ចម្លាក់ជាងទងតដូនតាមួយនៅព្រែកក្តាមបន្តដង្ហើមដល់បច្ចុប្បន្នព្រោះខ្លាចបាត់បង់

09-06-2018 11:53 am 1661
  ស្តាប់
លោក វ៉ាន់ ស៊ីថា ជាងចម្លាក់ និងជាគ្រូបង្ហាត់ផ្នែកចម្លាក់នៅសិប្បកម្ម ត្រៀមផ្តិលស្ពាន់ឱ្យអតិថិជន ។ រូបថតដោយ គង់ ឧត្តម ។
ស្តាប់ជាសំឡេង

ចម្លាក់វត្ថុអនុស្សាវរីយ៍ជាកេរ្តិ៍មរតក របស់ខ្មែរតាំងពីសម័យបុរាណកាល មានដូចជាផ្តិល ក្អម ទាំងតូច ទាំងធំ ក៏ដូចជារូបផ្លែឈើ និងសត្វផ្សេងៗជាដើម នៅតែបន្តពេញនិយមសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅកម្ពុជា ។ តែយ៉ាងណាក៏ដោយ សិប្បកម្មប្រភេទនេះ ហាក់កំពុងថយចុះនូវការគាំទ្រ រហូតមានការលើកឡើងពីម្ចាស់សិប្បកម្មថា អាចនឹងឈានទៅរកការបាត់បង់នៅថ្ងៃខាងមុខ ។ បាត់បង់ព្រោះថា សិប្បកម្មមួយចំនួនធំបានសម្រេចចិត្តបោះបង់មុខរបរនេះចោល ដោយសារកត្តាជីវភាព ពិសេសគឺពុំមានយុវជនជំនាន់ក្រោយបន្តវេន និងចង់ចាប់យកអាជីពដ៏លំបាកនេះ ។ បើទោះបីជាយ៉ាងនេះក្តី ម្ចាស់សិប្បកម្មចម្លាក់មួយនៅភូមិព្រែកក្តាម ខេត្តកណ្តាល អះអាងថា ខ្លួននឹងមិនបោះបង់ចោលមុខរបរនេះដាច់ខាត ព្រោះមុខរបរនេះមានតម្លៃ ដើម្បីរក្សា និងលើកកម្ពស់មរតកវប្បធម៌ខ្មែរ...

បើយើងធ្វើដំណើរចេញពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ តម្រង់ទៅស្ពានព្រែកក្តាមប្រមាណជាង៣០គីឡូម៉ែត្រ ហើយបត់ស្តាំឆ្លងស្ពាន ចុះទៅប្រមាណជា១០០ម៉ែត្រ នៅខាងស្តាំដៃ នោះលោកអ្នកបានឮសូរសំឡេងដំប៉ូងប៉ាំងប៉ូងប៉ាំង កន្លែងនោះហើយ គឺជាទីតាំងសិប្បកម្មជាងទងធំមួយនៅព្រែកក្តាម ។

តំបន់ដែលខ្ញុំបានរៀបរាប់ខាងដើមនោះ គឺស្ថិតក្នុងភូមិព្រែកក្តាម ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។ លោក វ៉ាន់ ស៊ីថា ហៅក្រៅប៉ៅអ៊ី ជាជាងចម្លាក់ ហើយក៏ជាគ្រូបង្ហាត់ផ្នែកចម្លាក់នៅសិប្បកម្មនេះបានប្រាប់ខ្ញុំថា សិប្បកម្មរបស់គ្រួសារលោក មានចម្លាក់ស្ពាន់ ប្រាក់ និងទង់ដែង ។ វត្ថុទាំង៣នេះ ត្រូវបានយកមកឆ្នៃផលិតទៅជាវត្ថុអនុស្សាវរីយ៍នានា ដូចជាផ្តិល ថាស ក្អម រូបសត្វ គ្រឿងសម្ភារៈរៀបចំមង្គលការ តាមការចង់បានរបស់អតិថិជន ដែលទាំងអស់នេះ គឺទាក់ទងទៅនឹងគ្រឿងស្ពាន់បុរាណរបស់ខ្មែរ ។

