នាយករដ្ឋមន្ដ្រី​​សិង្ហ​បុរី​​ជួប​លោក​គីម ជុង​អ៊ុន​​និង​លោក​ដូណាល់ ត្រាំ​​ដាច់ដោយឡែក​ពីគ្នា​

11-06-2018 1:43 pm 1262
  ស្តាប់
ពីឆ្វេង លោកដូណាល់ ត្រាំ លោកលី សៀនឡុង និងលោកគីម ជុងអ៊ុន
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ទៅដល់​ប្រទេស​សិង្ហ​បុរី មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី ដើម្បី​ជា​កិច្ច​ស្វាគមន៍​និង​ពិភាក្សា​ពី​បញ្ហាសំខាន់ៗ​មួយចំនួន​ជាមួយគ្នា​។ កិច្ច​ជំនួប​ធ្វើឡើង​កាលពី​ថ្ងៃទី​១០​មិថុនា​។ លោក​គីម ជុង​អ៊ុន​បាន​ថ្លែងអំណរគុណ​ដល់​សិង្ហ​បុរី ដែល​បានរៀបចំ​កិច្ចប្រជុំ​ជាមួយ​លោក​ដូណាល់ ត្រាំ​ឡើង ហើយ​លោក​សង្ឃឹម​កិច្ចប្រជុំ​នឹង​ទទួលបាន​ជោគជ័យ​។ ក្នុងពេល​ពិភាក្សាគ្នា​ថ្នាក់ដឹកនាំ​ទី​ពីរ​ក៏បាន​និយាយ​ពី​ទំនាក់ទំនង​សិង្ហ​បុរី​-​កូរ៉េខាងជើង​ផងដែរ​។ 

​ចំណែក​លោក​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លី សៀន​ឡុង បាន​ជូនព​រលោក​គីម ជុង​អ៊ុន​ឲ្យទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចប្រជុំ ហើយ​សង្ឃឹម​កិច្ចប្រជុំ​នឹង​ទទួលបាន​ប្រយោជន៍​សម្រាប់​ឈានទៅរក​សន្ដិភាព ស្ថិរភាព​នៅលើ​ឧបទ្វីប​កូរ៉េ​និង​នៅក្នុង​តំបន់​ទាំងមូល​។ 

​បន្ទាប់ពី​កិច្ច​ជំនួប​ជាមួយ​លោក​គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១១​មិថុនា​នេះ​លោក​នាយករដ្ឋមន្ដ្រី​សិង្ហ​បុរី​លី សៀន​ឡុង បាន​ជួប​ជាមួយ​លោក​ដូណាល់ ត្រាំ​បន្ដទៀត តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ លោក​ត្រាំ​ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​លោក​លី​។ ថ្នាក់ដឹកនាំ​ទាំង​ពីរបាន​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយគ្នា ព្រមទាំង​បាន​ពិសា​អាហារ​ពេល​ថ្ងៃត្រង់​ជាមួយគ្នា​ផងដែរ​។ លោក​ត្រាំ​និង​លោក​លី​បង្ហាញ​សុទិដ្ឋិនិយម​ពី​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្ដ្រ​ដែល​នឹង​ប្រព្រឹត្ដទៅនៅ​ថ្ងៃទី​១២​មិថុនា​នេះ​។ 

​លោក​ត្រាំ​ក៏​មិន​ខុសពី​លោក​គីម បាន​អរគុណ​ដល់​សិង្ហ​បុរី​សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង រៀបចំ​កិច្ចប្រជុំ​បាន​យ៉ាង​ល្អ​បំផុត ហើយក៏​ជា​រឿង​ប្រវត្ដិសាស្ដ្រ​គួរឲ្យ​ចង​ចាំទុក​។ លោក​ត្រាំ​សង្កត់ធ្ងន់ថា លោក​ពិតជា​ចាប់អារម្មណ៍​ខ្លាំងណាស់​ចំពោះ​កិច្ចប្រជុំ​ជាមួយ​លោក​គីម និង​សង្ឃឹម​អាចធ្វើ​បានល្អ​។ តាមរយៈ​សារ​បង្ហោះ​នៅលើ​Twitter​មុន​ជួប​ជាមួយ​លោក​លី លោក​ត្រាំ​និយាយថា​ពិតជា​រីករាយ​ណាស់​ដែល​បានមក​សិង្ហ​បុរី​។​

​គួរ​បញ្ជាក់ថា មុន​កិច្ចប្រជុំ​ចាប់ផ្ដើម​អាជ្ញាធរ​សិង្ហ​បុរី​បាន​រឹតបន្ដឹង​សន្ដិសុខ​យ៉ាងខ្លាំងបំផុត​។ មន្ដ្រី​កូរ៉េខាងជើង​និង​អាមេរិក ក៏បាន​ជួប​ពិភាក្សាគ្នា​ជាច្រើនលើក​ដើម្បី​សម្រេច​ការរៀបចំ​កិច្ចប្រជុំ​។ កិច្ចប្រជុំ​ទាំងមូល​រវាង​លោក​ត្រាំ​និង​លោក​គីម នឹងមាន​អ្នកសារព័ត៌មាន​ជាង​២,៥០០​នាក់​មកពី​ជុំវិញ​ពិភពលោក តាមដាន​យក​ព័ត៌មាន​ដ៏​មាន​សារៈសំខាន់​និង​ជា​រឿង​ប្រវត្ដិសាស្ដ្រ​នេះ​៕

ព័ត៌មានផ្សេងទៀត