លោក​ដូណាល់ ត្រាំ​​​ប្រកាស​​​អាមេរិក​នឹង​​ឈប់​ធ្វើ​​​សមយុទ្ធ​​​នៅ​កូរ៉េខាងត្បូង​

13-06-2018 9:27 am 1344
  ស្តាប់
សមយុទ្ធរួមគ្នា​រវាងកងទ័ព​អាមេរិក​​និងកូរ៉េ​ខាងត្បូង​​កន្លងមក
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​ពេលធ្វើ​សន្និសីទកាសែត​បន្ទាប់ពី​កិច្ចប្រជុំ​ជាមួយ​លោក​គីម ជុង​អ៊ុន​នៅ​សិង្ហ​បុរី លោក​បានប្រកាសថា​អាមេរិក​នឹង​បញ្ឈប់​សមយុទ្ធ​យោធា​ជាមួយ​កូរ៉េខាងត្បូង​។ ការប្រកាស​ដូច្នេះ​បាន​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ដល់​ប្រទេស​សម្ព័ន្ធមិត្ដ​ក្នុង​តំបន់​មាន​ជប៉ុន ពិសេស​គឺ​កូរ៉េខាងត្បូង​ដែល​អាមេរិក​តែង​ធ្វើ​សមយុទ្ធ​ជាមួយ​រាល់​ឆ្នាំ​។ ដំណឹង​នេះ​ក៏​ធ្វើឲ្យ​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​លោក​មូន ជែ​អ៊ីន​លើកឡើងថា នឹង​ស្វែងយល់​បន្ថែម​ពីអ្វី​ដែល​លោក​ត្រាំ​បាន​និយាយ​។​

​ការផ្លាស់ប្ដូរ​នេះ​ត្រូវបាន​គេ​មើលឃើញថា ជា​ការធ្វើសម្បទាន​ដ៏​ធំ​មួយ​សម្រាប់​កូរ៉េខាងជើង​។ នៅក្នុង​សុន្ទរកថា​ពេលធ្វើ​សន្និសីទកាសែត លោក​ត្រាំ​សង្កត់ធ្ងន់ថា​សមយុទ្ធ​ចាត់ទុកជា​ល្បែង​សង្គ្រាម​មួយ​នេះ គួរតែ​ត្រូវ​បញ្ចប់ ព្រោះ​វា​ជាការ​បង្កហេតុ​។ លោក​ក៏​ចង់​ដកទ័ព​អាមេរិក​ចេញពី​កូរ៉េខាងត្បូង​ត្រឡប់​ទៅ​អាមេរិក​វិញ​ដែរ តែ​ក៏ត្រូវ​ធានាឲ្យបាន​ថា​បន្ទាប់ពី​ការដកទ័​ព​សម្ព័ន្ធមិត្ដ​អាមេរិក​នឹងមិន​ទទួល​ការគំ​រាម​កំហែង​ណាមួយ​ឡើយ​។​

​ដោយឡែក​លោក​គីម ជុង​អ៊ុន​វិញ​បាន​លើកឡើងថា សកម្មភាព​យោធា​ប្រឆាំង​គ្នា​ទៅវិញទៅមក​ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។ លោក​ថា​ប្រទេស​ទាំងពីរ​គួរតែ​ប្ដេជ្ញាចិត្ដ អត់ធ្មត់​ឲ្យបាន​ខ្ពស់​កុំ​ប្រឆាំង​គ្នា​ទៀត និង​ចាត់វិធានការ​ស្របច្បាប់​កុំឲ្យ​មាន​ជម្លោះ​កើតឡើង​។ នេះ​បើតាម​ការបញ្ជាក់​ពី​កាសែត​រដ្ឋ​កូរ៉េខាងជើង​។​

​សូមបញ្ជាក់ថា អាមេរិក​បានដាក់​ទ័ព​ប្រមាណ​៣​ម៉ឺន​នាក់​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយ​កងទ័ព​ប្រចាំការ​នៅ​ទីនោះ តែងតែ​ធ្វើ​សមយុទ្ធ​ប្រចាំឆ្នាំ​ជាមួយ​កងទ័ព​កូរ៉េខាងត្បូង​។ កន្លងមក​កូរ៉េខាងជើង​បាន​អំពាវនាវ​ជា​ច្រើនដង ឲ្យ​ប្រទេស​ទាំងពីរ​ឈប់​ធ្វើ​សមយុទ្ធ​យោធា​។ កូរ៉េខាងជើង​ចាត់ទុក​សមយុទ្ធ​ជា​ទង្វើ​រំលោភបំពាន និង​បង្ក​អសន្ដិសុខ​លើ​ឧបទ្វីប​កូរ៉េ​៕

ព័ត៌មានផ្សេងទៀត