UNESCO ពន្យារពេល​១​ឆ្នាំ ក្នុង​ការវាយតម្លៃ​ឯកសារ​គុន​ល្បុក្កតោ​កម្ពុជា​

13-06-2018 4:12 pm 359
  ស្តាប់
ស្តាប់ជាសំឡេង

​អង្គការ​UNESCO បាន​សុំ​ពន្យារពេល​១​ឆ្នាំ​ទៀត ក្នុង​ការវាយតម្លៃ​លើ​ឯកសារ​គុន​ល្បុក្កតោ​កម្ពុជា ដែល​បានស្នើ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី តែ​UNESCO​បានបង្ហាញ​ពី​សញ្ញា​វិជ្ជមាន​មួយចំនួន ដែលជា​ក្តីសង្ឈឹម​សម្រាប់​កម្ពុជា​។

សំណុំ​ឯកសារ​គុន​ល្បុក្កតោ​កម្ពុជា ដែល​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដាក់​ស្នើសុំ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ​របស់​អង្គការ UNESCO ត្រូវបាន​ភ្នាក់ងារ​ពិសេស​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ធ្វើ​ការត្រួតពិនិត្យ​បណ្ដោះអាសន្ន​ហើយ ប៉ុន្ដែ​មិនទាន់​ធ្វើ​ការវាយតម្លៃ​នោះទេ ដោយ​សុំ​ពន្យារពេល ១​ឆ្នាំ​។ នេះ​បើតាម​លើកឡើង​របស់ លោក​វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក កាលពី​ថ្ងៃទី​១២ មិថុនា​។​

​បើតាម​ការអះអាង​រប​ស់លោក​វ៉ាត់ ចំរើន ឲ្យដឹងថា អង្គការ UNESCO បាន​ជូនដំណឹង​មក​ក្រសួង​វប្បធម៌ និង​វិចិត្រ សិល្បៈ រួចហើយ ដោយ​សុំ​ពន្យារពេល​ក្នុង​ការវាយតម្លៃ ប៉ុន្ដែ​ពួកគេ​ក៏បានផ្ដល់​នូវ​សញ្ញា​វិជ្ជមាន​មួយចំនួន ដែលជា​ក្ដីសង្ឃឹម​សម្រាប់​កម្ពុជា ក្រោយពី​បាន​ត្រួតពិនិត្យ​បណ្ដោះអាសន្ន លើ​សំណុំ​ឯកសារ​គុន​ល្បុក្កតោ​របស់​កម្ពុជា គឺមាន​លក្ខណៈ​ល្អប្រសើរ ដែល​មានសង្ឃឹម​ខ្ពស់​ក្នុង​ការចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​។ លោក​បន្ដថា ដោយសារ​ឆ្នាំនេះ មាន​ប្រទេស​ជាច្រើន បានដាក់​សំណើសុំ​ចុះបញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ អ៊ីចឹង​គេ​ផ្ដល់ឱកាស​ទៅ​ប្រទេស​ណា ដែលមាន​ការចុះបញ្ជី​តិចជាងគេ​។​

​បើ​ពុំមាន​ចំណុច​ខ្វះខាត​ក្នុង​ឯកសារ​គុន​ល្បុក្កតោ​របស់​កម្ពុជា​នោះទេ នៅ​ឆ្នាំ​២០១៩ UNESCO នឹង​បញ្ជូន​ឯកសារ​គុន​ល្បុក្កតោ ទៅ​ក្រុម​គណៈកម្មការ​ជំនាញ ដើម្បី​ធ្វើ​ការវាយតម្លៃ​លើក​ចុង​។​នេះ​បើតាម​ការអះអាង​របស់​លោក​វ៉ាត់ ចំរើន​។​

​គួរ​បញ្ជាក់ដែរថា ឯកសារ​គុន​ល្បុក្កតោ​កម្ពុជា ត្រូវបាន​បញ្ជូន​ទៅកាន់​អង្គការ UNESCO កាលពី​ខែមីនា ឆ្នាំ​២០១៧ ប៉ុន្ដែ​រហូតដល់​ខែមីនា ឆ្នាំ​២០១៨ ទើប​ស្ថាប័ន​អន្ដរជាតិ​នេះ បើក​កញ្ចប់​ឯកសារ​នោះ ពិនិត្យ​៕

ព័ត៌មានផ្សេងទៀត