បណ្ណ​ព័ត៌មាន​​អ្នកបោះឆ្នោត​ ជាង​៣​លាន​សន្លឹក​ ត្រូវបាន ​គ​.​ជ​.​ប ​ចែក​ដល់​​ប្រជាពលរដ្ឋ​​

13-06-2018 3:04 pm 689
  ស្តាប់
ស្តាប់ជាសំឡេង

​តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៨ បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ចំនួន​៣,២៣៥,១១២​សន្លឹក ត្រូវបាន ចែក​ដល់ដៃ​ប្រជាពលរដ្ឋ​ជា​អ្នកបោះឆ្នោត​នៅ​ទូទាំងប្រទេស​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន បញ្ជាក់ថា បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​សរុប មាន​ចំនួន​៨,៣៨០,២១៧​សន្លឹក ហើយ​គ​.​ជ​.​ប បាន​ចែក​ដល់ដៃ​អ្នកបោះឆ្នោត​នៅ​ទូទាំងប្រទេស​បាន​ចំនួន ៣,២៣៥,១១២​នាក់ ស្មើនឹង ៣៨,៦០% នៃ​ចំនួន​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ទាំងអស់​។​

​ការបញ្ជាក់​របស់លោក​ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នកនាំពាក្យ គ​.​ជ​.​ប ឲ្យដឹងថា ការចែក​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​នៅតាម​បណ្ដា​ភូមិ​ប្រជាពលរដ្ឋ ធ្វើឡើង​ចាប់ពី​ថ្ងៃទី​០៦ មិថុនា ដល់​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៧​។​

​លោក​បន្តថា ប្រសិនបើ​ចែក​មិនទាន់​អស់​ទេ បណ្ណ​ព័ត៌មាន​នេះ នឹង​បន្ត​ចែក​រហូតដល់​ថ្ងៃទី​២៧ ខែកក្កដា ប៉ុន្តែ​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​ត្រូវ​ទៅ​ទទួល​នៅ សាលាឃុំ​-​សង្កាត់​ដែល​ខ្លួន​រស់នៅ​រៀងៗ​ខ្លួន​។​ប៉ុន្តែ​ការចែក​បណ្ណ​ព័ត៌មាន​នេះ នឹង​ត្រូវតែ​បិទ​បញ្ចប់​ជា​ស្ថាពរ​ត្រឹម​ថ្ងៃទី​២៧ កក្កដា​។ លោក​ហង្ស ពុទ្ធា បានបង្ហាញ​សុទិដ្ឋិនិយម​ថា យ៉ាងហោចណាស់​បណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត​ច្រើនជាង ៨០% នឹងត្រូវ​ចែក​ដល់​ប្រជាពលរដ្ឋ​អ្នកបោះឆ្នោត​៕

ព័ត៌មានផ្សេងទៀត