ក្រសួង​សាធារណការ​៖ មិនមែន​ផ្លូវ​ជំនួយ​ពី​ចិន​សុទ្ធតែ​គ្មាន​គុណភាព​នោះទេ​

12-06-2018 5:56 pm
  ស្តាប់
ស្តាប់ជាសំឡេង

ថ្លែងប្រាប់​វិទ្យុ​វាយោ​នា​រសៀល​ថ្ងៃ​អង្គារ​នេះ លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវ​ដែលជា​ជំនួយ​ពី​ចិន​មិនមែន​សុទ្ធតែ​គ្មាន​គុណភាព​នោះទេ​។ តែ​វា​អាស្រ័យ​លើ​កត្តា​ភូមិសាស្ត្រ​ទៅវិញ​ទេ​។ ការ​ថ្លែង​អះអាង​បែបនេះ ធ្វើឡើង ក្រោយ​មានមតិ​រិះគន់ថា ផ្លូវ រឺ​ស្ពាន​ដែលជា​ជំនួយ​របស់​ចិន​មក​កម្ពុជា មិនសូវមាន​គុណភាព ដូច​ផ្លូវ​ជំនួយ​ពី​ជប៉ុន​ឡើយ​។

​ជារឿយៗ គេ​តែងតែ​ឮ​មជ្ឈដ្ឋាន​ទូទៅ​រិះគន់ថា ផ្លូវ រឺ​ស្ពាន​ដែលជា​ជំនួយ​ពី​សំណាក់​មហាមិត្ត​ចិន​មកលើ​កម្ពុជា មិនសូវមាន​គុណភាព​ដូច​ផ្លូវ​ជំនួយ​ពី​ជប៉ុន​ឡើយ​។ ឆ្លើយតប​ទៅនឹង ការលើកឡើង​នេះ លោក​វ៉ា ស៊ឹម​សូរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ បាន​ប្រាប់​វិទ្យុ​វាយោ​នា​ថ្ងៃ​អង្គារ​នេះ​ថា ផ្លូវ​ដែលជា​ជំនួយ​ពី​ចិន​មិនមែន​សុទ្ធតែ​គ្មាន​គុណភាព​នោះទេ តែ​វា​អាស្រ័យ​លើ​កត្តា​ភូមិសាស្ត្រ រឺស្ថា​នភាពដី​ទៅវិញ​។ លោក​បន្តថា ដោយសារ​ជំនួយ​ផ្លូវ ដែល​ទទួលបាន​ពី​ចិន​មាន​ច្រើន​លើសលប់​ពោលគឺ​ដល់​ទៅ​៣០០០​គីឡូម៉ែត្រ បើ​ធៀប​ជាមួយ​ជប៉ុន​មានតែ​២០០​ទៅ​៣០០ គីឡូ​ប៉ុណ្ណោះ​។ ហេតុនេះ​ទើប​គេ​ងាក​ទៅខាង​ណា ក៏​ឃើញតែ​ផ្លូវ​ជំនួយ​ពី​ចិន​.....

​សំឡេង​លោក​វ៉ា ស៊ឹម​សូរិយា​៖

​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​ចិន​បាន​ផ្តល់ជំនួយ​មក​កម្ពុ​ជា ជា​បន្តបន្ទាប់​។ ថ្មីៗ​នេះ​ទើបតែ​មាន​ការដាក់​សម្ពោធ​ជា​ផ្លូវការ​នូវ កំណាត់​ផ្លូវជាតិ​លេខ​៦ ដែលមាន​ប្រវែង​សរុប ២៤៨,៥៣ គីឡូម៉ែត្រ ចាប់ពី ថ្នល់កែង​ខេត្ដ​កំពង់ចាម ដល់​អង្គ្រង ខេត្តសៀមរាប ក្រាល​បេតុង កៅស៊ូ AC ត្រូវបាន​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៥៥,០២​លាន​ដុល្លារ​អាមេរិក​។ ថវិកា​ទាំងនោះ ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​អនុវត្ដ​ការសាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ សៀង​ហៃ​គ្រុប ខូ​អិល​ធី​ឌី និង​ត្រួតពិនិត្យ​បច្ចេកទេស សាងសង់​ដោយ​ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន ដោយ​ប្រើ​រយៈពេល​សាងសង់​ដល់​ទៅ ៥០​ខែ ចាប់ផ្តើម​ពី​ខែ​ឧសភា ឆ្នាំ​២០១៣ និង​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ​២០១៧​។​

គិត​មកដល់ពេលនេះ បើតាម​ការប៉ានស្មានរ​បស់​លោក​វ៉ា ស៊ឹម​សូរិយា បានឲ្យដឹងថា​ផ្លូវដែល​ភាគី​ចិន​បាន​ផ្តល់ជំនួយ​មកឲ្យ​កម្ពុជា ទាំង​ផ្លូវ​ដែល​សាងសង់​ហើយ និង​កំពុង​បន្ត​សាងសង់ មាន​ប្រហែល​ចន្លោះ​ពី​២៥០០​ទៅ​៣០០០​គីឡូម៉ែត្រ បើ​គិត​ជា​ទឹកប្រាក់​ប្រហែល​ចន្លោះ​ពី​២៥០០ ទៅ​៣០០០​លាន​ដុល្លារ​អាមេរិក​។ លោក​ថែមទាំង​បង្ហើប​ថា ថវិកា​ជំនួយ​ទាំងនោះ​មិនមែន​សម្រាប់តែ​ការសាងសង់​ផ្លូវ​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​ការសាងសង់​ស្ពាន​ធំៗ​យ៉ាងហោចណាស់​៧​ទៅ​៨​ផងដែរ​។​

គួរកត់សម្គាល់​ដែរថា រយៈពេល​ចុងក្រោយ​នេះ កម្ពុជា និង​ចិន​បានបង្ហាញ​ពី​ទំនាក់ទំនង​ចាក់ទឹកមិនលិច​រវាង​ប្រទេស​ទាំងពីរ​។ គេ​នៅ​ចាំបាន​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ហ៊ុន សែន ទៅកាន់ ប្រទេស​ចិន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​, ប្រមុខ​រដ្ឋាភិបាល​រូបនេះ បាន​អះអាងថា​ទំនាក់ទំនង ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ចិន​-​កម្ពុជា កាន់តែ​ឈាន​ទៅកាន់​កម្រិត​ខ្ពស់​ជា​បន្តបន្ទាប់​។​លោក​ថែមទាំង​ប្រកាសថា ចិន​គឺជា​ខ្នងបង្អែក​ដ៏​រឹងមាំ​មួយ​របស់​កម្ពុជា ដែល​បន្ត​ជួយ​ប្រទេសមួយ​នេះ​នៅ​គ្រប់​កាលៈទេសៈ ដែល​គ្មាន​បរទេស​ណា​មក​បំបែក​បំបាក់​បានឡើយ​៕​

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត