ប្រធានបទ​ចំនួន​៣ ត្រូវបាន​កម្ពុជា​សម្រេច​ជ្រើស​យក​ក្នុង​កិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិក

13-06-2018 5:15 pm 277
  ស្តាប់
ស្តាប់ជាសំឡេង

ក្នុងតួនាទី​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ សភា​កម្ពុជា បានសម្រេច​ជ្រើសរើស​ប្រធានបទ​៣ សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​សម្រេច និង​លើក​យកទៅដាក់​ក្នុង​កិច្ចប្រជុំ APPF​លើក​ទី​២៧​។

រដ្ឋសភា​កម្ពុជា​នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រជុំ​ក្នុង​ក្របខ័ណ្ឌ​ក្រុមការងារ​ទទួលបន្ទុក​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ដើម្បី​ជ្រើសរើស​ប្រធានបទ សម្រាប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ដើមឆ្នាំ​២០១៩ ខាងមុខនេះ​។​

បន្ទាប់ពី​បាន​ជជែក​ពិភាក្សាគ្នា​យ៉ាង​ល្អិតល្អន់ ដោយមាន​សមាសភាព​ចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន កិច្ចប្រជុំ​បានសម្រេច​ជ្រើសរើស ប្រធានបទ​ចំនួន​បី សម្រាប់​ដាក់ជូន​ថ្នាក់ដឹកនាំ​សម្រេច និង​លើក​យកទៅដាក់​ក្នុង​កិច្ចប្រជុំ APPF​លើក​ទី​២៧ ដែល​គ្រោង​នឹង​រៀបចំ​ធ្វើ​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប​។

​ប្រធានបទ​ដែល​បានជ្រើសរើស គឺ​ទី​១ ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋ​ក្នុង​តំបន់ ឲ្យមាន​សុខ​ដុមនីយកម្ម​ច្បាប់ សម្រាប់​ទទួលបាន​កំណើន​ប្រកបដោយ​បរិយា​ប័ន្ន និង​ចីរភាព​។​ទី​២ គឺ​កិច្ចប្រឹងប្រែង​រួមគ្នា ដើម្បី​កសាង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ទៅជា​តំបន់ ពាណិជ្ជកម្ម​សេរី និង​ប្រធានបទ​ទី​៣ ការពង្រឹង​ការទទួលបាន ហិរញ្ញប្បទាន និង​គោលនយោបាយ​បណ្តុះបណ្តាល​វិជ្ជាជីវៈ សម្រាប់​សហគ្រាស​ធន​តូច និង​មធ្យម ដើម្បី​សម្រេចបាន​វឌ្ឍនភាព និង​វិបុលភាព​ក្នុង​តំបន់​។​

ជា​ការកត់សម្គាល់ ទោះបីជា​មាន​ការសម្រេច​ទទួលយក​ប្រធានបទ​ទាំងបី​ខាងលើនេះ​ក្តី តែ​ក្រុមការងារ​បច្ចេកទេស​ត្រូវ​ពិនិត្យ​ពាក្យពេចន៍ និង​ខ្លឹមសារ ទាំង​ភាសា​ខ្មែរ និង​អង់គ្លេស​បន្តទៀត ហើយ​អាច នឹងមាន​កិច្ចប្រជុំ​បន្តបន្ទាប់​ទៀត ដើម្បី​ពិនិត្យមើល​ទៅលើ​ខ្លឹមសារ​រួម​នៃ​ប្រធានបទ​ទាំងបី​នេះ​។​

គូសបញ្ជាក់ថា តាម​គម្រោង កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ នឹង​ប្រារព្ធ​ធ្វើ​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប ពី​ថ្ងៃទី​១៣ ដល់ ទី​១៧ ខែ​មករា ឆ្នាំ​២០១៩ ។​

សូមជម្រាបថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក ដែល​មានឈ្មោះ​ជា​ភាសា​អង់គ្លេស “The Asia Pacific Parliamentary Forum” បាន​បង្កើតឡើង​នៅ ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ​នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន​APPF​មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​។ វេទិកា​នេះ តែងតែមាន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ជា​ទៀងទាត់ ដោយ​ប្រទេស​ជា​សមាជិក​ផ្លាស់​វេន គ្នា​ធ្វើជា​ប្រធាន​ផងដែរ​៕

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត