សហជីព​​ស្នើ​ឲ្យ​​ព្រឹទ្ធសភា​​កុំ​​អនុម័ត​​លើ​​សេចក្ដី​ព្រាង​ច្បា​ប់​​ស្ដីពី​​ការ​ងារ

12-06-2018 5:24 pm

​គឺ​ក្នុង​សេចក្ដីថ្លែងការណ៍​ចុះ​ថ្ងៃទី​១២ មិថុនា សភាព​សហជីព​កម្ពុជា​ដែលមាន​លោក​រ៉ង ឈុន​ជា​ប្រធាន​បាន​លើកឡើងថា ជំពូក​៤ មាត្រា​៨៩ មាត្រា​៩០ មាត្រា​៩១ មាត្រា​៩៤ មាត្រា​១១០ មាត្រា​១២០ និង​មាត្រា​១២២​នៃ​ច្បាប់​ស្ដីពី​ការងារ ដែល​រដ្ឋសភា​ទើប​បានអនុម័ត តាម​សំណើ​រដ្ឋាភិបាល​នោះ នឹង​នាំឲ្យ​ប៉ះពាល់​ដល់​សិទ្ធិសេរីភាព​សហ​ជី​ព និង​ផលប្រយោជន៍​របស់​កម្ម​ក​រ​។​

​សេចក្ដីថ្លែងការណ៍​ដដែល​ឲ្យដឹងថា អត្ថន័យ​នៃ​មាត្រា​ដែល​ធ្វើ​វិសោធនកម្ម​ថ្មី​ទាំងនោះ បាន​បើកឱកាស​ឲ្យ​និយោជក ឬ​ថៅកែ​រោងចក្រ​រួច​ផុតពី​កាតព្វកិច្ច និង​មិន​ទទួលខុសត្រូវ​ចំពោះ​កម្មករ ក្នុងករណី​សហគ្រាស​បិទទ្វារ ដែល​នេះ​នឹង​នាំឲ្យ​បាត់បង់​ផលប្រយោជន៍​កម្មករ​។ ម្យ៉ាងវិញទៀត​ច្បាប់​នេះ នឹង​បើកផ្លូវ​ឲ្យ​និយោជក​ងាយស្រួល​បញ្ឈប់​កម្មករ​តាមរយៈ​កិច្ចសន្យា​មាន​កាលកំណត់ ឬ​កិច្ចសន្យា​ខ្លី​។​

សហជីព​ដែលមាន​និន្នាការ​ប្រឆាំង​រដ្ឋាភិបាល​មួយ​នេះ​យល់ថា ការស្នើ​របស់​រដ្ឋាភិបាល​ឲ្យមាន​វិសោ​ធន​កម្ម​ច្បាប់​ស្ដីពី​ការងារ​នេះ គ្រាន់តែ​ធ្វើតាម​ការចង់បាន​របស់​និយោជក​ប៉ុណ្ណោះ និង​ថា​រដ្ឋាភិបាល​មិនបាន​អញ្ជើញ​សហជីព ឲ្យចូល​រួម​ពីភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះទេ​។​

​សហជីព​ស្នើឲ្យ​សមាជិក​ព្រឹទ្ធសភា​ទាំងអស់ កុំ​អនុម័ត​លើ​សេចក្ដីព្រាង​វិសោធនកម្ម​មាត្រា​មួយចំនួន​ខា​ង​លើ នៃ​ច្បាប់​ស្ដីពី​ការងារ និង​ស្នើឲ្យ​រដ្ឋាភិបាល​ពិនិត្យមើល​ឡើងវិញ ដោយ​សំអាងថា​ច្បាប់​នេះ​ធ្វើឲ្យប៉ះពាល់​ដល់​ផលប្រយោជន៍​កម្ម​ក​រ និង​សិទ្ធិសេរីភាព​សហជីព​។​

យ៉ាងណាក៏ដោយ រដ្ឋាភិបាល​កម្ពុជា​អះអាងថា វិសោធនកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្ការ​ហារនិ​ភ័យ​របស់​កម្មករនិយោជិ​ត ក្នុងករណី​រោងចក្រ​បិទទ្វារ​ដោយសារ​ម្ចាស់​រោងចក្រ​រត់ចោល ដែល​កម្មករ​អាច​ទទួល​បាន​ការទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ​រៀងរាល់​៦​ខែម្ដង និង​មិន​កំណត់​កម្រិត​អតិបរមា​នៃ​ប្រាក់​បំណាច់​អតីតភាព​ការងារ បើទោះជា​កម្មករ​ត្រូវបាន​បញ្ឈប់ ឬ​លាឈប់​ពី​ការងារ​ក៏ដោយ​។​

សូម​បញ្ជាក់ដែរថា សេចក្ដីព្រាងច្បាប់​ស្ដីពី​វិសោធនកម្ម​មាត្រា​មួយចំនួន​នៃ​ច្បាប់​ស្ដីពី​ការងារ ត្រូវបាន​រដ្ឋសភា​កម្ពុ​ជា​អនុម័​ទាំងស្រុង​ដោយ​សំឡេងគាំទ្រ​១០៧ លើ​សំឡេង​សរុប​ចំនួ​១០៩ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​លើក​ទី​១០ នីតិកាល​ទី​៥ កាលពី​ថ្ងៃទី​៧ មិថុនា​៕

​ដោយ៖ ធុច ធារ៉ា

ព័ត៌មានផ្សេងទៀត