ជំនួប​​រវាង​​លោក​ដូណាល់ ត្រាំ​​និង​លោក​គីម ជុង​អ៊ុន​​សម្រេចបាន​​លទ្ធផល​​អ្វីខ្លះ​?

12-06-2018 4:42 pm 629
  ស្តាប់
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​ពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ស្តាប់ជាសំឡេង

​ការពិភាក្សា​ពេញ​មួយ​ព្រឹក លោក​ដូណាល់ ត្រាំ​នឹង​លោក​គីម ជុង​អ៊ុន​បាន​ផ្លាស់ប្ដូរ​មតិយោបល់​យ៉ាង​ស៊ីជម្រៅ​ជាមួយគ្នា​។ ក្នុងនោះ​លោក​ត្រាំ​ក៏បាន​អះអាង​ធានា​ពី​សុវត្ថិភាព​ដល់​កូរ៉េខាងជើង ហើយ​លោក​គីម​បាន​ប្ដេជ្ញាចិត្ដ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការលុបបំបាត់ចោល​នុយក្លេអ៊ែ​រ​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​មេដឹកនាំ​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួម ឯកភាព​លើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា​៖

​ទីមួយ​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​បង្កើត​ទំនាក់ទំនង​ថ្មី​ជាមួយគ្នា អនុលោម​តាម​បំណងប្រាថ្នា​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ដើម្បី​សន្ដិភាព​និង​វិបុលភាព​។​

​ទី​ពីរ​៖ អាមេរិក​និង​កូរ៉េខាងជើង​នឹង​ខិតខំ​ឲ្យអស់​ពី​សមត្ថភាព ដើម្បី​កសាង​សន្ដិភាព ស្ថិរភាព នៅលើ​ឧបទ្វីប​កូរ៉េ​។​

​ទី​បី​៖ លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន​បានបញ្ជាក់​ឡើងវិញ​ពី​សេចក្ដីប្រកាស​រួម ដែល​លោក​គីម ជុង​អ៊ុន​និង​លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង​សម្រេចបាន ក្នុង​កិច្ចប្រជុំ​អន្ដរ​កូរ៉េ​កាលពី​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។ កាលនោះ​កូរ៉េខាងជើង​ប្ដេជ្ញា​នឹង​រំលាយចោល​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​ទាំងស្រុង​។​

​ទី​បួន​៖ អាមេរិក​និង​កូរ៉េខាងជើង​ប្ដេជ្ញា​ដោះស្រាយ​បញ្ហា​​អ្នកទោស​ដែលនៅ​​សេស​សល់​​​ និង​ការធ្វើ​មាតុភូមិនិវត្ដន៍​អ្នកទោស​ដែល​បានកំណត់​អត្ដសញ្ញាណ​រួចរាល់​។ 

​បន្ថែម​លើ​នេះ​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន ចាត់ទុក​កិច្ចប្រជុំ​ជា​ព្រឹត្ដិការណ៍​ធំធេង​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ ក្នុងការ​យកឈ្នះ​ភាព​តានតឹង​រវាង​ប្រទេស​ទាំងពីរ​។ លោក​ត្រាំ​និង​លោក​គីម​រំពឹង​នឹង​អាច​បើក​ទំព័រ​សករាជ​ថ្មី មាន​អនាគត​ថ្មី នៃ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង​។ នៅក្នុង​កិច្ចព្រមព្រៀង​មេដឹកនាំ​ទាំង​ពីរបាន​ប្ដេជ្ញា​អនុវត្ដ​ទៅតាម​អ្វីដែល​បាន​ឯកភាព ឆ្ពោះទៅ​សម្រេច​ឲ្យបាន​កិច្ចសហប្រតិបត្ដិការ​ទ្វេភាគី អភិវឌ្ឍ​ទំនាក់ទំនង​អាមេរិក​-​កូរ៉េខាងជើង លើកកម្ពស់​សន្ដិភាព វិបុលភាព និង​សន្ដិសុខ​នៅលើ​ឧបទ្វីប​កូរ៉េ​ក៏ដូចជា​ពិភពលោក​ទាំងមូល​៕​

ព័ត៌មានផ្សេងទៀត