អ្នកបួសជា«ព្រះសង្ឃ» ក្នុងព្រះពុទ្ធសាសនា ត្រូវបានសង្គមខ្មែរឱ្យតម្លៃថា គឺជាមនុស្សមានចំណេះដឹងជ្រៅជ្រះ ព្រោះបានសិក្សាពីធម៌វិន័យរបស់ព្រះពុទ្ធ។ ដួច្នេះហើយ បានជាដូនតាខ្មែរ អប់រំកូនចៅឱ្យគោរពតាមវិន័យនៃព្រះពុទ្ធ ព្រោះថា «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ»។ ប៉ុន្តែបច្ចុប្បន្ន គេពិនិត្យឃើញថា ជំនឿលើព្រះសង្ឃក្នុងសង្គមខ្មែរ ហាក់មានការធ្លាក់ចុះ។ ការធ្លាក់ចុះនេះ អាចដោយសារតែសង្ឃមួយចំនួន មិនគោរពតាមធម៌វិន័យត្រឹមត្រូវ ដែលបង្កឱ្យប៉ះពាល់ដល់កិត្តិយសនៃព្រះពុទ្ធសាសនា និង សង្ឃដ៏ទៃទៀត។
ការបួសក្នុងព្រះពុទ្ធសាសនា ពិតជាមានសារសំខាន់ ព្រោះថា ធម៌វិន័យរបស់ព្រះពុទ្ធ បានជួយអប់រំមនុស្សប្រុស ស្រី ឱ្យប្រព្រឹត្តនូវអំពើល្អ សម្រាប់រស់នៅក្នុងសង្គម។ ជាទូទៅ អ្នកបួស គឺមានឱកាស និង ពេលវេលាច្រើន សម្រាប់សិក្សារៀនសូត្រ គ្រប់មុខវិជ្ជា ទោះអ្នកបួសនោះ ជាកូនអ្នកស្រែចម្ការ ក្រីក្រក្តី។
តាមរយៈសិក្សា ទាំងធម៌វិន័យ និង សិក្សាពីខាងក្រៅផង មនុស្សមិនល្អ អាចក្លាយជាមនុស្សល្អសម្រាប់សង្គម។ ម្លោះហើយ បានជានៅបណ្តាប្រទេសមួយចំនួន គេមានច្បាប់ទម្លាប់ ដើម្បីឱ្យមនុស្សប្រុស បានបួសរៀនធម៌វិន័យ ក្នុងព្រះពុទ្ធសាសនា។ ចំណែក ក្នុងសង្គមខ្មែរពីបូរាណ អ្នកដែលលាចាកសិក្ខាបទពីព្រះសង្ឃ ត្រូវបានគេប្រសិទ្ធនាមថា ជា«អន្ទិត» ប្រែកថា«បណ្ឌិត»ជាដើម។ នេះបើតាមវចនានុក្រម សម្ដេចសង្ឃ ជួន ណាត ទំព័រ ៥៤៤។
ដោយមើលឃើញថា ការអប់រំក្នុងព្រះពុទ្ធសាសនា ដើរតួនាទីសំខាន់ក្នុងសង្គម ទើបបានជារាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ជូល ព្រះពុទ្ធសាសនា ជាសាសនារបស់ដ្ឋ ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញមាត្រា ៤៣។
តែយ៉ាងណា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងសង្គមខ្មែរគេសង្កេតឃើញថា តម្លៃរបស់ព្រះពុទ្ធសាសនា និង ការអនុវត្តធម៌វិន័យរបស់ព្រះភិក្ខុសង្ឃហាក់ដូចជា ធ្លាក់ចុះ។ ធ្លាក់ចុះនេះក៏អាចបណ្តាលមកពី ព្រះភិក្ខុសង្ឃ និង សាមណេរមួយចំនួន ប្រព្រឹត្តប្រាសចាកធម៌វិន័យរបស់ព្រះសម្មាសម្ពុទ្ធ និង យកតួនាទីរបស់ព្រះពុទ្ធសាសនា បោកប្រាស់ពុទ្ធសាសនិក ធ្វើឱ្យជាប់ជាទោសទណ្ឌ ឬបទឧក្រិដ្ឋដទៃទៀត។
ជាក់ស្តែងថ្មីៗនេះ ព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតក្នុង ខេត្តបន្ទាយមានជ័យ ត្រូវបានថ្នាក់ដឹកនាំសង្ឃ និង មន្ត្រីធម្មការខេត្តបន្ទាយមានជ័យ សម្រេចចាប់ផ្សិកភ្លាមៗ ក្រោយពីលេចធ្លាយវិដេអូ ដោយអតីតសង្ឃអង្គនេះ បានប្រលែងលេងយ៉ាងស្រើបស្រាសជាមួយស្រីស្នេហ៍ និង លេងល្បែង នៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក។
