​រួម និង​ដើម្បី​លើកកម្ពស់​ភាពជា​អ្នកជិតខាង​ល្អ​, មិត្តភាព​ជា​ប្រពៃណី និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​យូរអង្វែង រវាង​ប្រទេស​ជា​សមាជិក និង​ដៃគូ​ទាំងអស់​។ 

​ក្រៅពី​កិច្ចប្រជុំ​កំពូល​ទាំង​២​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក៏​នឹង​មាន​ជំនួប​ការងារ​ដាច់ដោយឡែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ថៃ​, នាយករដ្ឋមន្ត្រី​ឡាវ និង​នាយករដ្ឋមន្ត្រី​វៀតណាម​ផងដែរ​។ នេះ​បើ​តាម​ការបញ្ជាក់​លើ​ទំព័រ​ហ្វេ​សប៊ុក លោកនាយក​រដ្ឋមន្ត្រី​៕ ដោយៈ​សៅ វិសាល​

ព័ត៌មានផ្សេងទៀត