ស៊ីថាបានបញ្ជាក់ប្រាប់ខ្ញុំថា សិប្បកម្មរបស់លោកត្រូវបានគេទទួលស្គាល់ អាចឈរជើងនៅលើទីផ្សារដល់បច្ចុប្បន្ន ក៏ព្រោះស្នាដៃផលិតចម្លាក់ដ៏រស់រវើក ។ ចម្លាក់ផ្តិលត្រូវបានគេពេញនិយមច្រើនជាងគេ វាមានទំហំរង្វង់មាត់១តឹក រហូតដល់៦០តឹក រីឯក្អមចាប់ពីទម្ងន់៥គីឡូក្រាមចុះក្រោម ។ លោកបញ្ជាក់ប្រាប់ខ្ញុំថា ភាគច្រើនអតិថិជន ច្រើនតែកុម្មង់យកទង់ដែងនិងស្ពាន់ ជាងប្រាក់ ក៏ព្រោះប្រាក់មានតម្លៃថ្លៃជាង…
សំឡេង៖

ក្រៅពីចម្លាក់ដែលរៀបរាប់ខាងលើ សិប្បកម្មនេះក៏មានឆ្លាក់នៅលើផ្ទាំងស្ពាន់ ឬទង់ដែង ជាលក្ខណៈគំនូរដែរ ។ ខ្ញុំបានឃើញយុវជនវ័យក្មេងមួយ កំពុងអង្គុយដាប់ដំរូបគំនូរប្រាសាទអង្គរវត្តនៅលើបន្ទះស្ពាន់ធំមួយ ឱ្យផុសត្រឡែតលេចចេញរូបរាងឡើង ។ ចម្លាក់ជាងទងដែលធ្វើដោយដៃសុទ្ធសាធនៅសិប្បកម្មនេះ ត្រូវបានធ្វើឡើងដោយតម្រូវតាមការចង់បានរបស់អតិថិជន និងកុម្មង់ពីពួកគេ ។ នេះបើតាមលោកស៊ីថាបានប្រាប់ ។

បើតាមការអះអាងពីយុវជនវ័យ២៦ឆ្នាំរូបនេះ បានប្រាប់ខ្ញុំទៀតថា កាលពីអំឡុង១០ឆ្នាំមុន សិប្បកម្មរបស់លោក ក៏ដូចជាសិប្បកម្មអ្នកដទៃក្នុងតំបន់ បានផ្គត់ផ្គង់ទីផ្សារធំទៅប្រទេសថៃ តែក្រោយពីមានហេតុការណ៍ជម្លោះរវាងខ្មែរ-ថៃ នៅតំបន់ប្រាសាទព្រះវិហារ អំឡុងឆ្នាំ២០០៨មក ទីផ្សារទៅប្រទេសថៃ ក៏ត្រូវបានផ្អាករហូតដល់បច្ចុប្បន្ន ។ ស៊ីថាប្រាប់ខ្ញុំថា បើតាមសម្តីម្តាយរបស់លោក ការផ្អាកទីផ្សារនេះ វាអាចមកពីមានសិប្បកម្មរបស់ថៃ ឬវៀតណាមជំនួសទីផ្សាររបស់ខ្មែរ ព្រោះសិប្បកម្មរបស់ពួកគេចាក់ពុម្ព មានតម្លៃធូរថ្លៃជាងសិប្បកម្មរបស់ខ្មែរ ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន សិប្បកម្មជាងទងរបស់គ្រួសារលោក បានវាយលុកទៅទីផ្សារធំៗ២ គឺនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប ។ លោកបញ្ជាក់ថា ភាគច្រើនចម្លាក់ជាងទងទាំងអស់នៅខេត្តសៀមរាប គឺមានប្រភពចេញពីតំបន់ព្រែកក្តាម កោះចិន ។ បើទោះបីជាមានសិប្បកម្មបែបនេះនៅខេត្តសៀមរាបក្តី ក៏លោកអះអាងថា ម្ចាស់សិប្បកម្ម ឬជាងទាំងនោះ ក៏មានដើមកំណើតចេញពីព្រែកក្តាមដែរ ។