ជាមួយការពិត សកម្មភាពនេះ បានជះផលឥទ្ធិពលអាក្រក់ ដល់តម្លៃនៃព្រះពុទ្ធសាសនា និង ព្រះភិក្ខុសង្ឃដទៃទៀត ជាអ្នកបួសត្រឹមត្រូវ។ ព្រោះថា ករណីខាងលើនេះ វាមិនមែនជាករណីថ្មីនោះទេ សម្រាប់ព្រះសង្ឃនៅក្នុងសង្គមខ្មែរ។ ហើយរូបភាពបែបនេះ វាបានដើរខុសនឹងពាក្យចាស់បូរាណពោលថា «វិន័យនាំមកនូវសេចក្តីថ្លៃថ្នូរ» ។
ការប៉ះពាល់តម្លៃនៃសាសនាជារឿងមួយ ហើយរឿងក៏សំខាន់ជាងនេះទៅទៀតនោះ គឺការធ្លាក់ចុះនេះ អាចបណ្តាលឱ្យ សីលធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ មួយចំនួន ត្រូវបាត់បង់ផងដែ។ បាត់បង់ព្រោះថា បុព្វជិតក្នុងព្រះពុទ្ធសាសនាមួយចំនួន បានប្រព្រឹត្តខុសពីក្បូនច្បាប់នៃព្រះពុទ្ធសាសនា និង បំភ្លេចចោលនូវតួនាទីជាអ្នកអប់រំ។
តែយ៉ាងណាក្តី គេមិនអាចស្តីបន្ទោសតែលើព្រះសង្ឃទាំងអស់នោះទេ ព្រោះថា រឿងរ៉ាវដែល កើតឡើងកន្លងទៅនេះ វាក៏ជាប់ទាក់ទិន្ទនឹងការរីកចំរើននៃសង្គមសម័យថ្មី ការគ្រប់គ្រងរបស់ក្រសួង ការអនុវត្តច្បាប់ផងដែរ។ បើតាមអ្នកជំនាញ ធ្លាប់អះអាងថា ការអប់រំសីលធម៌របស់ព្រះសង្ឃដល់មនុស្សប្រុសស្រីក្នុងសង្គមខ្មែរសព្វថ្ងៃ គឺមិនអាចធ្វើបានច្រើនដូចព្រះសង្ឃក្នុងសង្គមខ្មែរកាលពីសម័យមុននោះទេ។ មិនច្រើន ព្រោះក្នុងសម័យនេះ គឺអ្វីៗមានការវិវឌ្ឍជឿនលឿនសំបូរទៅដោយច្បាប់ផ្សេងៗ ជាហេតុនាំឱ្យសង្គមហាក់ឃ្លាតឆ្ងាយ ពីពុទ្ធសាសនា និង ព្រះសង្ឃ។
ជារួមមកវិញ សង្គមខ្មែរនៅតែត្រូវការ ព្រះសង្ឃនៃព្រះពុទ្ធសាសនា ចូលរួមជួយទូន្មានអប់រំផ្នែកសីលធម៌ ដើម្បីឱ្យប្រទេស ឬពលរដ្ឋកម្ពុជា មានភាពថ្លៃថ្នូរ និង មានជីវភាពរស់នៅល្អប្រសើរ តាមគន្លងព្រះពុទ្ធសាសនា ដែលដូនតាខ្មែរ គោរពតាំងតែពីដើមរៀងមក។ ដូច្នេះ មានតែសង្ឃអង្គឯងទេ គូរតែបង្កើនការគោរពវិន័យ តាមច្បាប់ក្បួន ហើយបន្តស្វែងរកចំណេះដឹង ដើម្បីចូលរួមជួយទូន្មានអប់រំ ផ្នែកសីលធម៌ ដល់ជនប្រុសស្រី តាមតែអាចធ្វើទៅបាន។
ជាមួយគ្នានេះ ក្រសួងធម្មការ និង សាសនា គួរតែពិនិត្យចំប្រព័ន្ធគ្រប់គ្រងជាថ្មី ឱ្យជាក់លាក់ជាងមុន ទៅលើវត្តអារាមនៅទូទាំងប្រទេស ដោយមិនរង់ចាំស្តាប់តែរបាយការណ៍ពីថ្នាក់ក្រោមនោះឡើយ។ ប្រព័ន្ធគ្រប់គ្រងថ្មី ក្នុងពិនិត្យទៅចំនួនព្រះសង្ឃ ការអនុវត្តធម៌វិន័យ កម្មពិធីសិក្សា គ្រូ ការស្នាក់នៅព្រះភិក្ខុសង្ឃ ឬសាមណេរ និង ជាពិសេស ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប។ បើមិនប្រឹងប្រែងទេ តម្លៃនៃព្រះពុទ្ធសាសនា អាចនឹងធ្លាក់ចុះ ក៏ព្រោះតែភាព ធូរលុងក្នុងការគោរពច្បាប់ វិន័យ នៃសង្ឃទូទៅ៕