លោក​គីម ជុង​អ៊ុន​​តាំងពី​ចូល​កាន់​តំណែង​​ទើបតែ​​ជួប​មេដឹកនាំ​​អន្ដរជាតិ​​បាន​បី​រូប​ប៉ុណ្ណោះ​

12-06-2018 10:35 am 555
  ស្តាប់
មេដឹកនាំកូរ៉េខាងជើង​លោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​លោក​គីម ជុង​អ៊ុន​កើត​នៅ​ថ្ងៃទី​០៨​ខែមករា​ឆ្នាំ​១៩៨៤ បច្ចុប្បន្ន​ជា​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​។ លោក​ចូល​កាន់តំណែង​កាលពី​ឆ្នាំ​២០១១ ហើយ​ក្លាយជា​មេដឹកនាំ​គណបក្ស​ពលករ​កូរ៉េខាងជើង​ក្នុង​ឆ្នាំ​២០១២​។ លោក​គីម ជុង​អ៊ុន​គឺជា​កូន​ទី​ពីរ​ក្នុងចំណោម​បងប្អូន​បីនាក់​។ ឪពុក​លោក​គីម ជុង​អ៊ុន​ឈ្មោះ​លោក​គីម ជុងអ៊ីល ជា​មេដឹកនាំ​កូរ៉េខាងជើង​បាន​ស្លាប់​ក្នុង​ឆ្នាំ​២០១១ និង​ម្ដាយ​ឈ្មោះ​កូ យ៉ុង​ហេ​(Ko Young-hee)​ជា​អ្នកចម្រៀង​អូ​ប៉េ​រ៉ា​។​

​លោក​គីម ជុង​អ៊ុន​ធ្លាប់បាន​សិក្សា​នៅក្នុង​ប្រទេស​ស្វីស​តាំងពីក្មេង ប៉ុន្ដែ​លោក​បានទទួល​បរិញ្ញាបត្រ​ចំនួន​ពីរ ពី​សាកលវិទ្យាល័យ​នៅ​ក្នុងប្រទេស​កូរ៉េខាងជើង​។ ក្នុងនោះ​មួយ​ជា​បរិញ្ញាបត្រ​រូបវិទ្យា​នៅ​សាកលវិទ្យាល័យ Kim Il-sung University និង​មួយទៀត​ជា​បរិញ្ញាបត្រ​មន្ដ្រី​យោធា​នៅ​សាកលវិទ្យាល័យ Kim Il-sung Military University​។​

​លោក​គីម ជុង​អ៊ុន តាមពិតទៅ​ត្រូវបាន​គេ​ចាត់ទុកជា​អ្នក​បន្ដ​តំណែង​ចាប់តាំងពី​ចុងឆ្នាំ​២០១០ តែ​លោក​បាន​កាន់តំណែង​មេដឹកនាំ​កំពូល​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១១ បន្ទាប់ពី​លោក​គីម ជុងអ៊ីល​ជា​ឪពុក​ទទួលមរណភាព​។ ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១២ លោក​គីម ជុង​អ៊ុន​ត្រូវបានតែងតាំង​ជា​មេដឹកនាំ​គណបក្ស​ពលករ​កូរ៉េខាងជើង​រហូតដល់​បច្ចុប្បន្ន​។​

​ចាប់តាំងពី​ចូល​កាន់តំណែង លោក​គីម ជុង​អ៊ុន​ទើបតែ​បាន​ជួប​មេដឹកនាំ​អន្ដរជាតិ​បី​រូប​ប៉ុណ្ណោះ​។ ដំបូង​ឡើយ​លោក​គីម​បាន​ជួប​ជាមួយ​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង​។ លោក​គីម​ជួប​លោក​ស៊ី​ពីរលើក លើកទីមួយ​នៅ​ថ្ងៃទី​២៥​មីនា​ឆ្នាំ​២០១៨ បាន​ពិភាក្សា​ពី​បញ្ហា​នុយក្លេអ៊ែរ​នៅលើ​ឧបទ្វីប​កូរ៉េ​និង​បញ្ហាសំខាន់ៗ​មួយចំនួនទៀត​។ លោក​គីម​បាន​ទៅ​ជួប​លោក​ស៊ី​ដល់​ទីក្រុង​ប៉េកាំង​តែម្ដង​។ លើក​ទី​ពីរ​នៅ​ថ្ងៃទី​០៧​ឧសភា​ឆ្នាំ​២០១៨​នៅក្នុង​ទីក្រុង​Dalian​ប្រទេស​ចិន​។​

​លោក​គីម ជុង​អ៊ុន​ក៏បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងលោក​មូន ជែ​អ៊ីន​ផងដែរ នៅ​ថ្ងៃទី​២៧​មេសា​ជា​ជំនួប​ប្រវត្ដិសាស្ដ្រ​ក្រោយ​បញ្ចប់​សង្គ្រាម​កូរ៉េ​ឆ្នាំ​១៩៥៣​។ កិច្ចពិភាក្សា​កាលនោះ​ជជែក​ពី​ការស្វែងរក​សន្ដិភាព​សម្រាប់​ឧបទ្វីប​កូរ៉េ ការបង្កើត​សន្ធិសញ្ញា​បញ្ចប់សង្គ្រាម​កូរ៉េ រួម​នឹង​ការបញ្ឈប់​សកម្មភាព​បង្កហេតុ​ដាក់គ្នា​ទៅវិញទៅមក​។ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​កូរ៉េ​ទាំងពីរ​បានចេញ​សេចក្ដីប្រកាស​រួម​ជាមួយគ្នា ជា​សក្ខីភាព​បង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្ដិភាព​។​

​ដោយឡែក​ជំនួប​ជាមួយ​មេដឹកនាំ​អន្ដរជាតិ​ទី​៣ គឺ​លោក​គីម ជុង​អ៊ុន​បាន​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ ដែល​កិច្ចប្រជុំ​បានចាប់ផ្ដើម​នៅ​សិង្ហ​បុរី​ថ្ងៃទី​១២​មិថុនា​នេះ​។ ជំនួប​ជាមួយ​លោក​ដូណាល់ ត្រាំ​គឺជា​រឿង​ប្រវត្ដិសាស្ដ្រ​មួយទៀត ក្រោយ​មេដឹកនាំ​ទាំង​ពីរបាន​វាយប្រហារ​ដោយ​ពាក្យសម្ដី​ខ្លាំងៗ​ដាក់គ្នា​កន្លងមក ស្ទើរតែ​ផ្ទុះអាវុធ​។ ជំនួប​រវាង​មេដឹកនាំ​ទាំងពីរ​នៅ​សិង្ហ​បុរី ផ្ដោត​សំខាន់​លើ​ការដកហូត​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង និង​ការស្វែងរក​សន្ដិភាព​ពេញលេញ​នៅលើ​ឧបទ្វីប​កូរ៉េ​។

រីឯ​ជំនួប​មេដឹកនាំ​អន្ដរជាតិ​ទី​បួន​នៅ​មិនទាន់​ច្បាស់ការ​ទេ ប៉ុន្ដែ​តាម​ព័ត៌មាន​ដែល​បែកធ្លាយ​កន្លងមក លោក​គីម ជុង​អ៊ុន​គ្រោង​នឹង​ជួប​លោក​វ្លា​ឌី​មៀ ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី​ក្នុងពេល​ឆាប់ៗ​ខាងមុខ​៕

ព័ត៌មានផ្សេងទៀត