ជំនួប​លោក​ត្រាំ​-​លោក​គីម៖លោក​គីម​ថាមិន​ងាយស្រួល​នោះទេទម្រាំ​បាន​មកដល់​ទីនេះ​

12-06-2018 10:06 am
លោកគីម ជុងអ៊ុននៅខាងឆ្វេងលោកដូណាល់ ត្រាំ

​លោក​គីម ជុង​អ៊ុន ប្រធានាធិបតី​កូរ៉េខាងជើង បាន​និយាយ​ពេល​អង្គុយ​នៅ​តុ​ប្រជុំ​ជាមួយ​លោក​ត្រាំ មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ ថា មិន​ងាយស្រួល​នោះទេ ទម្រាំ​បាន​មកដល់​ទីនេះ​។ និយាយ​បណ្តើរ​និង​ញញឹម​ដាក់​លោក​ត្រាំ​បណ្តើរ លោក​គីម​និយាយទៀតថា មាន​ឧបសគ្គ​ជាច្រើន​ដែល​បាន​ជួបប្រទះ​លើផ្លូវ​ដែល​ពួកយើង​ធ្វើដំណើរ ប៉ុន្តែ​ពួកយើង​បាន​យកឈ្នះ​លើ​ឧបសគ្គ​ទាំងឡាយ ហើយ​មាន​វត្តមាន​នៅទីនេះ នៅថ្ងៃនេះ​។​

​លោក​ត្រាំ​បាន​និយាយ​តប ដោយ​ស្នាមញញឹម​ទៅកាន់​លោក​គីម វិញ​ដែរថា យើង​នឹងមាន​ទំនាក់ទំនង​ដ៏​អស្ចារ្យ​……​ខ្ញុំ​គ្មាន​ការសង្ស័យ​ឡើយ​។​ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានសិង្ហបុរី Channel News Asiaនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៨នេះ។

​គួរ​ជម្រាបជូន​ថា លោក​គីម ជុង​អ៊ុន​ប្រធានាធិបតី​កូរ៉េខាងជើង និង​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតីអាមេរិក កំពុង​ជួបពិភាក្សា​គ្នា​នៅក្នុង​ប្រទេស​សិង្ហ​បុរី នៅ​ព្រឹក​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​នេះ​។ របៀបវារៈ​សំខាន់​នៃ​កិច្ចពិភាក្សា​នេះ គឺ​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង រួមទាំង​សន្តិភាព​ជា​អចិន្ត្រៃយ៍​នៅលើ​ឧបទ្វីប​កូរ៉េ និង​បញ្ហា​មួយចំនួនទៀត ដែល​ទាក់ទិន​នឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​៕

ព័ត៌មានផ្សេងទៀត