គ​.​ជ​.​ប ពន្យល់​​ពី​មូលហេតុ​​ដែល​កម្ពុជា​ ជ្រើស​យក​​ការបោះឆ្នោត​​តាម​ប្រព័ន្ធ​​សមាមាត្រ​​

13-06-2018 10:46 am 1786
  ស្តាប់
រូបភាព ពី គ.ជ.ប
ស្តាប់ជាសំឡេង

​លោក​ស៊ិក ប៊ុន​ហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​លើកឡើងថា ការបោះឆ្នោត​គឺជា​យន្តការ​ធ្វើឲ្យ​សំឡេងឆ្នោត របស​ប្រជាពលរដ្ឋ​ក្លាយទៅជា​អាសនៈ​ដូចជា​សភា ឬ​ក្រុមប្រឹក្សា​។ លោក​ស៊ិក ប៊ុន​ហុក អះអាងថា នៅលើ​ពិភពលោក គេ​ច្រើន​ប្រើ​ប្រព័ន្ធ​បោះឆ្នោត​២ គឺ​ប្រព័ន្ធ​ឯកត្តនាម និង​ប្រព័ន្ធ​សមាមាត្រ​។​

​បើតាម​លោក​ស៊ិក ប៊ុន​ហុក ថា ប្រព័ន្ធ​សមាមាត្រ ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ត្រឹមត្រូវ​បាន​ច្រើនជាង ប្រព័ន្ធ​ឯកត្តនាម ពីព្រោះ​អ្នកបោះឆ្នោត​ចេញ​ជា​ចំនួន​អាសនៈ​នៅក្នុង​សភា​។​លោក​ថា ប្រព័ន្ធ​នេះ ផ្តល់​លទ្ធភាព​ច្រើន​ដល់​ក្រុម​ភាគតិច និង​ស្ត្រី ឲ្យមាន​ភាពជា​តំណាង​របស់ខ្លួ​ន​នៅក្នុង​សភា ឬ​ក្រុមប្រឹក្សា ហើយ​ច្រើន​បង្កើត​រដ្ឋាភិបាលចម្រុះ​បាន​ច្រើនជាង​ប្រព័ន្ធ​ឯកត្តនាម​។​

​ប្រទេស​ដែល​ប្រកាន់​របប​ដឹកនាំ​តាមបែប​ប្រជាធិបតេយ្យ អ្នកធ្វើនយោបាយ​ត្រូវមាន​អធ្យាស្រ័យ​ខាង​នយោបាយ ឱ្យ​គ្នា​ទៅវិញទៅមក​។ បក្សប្រឆាំង ត្រូវ​ទុក​ឱកាស​ឲ្យ​បក្ស​ឈ្នះឆ្នោត​ដឹកនាំ​ប្រទេស និង​ត្រូវ​ចេះ​ទទួលស្គាល់​ការពិត​។ 

​លោក​ស៊ិក ប៊ុន​ហុក និយាយថា ក្នុងប្រទេស​ប្រជាធិបតេយ្យ គណបក្ស​ដែល​ទទួលបាន សំឡេង​ភាគតិច​នៅក្នុង​រដ្ឋសភា មាន​តួនាទី​ជា​អ្នក​រិះគន់​ការដឹកនាំ​របស់​គណបក្ស ដែលមាន​សំឡេង​ភាគច្រើន ឬ​គណបក្ស​ដឹកនាំ​រដ្ឋាភិបាល ប៉ុន្តែ​ការរិះគន់​នោះ​ត្រូវធ្វើឡើង​ក្នុងន័យ​ស្ថាបនា ដោយមាន​ការគោរព​គ្នា​ទៅវិញទៅមក​។ ការជេរប្រមាថ​គ្នា មិនមែនជា​ការទិតៀន​ដើម្បី​ស្ថាបនា​ទេ​។​

​លោក​ស៊ិក ប៊ុន​ហុក ក៏​បានលើកឡើង​ផងដែ​រថា លទ្ធិប្រជាធិបតេយ្យ គឺជា​ទម្រង់​គ្រប់គ្រង​រដ្ឋ​ដោយ​ប្រជាពលរដ្ឋ​។ មានន័យថា អ្វីៗ​ដែល​រដ្ឋាភិបាល​បានធ្វើ ត្រូវ​ស្រប​តាមច្បាប់ និង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។ លក្ខណៈពិសេស​របស់​លទ្ធិប្រជាធិបតេយ្យ គឺ​សិទ្ធិសេរីភាព​បុគ្គល មាន​គណបក្សនយោបាយ​ច្រើន មាន​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ មាន​ពហុ​និយម និង​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក មាន​ការផ្ទេរអំណាច​ដោ​យ​សន្តិវិធី​។​រដ្ឋាភិបាល​ត្រូវ​អព្យាក្រឹត​ផ្នែក​នយោបាយ បម្រើ​ផលប្រយោជន៍​ប្រជាពលរដ្ឋ ដោយ​មិន​រើសអើង​។ ការបែងចែក​អំណាច​មា​ន​៣ ដាច់ពីគ្នា​។ មេដឹកនាំ ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ម្ចាស់ឆ្នោត និង​ត្រូវមាន​នីតិរដ្ឋ​។​

​សូមបញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ជ្រើស​យក​ការបោះឆ្នោត​តាម​ប្រព័ន្ធ​សមាមាត្រ​នេះ តាំងពី​អាណត្តិ​ទី​១ ឆ្នាំ​១៩៩៣​មកម្ល៉េះ​។​ប្រព័ន្ធ​នេះ បានធ្វើឲ្យ​រដ្ឋាភិបាលក​ម្ពុ​ជា នៅ​អាណត្តិ​ទី​១ និង​អាណត្តិ​ទី​២ គឺជា​រដ្ឋាភិបាលចម្រុះ ដឹកនាំ​ដោយ​គណបក្ស​២ គឺ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច​។​តែ​ពី​អាណត្តិ​ទី​៣ ដល់​អាណត្តិ​ទី​៥  គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​អាសនៈ​សភា​ច្រើន​លើសលប់ ដែល​អាចបង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯងបាន មិន​ត្រូវការ​គណបក្ស​ដទៃ​ចូលរួម​ទេ​។​ប៉ុន្តែ​សម្រាប់​អាណត្តិ​ទី​៦ នេះ គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​ទទួលបាន​អាសនៈ​ច្រើន​លើសលប់ ដែល​អាចបង្កើត​រដ្ឋាភិបាល​ដោយ​ខ្លួនឯង​ជា​បន្តទៀត ឬ​យ៉ាងណា​? ខណៈ​ដៃ​គូប្រកួត​ដែល​គេ​មើលឃើញថា មាន​កម្លាំង​គាំទ្រ​ប្រហាក់ប្រហែលគ្នា គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ផាត់​ចេញពី​សង្វៀន​ប្រកួត​ក្នុង​អាណត្តិ​ទី​៦​នេះ ទៅហើយនោះ​៕

ព័ត៌មានផ្សេងទៀត