ហ្វីលីពីន​គ្រោង​​ចែក​កាំភ្លើង​​ដល់​មេដឹកនាំ​​សហគមន៍​​ឲ្យជួយ​ប្រឆាំង​​​​អំពើ​​​ឧក្រិដ្ឋកម្ម​​​និង​​គ្រឿងញៀន​

13-06-2018 4:03 pm 253
  ស្តាប់
ប្រធានាធិបតី​​ហ្វីលីពីន​លោករ៉ូឌ្រីហ្គោ ឌុយទែតេ
ស្តាប់ជាសំឡេង

​ក្រសួងមហាផ្ទៃ​ហ្វីលីពីន​បាន​និយាយ​នៅ​ថ្ងៃទី​១៣​មិថុនា​នេះ​ថា គ្រោង​នឹង​ចែកជូន​កាំភ្លើងខ្លី​ដល់​មេដឹកនាំ​សហគមន៍​នៅ​ហ្វីលីពីន ក្នុង​គោលបំណង​ឲ្យ​ពួកគេ​ជួយ​បង្ក្រាប​បទឧក្រិដ្ឋ​និង​ការជួញដូរ​គ្រឿងញៀន​។ គម្រោង​នេះ​ធ្វើឲ្យមាន​ក្ដីបារម្ភ​ថា អាច​បង្ក​ជា​អំពើហិង្សា​កាន់តែខ្លាំង​ក្នុង​យុទ្ធនាការ​បង្ក្រាប​។ លោក​ប្រធានាធិបតី​រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេបាន​និយាយកាល​ពី​ថ្ងៃទី​១២​មិថុនា​ថា លោក​កំពុង​ពិចារណា​ពី​ការបំពាក់​អាវុធ​ដល់​មេដឹកនាំ​សហគមន៍ បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​ប៉ូលិស​និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​ក្នុង​សហគមន៍​។​

​កាលពី​សប្ដាហ៍​មុន​លោក​ឌុយ​ទែ​តេបាន​ប្ដេជ្ញា​ថា នឹង​ផ្ដល់​ការការពារ​ស្របច្បាប់​ដល់​ក្រុម​មេដឹកនាំ​សហគមន៍​នៅ​ហ្វីលីពីន ដូចជា​ការការពារ​ប៉ូលិស​និង​ទាហាន​ដូច្នេះ​ដែរ​។ ពួកគេ​នឹង​គ្មាន​ទោស​ឬ​ត្រូវ​ចាប់​ដាក់ពន្ធនាគារ​ឡើយ នៅពេល​ពួកគេ​បាញ់សម្លាប់​ជនសង្ស័យ​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋកម្ម​។​

​មន្ដ្រី​ក្រសួងមហាផ្ទៃ​មួយរូប​ជា​អ្នកគ្រប់គ្រង​មេដឹកនាំ​សហគមន៍​៤២,០០០​នាក់​បានឲ្យដឹងថា កាំភ្លើងខ្លី​ជាច្រើន​ដើម​នឹង​ចែកជូន​ដោយ​ឥតគិតថ្លៃ​ឬ​អាច​ទិញ​ជា​លក្ខណៈ​ឯកជន សម្រាប់​មេដឹកនាំ​សហគមន៍​ដែល​ចូលរួម​ក្នុង​ការប្រយុទ្ធប្រឆាំង​អំពើ​ឧក្រិដ្ឋកម្ម​និង​ការជួញដូរ​គ្រឿងញៀន​។ ប៉ុន្ដែ​កាំភ្លើង​ទាំងនោះ​មិន​ចែក​ដល់​អ្នកពាក់ព័ន្ធ​ការជួញដូរ​គ្រឿងញៀន​ឡើយ​។ លោក​ឌុយ​ទែ​តេ​ធ្លាប់​និយាយថា មាន​មន្ដ្រី​ក្នុង​សហគមន៍​រាប់ពាន់នាក់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​។​

​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​របស់លោក​ឌុយ​ទែ​តេ បានសម្លាប់​មនុស្ស​រាប់​ពាន់​នាក់ និង​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​អន្ដរជាតិ​ថា​រំលោភ​សិទ្ធិមនុស្ស​។ អន្ដរជាតិ​ក៏​ថ្កោលទោស​និង​ចោទប្រកាន់​លោក​ឌុយ​ទែ​តេ​ថា កំពុង​ប្រព្រឹត្ដ​អំពើ​ឧក្រិដ្ឋ​កម្មប្រឆាំង​មនុស្សជាតិ​។ ប៉ុន្ដែ​អាជ្ញាធរ​ហ្វីលីពីន​ធ្លាប់​ចេញមុខ​បកស្រាយ​ថា អ្នក​ដែល​ត្រូវបាន​សម្លាប់​គឺជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ហើយ​ពួកគេ​មិន​ប្រគល់​ខ្លួន​ថែមទាំង​តដៃ​ជាមួយ​កងកម្លាំង​ចុះបង្ក្រាប​ទៀត​៕

ព័ត៌មានផ្សេងទៀត