យុវជនស៊ីថាបញ្ជាក់ប្រាប់ខ្ញុំថា សិប្បកម្មចម្លាក់ជាងទង កាលពីអតីតកាលមានច្រើននៅតំបន់ព្រែកក្តាមនេះ ឬអាចនិយាយបានថា ភូមិព្រែកក្តាម ជាតំបន់ក្រុមជាងទងតែម្តង ផ្ទុយទៅវិញ បច្ចុប្បន្នមុខរបរនេះត្រូវបានគេបោះបង់ច្រើនដោយសារកត្តាជីវភាពជាចម្បង…
សំឡេង៖

ស៊ីថាបានប្រាប់ខ្ញុំទៀតថា បច្ចុប្បន្ន នៅក្នុងភូមិព្រែកក្តាមសិប្បកម្មចម្លាក់ប្រភេទនេះ នៅសល់ប្រមាណតែ២-៣កន្លែងប៉ុណ្ណោះ ចំណែកឯនៅម្តុំកោះចិនគឺមានចំនួន៤-៥កន្លែង តែនៅទីនោះ គេច្រើនធ្វើតម្រូវតាមភ្ញៀវបរទេសដែលចុះតាមទូក ។ បើប្រៀបធៀបទៅ១៥ឆ្នាំមុន និងបច្ចុប្បន្ន មុខរបរសិប្បកម្មជាងទងនៅភូមិព្រែកក្តាមនេះ នៅសល់ប្រមាណតែ១០ភាគរយប៉ុណ្ណោះ ។ លោកអះអាងថា ការធ្លាក់ចុះនេះ ព្រោះដោយសារការលំបាកនៃការងារ និងកត្តាទីផ្សារជាដើម…
សំឡេង៖

យ៉ាងណាក៏ដោយ សិប្បកម្មជាងទងរបស់គ្រួសារស៊ីថានៅតែប្រឹងបន្តដង្ហើមរហូតឈរជើងដល់បច្ចុប្បន្នក៏ព្រោះដោយសារតែគ្រឹះមាំនៃសិប្បកម្មការកុម្មង់ទិញពីអតិថិជនមិនដាច់ ម្យ៉ាងក៏ដោយសារតែគ្រួសាររបស់លោក ចង់បន្តពូជពង្សខាងសិល្បៈចម្លាក់បុរាណនេះ ជាជាងចំណាកស្រុកធ្វើជាកម្មករនៅក្រៅប្រទេស…
សំឡេង៖

នៅពេលសួរថាអ្វីជាកត្តាប្រឈមបច្ចុប្បន្ន ទាក់ទងទៅនឹងមុខរបរសិប្បកម្មជាងទងនេះ? យុវជនរូបនេះបានរៀបរាប់ប្រាប់ខ្ញុំថា គឺការបាត់បង់នូវសិល្បៈចម្លាក់នេះតែម្តង ព្រោះដោយសារខ្វះអ្នកចង់ចេះ ចង់ដឹង ចង់រៀនសូត្រ ហើយអ្វីជាកត្តាសំខាន់នោះ គឺនៅតែមានអ្នកបោះបង់បន្តកន្ទុយគ្នា…
សំឡេង៖

ក្រៅពីនេះ កត្តាទីផ្សារ ការធ្លាក់ចុះនៃតម្លៃ និងវត្ថុធាតុដើមឡើងថ្លៃ ក៏ត្រូវបានរាប់បញ្ចូលទៅជាកត្តាប្រឈមសម្រាប់សិប្បកម្មលក្ខណៈគ្រួសាររបស់យុវជនរូបនេះដែរ ។

បើទោះបីជាយ៉ាងនេះក្តី យុវជនដែលកំពុងបន្តការសិក្សាជំនាញស្ថាបត្យកម្មឆ្នាំទី២រូបនេះ បានប្រាប់ខ្ញុំទៀតថា នឹងមិនបោះបង់ចោលមុខរបរសិប្បកម្មចម្លាក់នេះទេ ព្រោះលោកគិតថា ជំនាញនេះ មានតម្លៃបំផុតសម្រាប់ដំណើរជីវិតរបស់លោក…
សំឡេង៖ 

ព័ត៌មានផ្សេងទៀត