អាមេរិក​ដាក់ទណ្ឌកម្ម​មេ​អង្គរក្ស​លោក​ហ៊ុន សែន​ក្នុងបញ្ជីខ្មៅ

13-06-2018 11:14 am 3883
  ស្តាប់
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក តាមរយៈ​ក្រសួង​រតនាគារជាតិរ​បស់​ខ្លួន បាន​សម្រេច​ដាក់​ទណ្ឌកម្ម ក្រោម​ច្បាប់ ហ្គ្លោ​ប៊​ល ម៉ែ​កនី​ត​ស្គី (GLOBAL MAGNITSKY) ដោយ​បង្កក​ទ្រព្យសម្បត្តិ លើ​មន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​មួយ​រូប គឺ​លោក​ហ៊ីង ប៊ុន​ហៀ​ង មេបញ្ជាការ​នៃ​កង​អង្គរក្ស​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​។​

​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​រតនាគារ​អាមេរិក កាលពី​ថ្ងៃ​អង្គារ៍ បានបញ្ជាក់​ថា អាមេរិក​បាន​រកឃើញ​ថា លោក​ហ៊ីង ប៊ុន​ហៀ​ង បាន​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ប្រើប្រាស់​ក្រុម​យោធា ដើម្បី​គំរាមកំហែង​ក្រុមបាតុករ និង​គណបក្ស​ប្រឆាំង​តាំងពី​ឆ្នាំ​១៩៩៧​មក ក្នុងនោះ​មាន​ការ​គប់​គ្រាប់បែក បណ្តាល​ពលរដ្ឋ​អាមេរិកាំង​ម្នាក់ រងរ​បួស‍​ផងដែរ​។ 

​សេចក្តីប្រកាស​ព័ត៌មាន បញ្ជាក់ទៀតថា លោក​ហ៊ីង ប៊ុន​ហៀ​ង ជាប់​ពាក់ព័ន្ធ​ករណី​អំពើហិង្សា នៅ​ក្បែរ​វត្ត​ភ្នំ ក្នុង​ឆ្នាំ​២០១៣ រួម​នឹង​ករណី​ហិង្សា​វាយដំ​តំណាងរាស្ត្រ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ត ចំនួន​២​រូប បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ ក្នុង​ឆ្នាំ​២០១៥ នៅ​មុខ​រដ្ឋសភាជាតិ​។​ ​ហិង្សា​ក្នុង​ឆ្នាំ​២០១៥ គឺ​កង​អង្គរក្ស​៣​នាក់ បាន​សារភាព ជុំវិញ​ការប្រើ​អំពើហិង្សារ​នេះ ប៉ុន្តែ​ពួកគេ​ជាប់ពន្ធនាគារ​តែ​រយៈពេល​ខ្លី ហើយ​ថែមទាំង​ទទួលបាន​ការ​ដំឡើង​ឋាន្តរស័ក្តិ បន្ទាប់ពី​ចេញពី​ពន្ធនាគារ​។​

​យ៉ាងណាមិញ ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្លាប់​មានប្រសាសន៍ថា បើ​បរទេស​ណា ចង់​បង្កក​ប្រាក់ មេដឹកនាំ​គណបក្ស​ប្រជាជន ឬ​មន្ត្រី​រាជរដ្ឋាភិបាល គឺ​លោក​សូម​លើក​ទឹកចិត្ត​បន្ថែម​អោយ​ធ្វើ​ចុះ​។ ព្រោះ​ទ្រព្យសម្បត្តិ​របស់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល អាច​មើលឃើញ នៅ​តាម​សាលារៀន មន្ទីរពេទ្យ និង​តាម​មណ្ឌល​កុមារកំព្រា​នានា​។​

​សូមបញ្ជាក់​ថា ក្រោយ​ទទួលរង​ទណ្ឌកម្ម​នេះ រាល់​ទ្រព្យសម្បត្តិ​ផ្សេង​របស់​លោក​ហ៊ីង ប៊ុន​ហៀ​ង នៅលើ​ទឹកដី​អាមេរិក នឹង​ត្រូវ​បង្កក​ទុក រួម​នឹង​ការហាមឃាត់​មិនឲ្យ​ពលរដ្ឋ​អាមេរិក ធ្វើ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ផងដែរ​៕ ដោយៈ​សៅ វិសាល​

 

ព័ត៌មានផ្សេងទៀត