ខុទ្ទកាល័យ​លោក​ហ៊ុន សែន ថ្កោលទោស​វិធានការ​អាមេរិក​ចំពោះ​លោក​ហ៊ីង ប៊ុន​ហៀ​ង​

13-06-2018 3:38 pm 698

​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ចំពោះ​វិធានការ​របស់​អាមេរិក ដែល​បាន​ដាក់​ទណ្ឌកម្ម លើ​លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​អង្គរក្ស​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ដោយ​មិន​ផ្តល់​ទិដ្ឋាការ​ឱ្យ​ចូល​ទៅ​កាន់ សហរដ្ឋអាមេរិក ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ​របស់​ហ៊ីង ប៊ុន​ហៀ​ង ផងដែរ​។​

​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី បញ្ជាក់ថា ការដាក់ទណ្ឌកម្ម​នេះ ជា​ការចោទប្រកាន់ ដោយ​គ្មាន​មូលដ្ឋាន មក​លើ​រូប​លោក ហ៊ីង ប៊ុន​ហៀ​ង ជា​អ្នកប្រតិបត្តិ​ច្បាប់​ដ៏​ហ្មត់ចត់ និង​ជា​អ្នក​អនុវត្តន៍​កាតព្វកិច្ច​ដ៏​ថ្លៃថ្នូរ នៅក្នុង​ការការពារ​ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម​កម្ពុជា ដែល​ស្ថានភាព​នេះ កំពុងតែ​រីកចម្រើន​ជាទី​គាប់ប្រសើរ​។​

​អ្វី​ដែល​អាមេរិក​ធ្វើ​នេះ គឺជា​ការបំពាន​អធិបតេយ្យ នៃ​ប្រទេស​ឯករាជ្យ​មួយ ដែល​ពុំ​ស្ថិតនៅក្រោម​ច្បាប់​របស់​សហរដ្ឋអាមេរិក​ឡើយ​។ ហើយ​ម្យ៉ាងទៀត គួរតែ​សួរ​ទៅ​អាមេរិក​វិញ​ដែរ​ថា ចុះ​ការ​ដែល​កងទ័ព​អាមេរិក មក​សម្លាប់​ជនជាតិ​កម្ពុជា​រាប់លាន​នាក់ កាលពី​ទសវត្ស​ឆ្នាំ​១៩៧០ ដែល​គ្រាប់បែក​នៅ​តែ​រក​ឃើញរ​ហូត​មក​ដល់​សព្វ​ថ្ងៃ​នោះ តើ​នេះ​មិនមែន​ជា​ការរំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​អាមេរិក​ទេ​ឬ​?

​ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី សូម​រិះគន់​ដោយ​ត្រង់ៗ​ចំពោះ​វិធានការ​ដោយ​ខ្វះ​វិចារណញ្ញាណ និង​ជា​អំពើ​បំពាន​ទាំង​ក​ម្រោង ឥត​អៀនខ្មាស​របស់​សហរដ្ឋ​អាមេរិក​មួយ​នេះ​៕

ព័ត៌មានផ្សេងទៀត