ហេតុអ្វី​​សិង្ហ​បុរី​​ត្រូវ​បាន​ជ្រើសរើស​​ជា​ទីតាំង​​សម្រាប់​​កិច្ចប្រជុំ​​លោក​ត្រាំ​​និង​លោក​គីម​?

11-06-2018 11:07 am
  ស្តាប់
​រូបភាពសណ្ឋាគារCapella ជាទីតាំងដែលលោកត្រាំ​និងលោកគីម​ត្រូវជួប​គ្នា​នៅថ្ងៃទី១២មិថុនា
ស្តាប់ជាសំឡេង

​នៅ​ទីបំផុត​កិច្ចប្រជុំ​រវាង​លោក​ដូណាល់ ត្រាំ​និង​លោក​គីម ជុង​អ៊ុន នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី​១២​មិថុនា​នេះហើយ តាម​ការគ្រោងទុក​ដែល​បានកំណត់ ដោយ​ជ្រើសរើស​យក​ប្រទេស​សិង្ហ​បុរី​ជា​ទីតាំង​សម្រាប់​បើក​កិច្ចពិភាក្សា​។ ក្រោយ​ការសម្រេច​ជ្រើស​យក​ប្រទេស​សិង្ហ​បុរី សំណួរ​បាន​ចោទសួរ​ឡើង​ថា​ហេតុអ្វី​បាន​យក​សិង្ហ​បុរី​ទៅវិញ ខណៈដែល​មាន​ការណែនាំ​ពី​ទីតាំង​សំខាន់ៗ​មួយចំនួន​ដូចជា​នៅ​ស្វីស ម៉ុង​ហ្គោល និង​នៅ​តំបន់​ព្រំដែន​កូរ៉េ​ទាំងពីរ​ជាដើម​។​

​សេត​វិមាន​បាន​ពន្យល់​មូលហេតុ​ដែល​សិង្ហ​បុរី ត្រូវបាន​ជ្រើសរើស​យក​ធ្វើជា​ទីតាំង​នៃ​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​ទាំងពីរ​។ សេត​វិមាន​បាន​បញ្ជាក់ថា ដោយសារ​សិង្ហ​បុរី​មាន​ឆន្ទៈ​ចង់​ធ្វើជា​ម្ចាស់ផ្ទះ ម្យ៉ាង​សិង្ហ​បុរី​មាន​ទំនាក់ទំនង​ការទូត​ទាំង​ជាមួយ​អាមេរិក​និង​កូរ៉េខាងជើង​។ ប្រទេស​ដែលមាន​ប្រជាជន​៥​លាន​៦​សែន​នាក់​នេះ ធ្លាប់មាន​បទ​ពី​សោធន៍​ដឹកនាំ​កិច្ចប្រជុំ​ជាន់ខ្ពស់​របស់​មន្ដ្រី​កំពូលៗ​មកពី​ជុំវិញ​ពិភពលោក​។ ក្នុង​ឆ្នាំ​២០១៥​សិង្ហ​បុរី​ត្រូវបាន​ជ្រើសរើស​ជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​ដ៏​សំខាន់​មួយ រវាង​ប្រធានាធិបតី​ចិន​ស៊ី ជីន​ពីង និង​អតីត​ប្រធានាធិបតី​តៃវ៉ាន់​លោក​ម៉ា យី​ង​ចូ​(Ma Ying-jeou)​។​

​រដ្ឋមន្ដ្រីការបរទេស​សិង្ហ​បុរី​ក្នុងពេល​ធ្វើ​ទស្សនកិច្ច​ទៅ​អាមេរិក​បាន​បញ្ជាក់ថា សិង្ហ​បុរី​មិនបាន​លើកដៃ​ទេ ប៉ុន្ដែ​ត្រូវបាន​គេ​សាកសួរ​។ អាមេរិក​ជា​អ្នក​ជួប​សិង្ហ​បុរី​មុន បន្ទាប់មក​កូរ៉េខាងជើង​បាន​ទៅ​ជួប​តាម​ក្រោយ ពិភាក្សា​ពី​ការ​ជ្រើស​យក​សិង្ហ​បុរី​ធ្វើជា​ទីតាំង​សម្រាប់​កិច្ចប្រជុំ​កំពូល​។ លោក​ថា​ប្រជាជន​សិង្ហ​បុរី​អាចមាន​មោទនភាព ព្រោះ​ពួកគេ​ដឹងថា​សិង្ហ​បុរី​ជា​ប្រទេស​អព្យាក្រឹត អាច​ទុកចិត្ដបាន ស្មោះត្រង់​និង​មាន​សុវត្ថិភាព​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការដាក់​កម្រិត​លើ​ការធ្វើ​បាតុកម្ម សិង្ហ​បុរី​មានច្បាប់​យ៉ាង​តឹងរ៉ឹង​រឹតបន្ដឹង​ការធ្វើ​បាតុកម្ម​ជា​សាធារណៈ​។ ករណី​ចង់​មាន​ការប្រមូលផ្ដុំ​ឬ​ធ្វើបាតុកម្ម ត្រូវតែ​សុំ​ការអនុញ្ញាត​ជាមុន ហើយ​ទីតាំង​មួយចំនួន​ត្រូវ​ហាមឃាត់​មិន​ឲ្យមាន​ការជួប​ជុំដាច់ខាត​។ នេះ​ជា​កត្ដា​មួយទៀត​ធានា​ពី​សុវត្ថិភាព​សម្រាប់​កិច្ចប្រជុំ​កំពូលៗ​។ មន្ដ្រី​សេត​វិមាន​បញ្ជាក់​ផងដែ​រថា អាមេរិក​ជឿជាក់​លើ​សិង្ហ​បុរី ហើយក៏​អរគុណ​ខ្លាំង​ចំពោះ​ការរៀបចំ​នេះ​។ ការជ្រើសរើស​សិង្ហ​បុរី​ទាក់ទង​នឹង​ឆន្ទៈ​និង​ភាពទន់ភ្លន់​ផងដែរ ជា​ហេតុផល​ពិតប្រាកដ​មួយ​ដែល​កូរ៉េខាងជើង​ចង់​បើក​កិច្ចប្រជុំ​នៅ​ទីនោះ​។​

​អ្នកជំនាញ​ក៏​កោតសរសើរ​ដល់​សន្ដិសុខ​នៅ​សិង្ហ​បុរី​ដែរ ដោយ​លើកឡើងថា​អង្គភាព​ការទូត​របស់​រដ្ឋ បុគ្គលិក​សន្ដិសុខ បុគ្គលិក​ស៊ើបការណ៍​សម្ងាត់ ត្រូវបាន​គេ​គោរព​ទូទាំង​ពិភពលោក​។ ដូច្នេះ​នៅពេល​សិង្ហ​បុរី​រៀបចំ​កិច្ចប្រជុំ​កំពូល នោះ​នឹង​គ្មាន​បញ្ហា​សន្ដិសុខ​ឬ​ការ​ស៊ើបការណ៍​សម្ងាត់​ណាមួយ​កើតឡើង រំខាន​ដល់​កិច្ចប្រជុំ​ឡើយ​៕

ព័ត៌មានផ្សេងទៀត