ក្រុម​ហ៊ុន​​ចិន​​មួយ​​នឹង​សិក្សា​​គម្រោង​​ប្រព័ន្ធ​​រំដោះ​​ទឹក​​ក្នុង​​ក្រុង​​ចំនួន​​៣​​ចុង​ខែ​​មិថុនា​​នេះ​​

14-06-2018 9:55 am 487
  ស្តាប់
ស្តាប់ជាសំឡេង

​គម្រោង​សិក្សា​លទ្ធភាព និង​ផែនការមេ សម្រាប់​បណ្តាញទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​ចំនួន​៣ នឹង​ចាប់ផ្ដើម​អនុវត្ដ​ន៍​នៅ​ចុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ និង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២០​ខាងមុខ ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន​។ (​សេង បារាំង​)

​គម្រោង​សិក្សា​លទ្ធភាព និង​ផែនការមេ សម្រាប់​បណ្តាញទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក ក្នុង​ក្រុង​ចំនួន​៣ គឺ ក្រុងព្រះសីហនុ ក្រុង​សៀមរាប និង​ក្រុង​តាខ្មៅ ដែល​សិក្សា​ដោយ​ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្ដើម​អនុវត្ដ​ន៍​នៅ​ចុង​ខែមិថុនា ឆ្នាំ​២០១៨ ហើយនឹង​បញ្ចប់​ទាំងស្រុង​នៅ​ចុងឆ្នាំ​២០២០​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ កាលពី​ថ្ងៃទី​១៣ មិថុនា​។​

​រដ្ឋមន្ដ្រីក្រសួង​សាធារណការ​រូបនេះ បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចិន នឹង​ចាប់ផ្ដើម​សិក្សា​ជាបន្ទាន់ នៅ​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី​៣០ ខែមិថុនា រហូតដល់​ថ្ងៃទី​០៥ ឧសភា ឆ្នាំ​២០១៩, សម្រាប់​ក្រុង​សៀមរាប ចាប់ផ្ដើម​សិក្សា​នៅ​ថ្ងៃ​៣ ខែតុលា ឆ្នាំ​២០១៨ រហូតដល់ ខែ​កុម្ភៈ ឆ្នាំ​២០២០ ហើយ​ចាប់ពី​ខែ​កុម្ភៈ ដល់​ខែធ្នូ ឆ្នាំ​២០២០ នឹង​បញ្ចប់​គម្រោង​នៅ​ក្រុង​តាខ្មៅ​។ លោក​ស៊ុន ចាន់ថុល សង្កត់ធ្ងន់ថា សម្រាប់​ក្រុងព្រះសីហនុ លោក​ចង់ឲ្យ​ចប់​មុនគេ​បំផុត នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ ដោយសារ​ត្រូវ​ការចាំបាច់​។​

​លោក​ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់ថា អនុស្សរណៈ​នៃ​ការយោគយល់​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សិក្សា​ផែនការមេ​ឱ្យបាន​ស៊ីជម្រៅ ក្នុង​ការកសាង​បណ្ដាញទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក​ក្នុង​ក្រុង​ទាំងបី ដើម្បី​លើ​កម្ពស់​គុណភាព​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ ទឹកស្អាត បរិស្ថាន​ស្អាត និង​កាត់បន្ថយ​ការចំណាយ​ថវិកាជាតិ ក៏ដូចជា​ការឆ្លើយតប​ទៅនឹង​កំណើន​ភ្ញៀវទេសចរ ដែល​នឹងមាន​ការកើនឡើង​រហូត​ដល់​ដប់​លាន​នាក់​ក្នុង​ឆ្នាំ​២០២៣​ផងដែរ​។ 

​សូមបញ្ជាក់ថា នៅ​រសៀល​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៨ ក្រសួង​សាធារណការ និង​ក្រុមហ៊ុនប៉េ​ជីង អឺ​បេន ខន​ស្ត្រា​ក់សិន គ្រុប ខូ អិល ធី​ឌី របស់​ចិន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់ ស្ដីពី​កិច្ចសហប្រតិបត្តិការ លើ​គម្រោង​សិក្សា​សមិទ្ធិ​លទ្ធភាព និង​ផែនការមេ សម្រាប់​បណ្ដាញទឹក​កខ្វក់ និង​ប្រព័ន្ធ​រំដោះ​ទឹក ក្រុង​សៀមរាប ក្រុងព្រះសីហនុ និង​ក្រុង​តាខ្មៅ​។ ដោយឡែក​សម្រាប់​ការចំណាយ​ថវិកា​លើ​គម្រោង​សិក្សា​ទាំងបី​នេះ​វិញ គឺ​ក្រុមហ៊ុន​ជា​អ្នកចំណាយ​ទាំងស្រុង ដែល​ស្ម័គ្រចិត្ដ​មក​សិក្សា​ឲ្យ​កម្ពុជា​។ ជាមួយគ្នា​នោះ​លោក​ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​សហការ​ឲ្យបាន​ល្អ ជាមួយ​ក្រុមហ៊ុន ដើម្បី​ជំរុញ​ឱ្យ​ការសិក្សា​នេះ​សម្រេចបាន​ជោគជ័យ​។​

​គួរ​ជម្រាបជូន​ថា សម្រាប់​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​រាជធានី​ភ្នំពេញ​វិញ ក្រសួង​សាធារណការ បាន​នឹង​កំពុង​សហ​ជាមួយ​អង្គកា​រ JICA នឹង​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក​ទំនើប​មក​ដាក់​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​បណ្ដា​ទឹក​កង្វក់ នឹង​រៀបចំ​បន្ថែមទៀត ព្រោះ​កំណើនប្រជាជន ដែល​មក​រស់នៅ​ភ្នំពេញ បច្ចុប្បន្ន​មាន​រហូតដល់​ទៅ​ជាង​២១% ហើយ​ដល់​ឆ្នាំ​២០៣០ នឹងមាន​ការកើនឡើង​រហូតដល់​ទៅ​ជាង​៤០%​ភាគរយ​៕

ព័ត៌មានផ្សេងទៀត