អ្នក​ជំនាញ​​ថា​ ​គម្រោង​​លើក​ស្ទួយ​​វិស័យ​​កសិកម្ម​​របស់​​ធនាគា​រ​​អភិវឌ្ឍន៍​ជន​បទ​ដើរ​​តិចតួច

13-06-2018 5:01 pm 423
  ស្តាប់
ស្តាប់ជាសំឡេង

បើតាម​ការបញ្ជាក់​ពី​លោក​កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ​បានឲ្យដឹងថា នៅ​ឆ្នាំ ២០១៨​នេះ ធនាគារ​បាន​ត្រៀម​ទុន​ប្រមាណ​ពី​៥០​ទៅ ៦០​លាន​ដុល្លារ សម្រាប់​ផ្តល់​កម្ចី​ទៅដល់​វិស័យ​ឯកជន​ផ្នែក​កសិកម្ម និង​សហគមន៍​កសិកម្ម ជាពិសេស​រោង​ម៉ាស៊ីនកិនស្រូវ ដើម្បី​ចូលរួម លើកកម្ពស់​វិស័យ​កសិកម្ម​ឲ្យ​កាន់តែ​ប្រសើរឡើង​។ ធនាគារ​អភិវឌ្ឍន៍ជនបទ ក៏បាន​ត្រៀមខ្លួន​អន្តរាគមន៍​ក្នុងករណី​តម្លៃ កសិផល​កសិកម្ម​ធ្លាក់​ថ្លៃ​ខ្លាំង ដូច​កាលពី​អំឡុង​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៧​ផងដែរ​។ 

​ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ សម្រាប់​លោក​បណ្ឌិត​យ៉ង សាំង​កុមារ អ្នកជំនាញ​កសិកម្ម​មើ​ល​ឃើញថា ចរន្ត​នៃ​ការផ្ដល់​ឥណទាន​របស់​ធនាគារ​អភិវឌ្ឍន៍ជនបទ ដល់​កសិករ​ដើរ​បានតិតួ​ច​នៅឡើយ​។ លោក​ថា ទុន​ដែល​ធនាគារ​នេះ​ផ្ដល់ឲ្យ ភាគច្រើន​បាន​ដល់ដៃ​ឈ្មួញ​ធំៗ មិនបាន​ដល់​កសិករ​ដោយផ្ទាល់​នោះទេ​។ លោក​កុមារ ចង់ឲ្យមាន​សាខា​ធនាគារ ដែល​គាំទ្រ​វិស័យ​កសិកម្ម​មួយ​នេះ​នៅ​គ្រប់​តំបន់ និង​មាន​អ្នកជំនាញ​កសិកម្ម​ជួយ​គាំទ្រ​សហគមន៍ ដើម្បី​ធ្វើឲ្យ​ប្រាកដថា ឥណទាន​ដែល​ទម្លាក់​ទៅ គឺ​បាន​ចំ​ទិសដៅ​......

​លោក​យ៉ង សាំង​កុមារ​៖

​ដើម្បី​អាចឲ្យ​គម្រោង​ស្រោចស្រង់​វិស័យ​កសិកម្ម​របស់​ធនាគា​រ​អភិវឌ្ឍន៍ជនបទ ដែលជា​សេនាធិការ​រដ្ឋាភិបាល​មួយ​នេះ ដំណើរការ​ទៅ​រលូន​ល្អ លោក​យ៉ង សាំង​កុមារ ក៏​ស្នើឲ្យ​បញ្ចុះ​ការប្រាក់​នៅទាប​ត្រឹម​ក្រោម​៥​ភាគរយ​ក្នុង​មួយឆ្នាំ ដើម្បី​សម្រួល​ដល់​កសិករ​ក្នុងការ​បង្វិលទុន​ត្រលប់​ទៅ​ធនាគារ​វិញ​។​ជាមួយគ្នានេះ ធនាគារ​គួរ​បង្កើន​ដើមទុន​បន្ថែមទៀតឲ្យ​បាន​ច្រើនជាងនេះ ព្រោះ​បច្ចុប្បន្ន​ទុន​របស់​ធនា​គារ​នៅ​តិច​នៅឡើយ ហើយ​មួយវិញទៀត​គួរ​បង្កើន​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយដ​ល់ក​សិក​រ ដើម្បីឲ្យ​ពួកគេ​អាចទទួលបាន​អត្ថប្រ​យោ​ជន៍ពី​សេវា​កម្មនេះ​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ខែកញ្ញា ឆ្នាំ​២០១៦​កន្លងទៅ គឺ​ក្រោយ​ផ្ទុះ​បាតុកម្ម​តវ៉ា​ចាក់​ស្រូវ​ចោល​បិទផ្លូវ​នៅ​ខេត្ត​បាត់ដំបង ជុំវិញ​ការធ្លាក់​ថ្លៃ​ស្រូវ​យ៉ាងគំហុក រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច បានប្រកាស ឧបត្ថម្ភ​ថវិកា​ចំនួន ២៧​លាន​ដុល្លារ ដើម្បី​ជំរុញ​ការទិញ​ស្រូវ​ក្នុងស្រុក ដោយ​អនុញ្ញាតឲ្យ​ធនាគារអ​ភិ​វឌ្ឍន៍​ជនបទ ជា​ប្រតិបត្តិ​ក​រ អនុវត្ត​គម្រោង​នេះ​៕
​ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត