សង្គមស៊ីវិល៖ ប្រកាសអន្តរក្រសួង៣អាចធ្វើឡើងដើម្បីបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល

09-06-2018 4:52 pm
  ស្តាប់
ស្តាប់ជាសំឡេង

សង្គមស៊ីវិលចំនួន១១៧ស្ថាប័ន បានសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយចុះថ្ងៃទី៨ មិថុនា ដោយបានលើកឡើងថា ប្រកាសអន្តរក្រសួង៣ នាពេលថ្មីៗនេះ គឺជាការធ្វើទុក្ខបុកម្នេញលើសិទ្ធិសេរីភាពបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ។ ជាងនេះទៅទៀត សង្គមស៊ីវិលទាំងនេះ បានចាត់ទុកថាជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងធ្វើឡើងដើម្បីបិទសំឡេងអ្នករិះគន់រដ្ឋាភិបាល ។ អ្នកនាំពាក្យក្រសួងព័ត៌មានថា សេចក្តីថ្លែងការណ៍នេះ ហាក់ប្រតិកម្មដោយមិនមានមូលដ្ឋាន ។ លោកជឿថា មានតែជនទុច្ចរិតទេដែលមានប្រតិកម្ម មានឥរិយាបថអវិជ្ជមានទៅលើប្រកាសនេះ ។ យ៉ាងណាក៏ដោយ អ្នកជំនាញបច្ចេកវិទ្យាលើកឡើងថា អន្តរក្រសួងទាំង៣ គួរតែរៀបចំនូវសិក្ខាសាលាសាធារណៈមួយ ដើម្បីពន្យល់ និងបង្ហាញដល់អ្នកប្រើប្រាស់ទាំងអស់ ឱ្យបានយល់ច្បាស់ពីនិយមន័យ អ្វីជាសកម្មភាពបង្កអសន្តិសុខសង្គម ឬល្មើសច្បាប់ ដើម្បីកុំឱ្យអ្នកប្រើប្រាស់នៅមានមន្ទិល ពិសេសដើម្បីឱ្យពួកគេអាចមើលឃើញពីភាពវិជ្ជមាននៃប្រកាសថ្មីនេះ...

សង្គមស៊ីវិលសុរបចំនួន១១៧ស្ថាប័ន បានសម្តែងការសោកស្តាយជាខ្លាំង ចំពោះការធ្វើទុក្ខបុកម្នេញ ពីសំណាក់អាជ្ញាធររដ្ឋមកលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត ។ កង្វល់ទាំងនោះ បានសម្តែងឡើង ពាក់ព័ន្ធនឹងការចេញប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជាចុងក្រោយនេះ ដើម្បីបង្កើនការឃ្លាំមើល ការត្រួតពិនិត្យ និងការផ្តន្ទាទោសព្រហ្មទណ្ឌរបស់អាជ្ញាធររដ្ឋ ទៅលើការសម្តែងមតិតាមប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលនេះ សង្គមស៊ីវិលទាំងនោះបានចាត់ទុកថា គឺជាការរំលោភបំពានទៅលើរដ្ឋធម្មនុញ្ញ និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ។ នេះបើតាមសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី០៨ មិថុនា ។

សេចក្តីប្រកាសព័ត៌មានដដែលបានចាត់ទុកប្រកាសអន្តរក្រសួង៣កាលពីថ្ងៃទី២៨ ឧសភា គឺការគំរាមកំហែងដល់ឯកជនភាព និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត និងប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងអស់នៅកម្ពុជា ក៏ដូចជារឹតត្បិតកាន់តែខ្លាំងឡើងៗចំពោះលំហសេរីភាព និងការពិភាក្សាជាសាធារណៈ ។ ការរឹតត្បិតទាំងស្រុងនោះ គឺសំដៅទៅលើការចាត់វិធានការតាមរយៈបទបញ្ញត្តិមិនច្បាស់លាស់ និងភាពទូលាយនៃលក្ខណៈវិនិច្ឆ័យដូចជាពាក្យថា បំបែកបំបាក់ សាមគ្គីភាព ឬការបង្កអន្តរាយដល់សណ្តាប់ធ្នាប់សង្គមជាដើម ។

ជាងនេះទៅទៀត បទបញ្ញត្តិទាំងនេះ អាចត្រូវបានប្រើប្រាស់ដើម្បីបំបិទសំឡេង និងដាក់ទោសអ្នកផ្សព្វផ្សាយព័ត៌មាន ឬចែកចាយព័ត៌មានបន្តលើប្រព័ន្ធអ៊ីនធឺណិត ដែលមានការរិះគន់រាជរដ្ឋាភិបាល ដូចជា ផលប៉ះពាល់សង្គម និងបរិស្ថាននៃហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្មរ៉ែ ការសាងសង់និងគម្រោងពាណិជ្ជកម្មផ្សេងទៀត ។

លើសពីនេះទៅទៀត សង្គមស៊ីវិលទាំង១១៧នេះ បានអះអាងថា ប្រកាសអន្តរក្រសួងនេះ បានបង្ហាញពីផលប៉ះពាល់ជាខ្លាំងដល់សិទ្ធិឯកជនភាព និងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ដែលត្រូវបានធានាដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ មាត្រា៤១នៃរដ្ឋធម្មនុញ្ញបានចែងថា «ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ» ។

លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ថា សេចក្តីថ្លែងការណ៍នេះ ហាក់ប្រតិកម្មដោយមិនមានមូលដ្ឋាន ។ លោកបញ្ជាក់ថា ប្រកាសអន្តរក្រសួងនេះ មិនបានបំបិទសិទ្ធិនៃការបញ្ចេញមតិនោះទេ វាគ្រាន់តែប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើអ្នកប្រើប្រាស់ផ្ទុយទៅនឹងច្បាប់ប៉ុណ្ណោះ…
សំឡេងលោក អ៊ុក គឹមសេង ៖

លោកសង្កត់ធ្ងន់ថា ប្រកាសអន្តរក្រសួងនេះ បង្កើតឡើងដើម្បីធ្វើយ៉ាងណាឱ្យម្ចាស់គេហទំព័រទាំងឡាយ ត្រូវទទួលខុសត្រូវលើខ្លឹមសាររបស់ខ្លួនដែលចុះផ្សាយ ។ កន្លងមក ដោយសារតែមានការបង្ហោះសារមិនត្រឹមត្រូវ និងមិនអាចស្វែងរកប្រភពអ្នកបង្ហោះសារបាន ដូច្នេះហើយការអនុវត្តកិច្ចការនេះ គឺដើម្បីបន្ថយព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ជាដើម ។ លោកថា ក្រសួងនឹងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ យល់អំពីសិទ្ធិនៃការប្រើប្រាស់ដោយមានការទទួលខុសត្រូវ ។ លោក អ៊ុក គឹមសេង ជឿថា មានតែជនទុច្ចរិតទេដែលមានប្រតិកម្ម មានឥរិយាបថអវិជ្ជមានទៅលើប្រកាសនេះ ។

អ្នកនាំពាក្យក្រសួងព័ត៌មានរូបនេះ លើកឡើងថា អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ នៅតែមានសិទ្ធិអាចប្រើប្រាស់បានដដែល ក៏ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នចំពោះការចែករំលែកសារនានាពីជនអនាមិក ដែលវានឹងអាចបង្កជាបញ្ហាដល់ខ្លួនយើងអ្នកប្រើប្រាស់…
សំឡេងលោក អ៊ុក គឹមសេង ៖

ជាមួយគ្នានេះ លោក ង៉ែត ម៉ូសេ ប្រធានផ្នែកបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ នៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក្នុងនាមជាអ្នកជំនាញបច្ចេកវិទ្យាលើអ៊ីនធឺណិត លោកក៏បានសម្តែងការគាំទ្រទៅលើប្រកាសនេះដែរ ។ លោកថា ប្រកាសនេះ មានផលវិជ្ជមានត្រង់ថា អាចនឹងជួយគ្រប់គ្រងការពារអ្នកដែលធ្វើបានល្អត្រឹមត្រូវ ចំណែកឯអ្នកធ្វើមិនត្រឹមត្រូវ គួរតែទទួលពិន័យ …
សំឡេងលោក ង៉ែត ម៉ូសេ ៖

យ៉ាងណាក៏ដោយ លោកនៅតែមិនទាន់ច្បាស់ថា បើសិនជាគេហទំព័រណាមួយត្រូវបានអន្តរក្រសួងសម្រេចបិទ តើម្ចាស់គេហទំព័រនោះ មានសិទ្ធិប្តឹងទេ? ហើយតើក្រសួងនឹងចេញដីកាប្រាប់ថា មានមូលហេតុអ្វីខ្លះដែលគេហទំព័រមួយនោះ ត្រូវបានក្រសួងសម្រេចបិទទេ? ពាក្យគន្លឹះដែលត្រូវបានចាត់ទុកថា ល្មើសច្បាប់នោះ ក៏ពុំទាន់ដឹងថាមានពាក្យអ្វីខ្លះ ។ ម្យ៉ាងទៀត ការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ច្រោះយកពាក្យគន្លឹះពីទិន្នន័យអ្នកប្រើប្រាស់ វាពិតជាបានរំលោភសិទ្ធិរបស់អ្នកប្រើប្រាស់ខ្លាំង ។

អ្នកជំនាញបច្ចេកវិទ្យារូបនេះស្នើដល់អន្តរក្រសួងទាំង៣ បើសិនជាអាច គួររៀបចំជាសន្និសីទសារព័ត៌មាន ឬសិក្ខាសាលាសាធារណៈមួយដើម្បីពន្យល់ដល់អ្នកប្រើប្រាស់ឱ្យពួកគេបានដឹងច្បាស់ថា អ្វីជានិយមន័យអ្នកបង្កអសន្តិសុខសង្គម ឬល្មើសច្បាប់ កុំឱ្យពួកគេនៅមានមន្ទិល ពិសេសដើម្បីឱ្យពួកគេអាចមើលឃើញពីភាពវិជ្ជមាននៃប្រកាសថ្មីនេះ…
សំឡេងលោក ង៉ែត ម៉ូសេ ៖

ព័ត៌មានផ្សេងទៀត