អាជ្ញាធរ​ជាតិ​អប្សរាព្រមាន​ចាត់វិធានការ​តឹងរឹងចំពោះ​ការ​បង្ហោះ​Drone​នៅ​តំបន់​អង្គរ​

13-06-2018 11:00 am
  ស្តាប់
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ជាតិ​អប្សរា បានសម្រេច​បង្កើត​ក្រុមការងារ​ចម្រុះ​មួយ ដែល​នឹង​ពិភាក្សា​ទៅលើ​អង្គច្បាប់ ដើម្បី​ចាត់វិធានការ​តឹងរឹង​បន្ថែមទៀត ចំពោះ​ការ​បង្ហោះ​យន្តហោះ​ខ្នាតតូច ( Drone ) នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ ភ្លាមៗនេះ អាជ្ញាធរនឹងប្រើប្រាស់វិធានការ​បណ្តោះអាសន្ន ដែល​ត្រូវ​ចាប់​Drone​រក្សាទុក​មួយរយៈ ជា​បណ្តោះអាសន្ន និង​តម្រូវឲ្យ​ម្ចាស់ បំពេញបែបបទ​ស្នើសុំ​តាម​ក្រោយ​។ ជាមួយគ្នានេះ អាជ្ញាធរ​ជាតិ​អប្សរា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត នឹង​រៀបចំ​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត នូវ​បម្រាម​ប្រើប្រាស់​Drone​ក្នុង​តំបន់​អង្គរ ដូចជា ការបោះពុម្ព​ផ្ទាំង​ប៉ាណូ​ធំៗ ការដាក់​សញ្ញា​ហាមឃាត់​នៅលើ​បណ្ណទ​ស្សនា និង​ការផ្សព្វផ្សាយ នៅលើ​គេហទំព័រ​ទេសចរណ៍​ជាដើម​។ 

​ការសម្រេច​ដាក់ចេញ​នូវ វិធានការ​ថ្មី​និង​តឹងរឹង ដើម្បី​ទប់ស្កាត់​ការ​បង្ហោះ Drone​នេះ ធ្វើឡើង​នៅពេល​អាជ្ញាធរ​ជាតិអប្សរា បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ស្ថាប័ន​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កាលពីពេល​ថ្មីៗ​នេះ​។ ​កិច្ចប្រជុំ​នេះ​រៀបចំឡើង ស្របពេល​ដែល​ការ​លួច​បង្ហោះ Drone ក្នុង​រមណីយដ្ឋាន​អង្គរ មាន​ការកើនឡើង​យ៉ាងគំហុក ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ​។ ពោល នៅក្នុង​រយៈពេល​៣​ខែ ឆ្នាំ​២០១៧ មាន Drone ចំនួន​៥៨ គ្រឿង និង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​នេះ បាន​កើនឡើង​រហូតដល់​ចំនួន ១៥៨ គ្រឿង បើទោះជា​អាជ្ញាធរ​ជាតិ​អប្សរា បាន​ព្យាយាម​ទប់ស្កាត់​យ៉ាងណាក្តី​។ 

​លោក​សុខ សង្វា​រ​អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើងថា កំណើន​នៃ​Drone​ក្នុង​តំបន់​អង្គរ​នេះ វា​ជា​ហានិភ័យ​ដល់​ប្រាង្គ​ប្រាសាទ​នានា បង្ក​ការរំខាន និង​អាច​ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​រមណីយដ្ឋាន​អង្គរ និង​ភ្ញៀវទេសចរ​ថែមទៀត​។ ម្យ៉ាងវិញទៀត Drone ជា​បច្ចេកវិជ្ជា​ដ៏​ទំនើប ដែល​អាច​បង្ក​ភាពងាយស្រួល ដល់​ក្រុម​ភេរវកម្ម​ក្នុង​ការបំផ្លាញ​ដល់​រមណីដ្ឋាន បេតិកភណ្ឌ​ពិភពលោក​ផងដែរ​។​

​បើតាម​ការបញ្ជាក់​នៅក្នុង​គណនី​ហ្វេ​សប៊ុក របស់​អាជ្ញាធរ​ជាតិ​អប្សរា​នៅ​ថ្ងៃទី​១៣​ខែមិថុនា​នេះ ជាគោលការណ៍ កន្លងមក​លេខាធិការដ្ឋា​នអាកាស​ច​រណ៍​ស៊ីវិល បានកំណត់​មិនឲ្យ​មានប្រើប្រាស់​Drone​ជា​លក្ខណៈ​បុគ្គល​ឡើយ​។ ប៉ុន្តែ​ក្នុងករណី​ដែល​អាច​អនុញ្ញាត​បាន លុះ​ណា​ក្រុមហ៊ុន​មាន​ការចុះបញ្ជី​ត្រឹមត្រូវ​ប៉ុណ្ណោះ ហើយ​ការអនុញ្ញាត​នោះ​ទៀតសោត គឺ​ឲ្យ​បង្ហោះ​ក្នុង​រយៈ​ចម្ងាយ​១៥០​គម ពី​តំបន់ហាមឃាត់ និង​មិនឲ្យ​ហួស​ពី​កម្ពស់​១៥០​ម៉ែត្រ​ពី​ដី​ឡើយ​៕

ព័ត៌មានផ្សេងទៀត