លោក​ដូណាល់ ត្រាំ​៖​​នឹង​គ្មាន​​ការគំរាមកំហែង​​ដោយ​នុយក្លេអ៊ែរ​​ពី​កូរ៉េខាងជើង​​ទៀត​ទេ​

14-06-2018 9:12 am 1489
  ស្តាប់
លោកដូណាល់ ត្រាំប្រធានាធិបតីអាមេរិក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ធ្វើដំណើរ​ទៅដល់​អាមេរិក​វិញ​ហើយ​កាលពី​ថ្ងៃទី​១៣​មិថុនា បន្ទាប់ពី​ចូលរួម​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​១២​មិថុនា​។ ជា​កិច្ចប្រជុំ​ប្រវត្ដិសាស្ដ្រ​ជា​មួយលោក​គីម ជុង​អ៊ុន​មេដឹកនាំ​កូរ៉េខាងជើង​។ 

​បន្ទាប់ពី​ទៅដល់​អាមេរិក​វិញ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅលើ​ប្រព័ន្ធ​Twitter​របស់លោក​ដោយសារ​នោះ​មាន​អត្ថន័យ​ដូច្នេះ​ថា “​ទើបតែ​បាន​ចុះចត ជា​ការធ្វើដំណើរ​ដ៏​វែងឆ្ងាយ ប៉ុន្ដែ​គ្រប់គ្នា្ព​ពេលនេះ​អាចមាន​អារម្មណ៍សុវ​ត្ថិ​ភាពខ្លាំង​ជាង​ថ្ងៃ​ខ្ញុំ​ចូល​កាន់តំណែង​។ គ្មាន​ទៀត​ទេ​ការគំរាមកំហែង​ដោយ​នុយក្លេអ៊ែរ​ពី​កូរ៉េខាងជើង​។ កិច្ចប្រជុំ​ជាមួយ​លោក​គីម ជុង​អ៊ុន​គួរឲ្យ​ចាប់អារម្មណ៍​ខ្លាំងណាស់ និង​ជា​បទពិសោធន៍​ដ៏​ល្អ​មួយ​។ កូរ៉េខាងជើង​មាន​សក្ដា​នុព​ល​ខ្លាំង​សម្រាប់​អនាគត​ដ៏​ត្រចះត្រចង់​របស់គេ​។​”

​លោក​ត្រាំ​បន្ថែមថា “​មុនពេល​ខ្ញុំ​ចូល​កាន់តំណែង ប្រជាជន​នាំគ្នា​សន្និដ្ឋានថា យើង​នឹង​ផ្ទុះ​សង្គ្រាម​ជាមួយ​កូរ៉េខាងជើង​។ អតីត​ប្រធានាធិបតី​បា​រ៉ាក់ អូ​បា​ម៉ា​និយាយថា កូរ៉េខាងជើង​ជា​បញ្ហា​ដ៏​ធំ​បំផុត​និង​គ្រោះថ្នាក់​បំផុត​សម្រាប់​យើង​។ ប៉ុន្ដែ​ពេលនេះ​គ្មាន​រឿង​អ៊ីចឹង​កើតឡើង​ទៀត​ទេ គេង​លក់​ឲ្យ​ស្រួល​ចុះ​នៅ​យប់​នេះ​។​”

​សូមបញ្ជាក់​ឡើងវិញ​ថា នៅក្នុង​កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ​នឹង​លោក​គីម ជុង​អ៊ុន សម្រេចបាន​លទ្ធផល​វិជ្ជមាន​ធំៗ​ចំនួន​បួន​គឺ​៖

​ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។​

​ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​សម្រេចបាន ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។ កាលនោះ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។​

​ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​អ្នកទោស​សល់​ពី​សម័យ​សង្គ្រាម និង​ការធ្វើ​មាតុភូមិនិវត្ដន៍​អ្នកទោស​ដែល​បានកំណត់​អត្ដសញ្ញាណ​រួចរាល់​។ 

​បន្ថែម​លើ​នេះ​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ចាត់ទុក​កិច្ចប្រជុំ​ជា​ព្រឹត្ដិការណ៍​ធំធេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ក្នុងការ​យកឈ្នះ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ត្រាំ​ក៏​បានប្រកាសថា​លោក​នឹង​ឈប់​ធ្វើ​សមយុទ្ធ​នៅ​កូរ៉េខាងត្បូង​ទៀតហើយ រីឯ​កងទ័ព​អាមេរិក​នៅ​កូរ៉េខាងត្បូង​លោក​ចង់​ដក​ត្រឡប់​ទៅ​អាមេរិក​វិញ​៕

ព័ត៌មានផ្សេងទៀត