លោក​ហ៊ុន សែន​៖​យុទ្ធនាកា​រ​​«​ដេក​ផ្ទះ​ឈ្នះ​ឯង​»​ គឺ​ប្រឆាំង​នឹង​​ព្រះមហាក្សត្រ​​

06-06-2018 11:19 am 749
  ស្តាប់
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុងវេទិកាជួបជាមួយកម្មករនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨។
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃទី​០៦ មិថុនា​នេះ បានចាត់ទុក​អ្នក​ដែល​ការអំពាវនាវ​ប្រជាពលរដ្ឋ​មិន​ឱ្យទៅ​បោះឆ្នោត​របស់ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» គឺជា​ការប្រឆាំង​នឹង​ស្តេច​ផែនដី មិនមែន​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ទេ​។ បើតាម​លោក ហ៊ុន សែន អ្នក​ដែល​ប្រឆាំងនឹង​ការអំពាវនាវ​របស់​ព្រះមហាក្សត្រ​ជា​អ្នកទោស​ពានវាំង​។ ការ​ថ្លែង​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើឡើង​បន្ទាប់ពី ព្រះមហាក្សត្រ នរោត្តម សីហមុនី ចេញ​ព្រះរាជសារ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត​ទៅ​បោះឆ្នោត នៅ​ខែ​កក្ក​កា​ខាងមុខ​។

​ជាថ្មី​ម្តងទៀត​នៅថ្ងៃនេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ហៅ យុទ្ធនាការ​របស់​ចលនា​សង្គ្រោះ​ជាតិ ក្រោម​ពាក្យស្លោក​ថា «​ដេក​ផ្ទះ​ឈ្នះ​ឯង​» គឺ​កំពុង​ប្រឆាំងនឹង​ព្រះរាជសារ​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់គ្នា​។ យុទ្ធនាការ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» មានន័យថា ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត កុំ​ចេញទៅ​បោះឆ្នោត ហើយ​សម្រាក​ដេក​នៅផ្ទះ​។​

​ថ្លែង​ពី​ចេញពី​ខេត្តកំពង់ចាម លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គូសបញ្ជាក់ថា យុទ្ធនាការ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» គឺជា​ការប្រឆាំង​នឹង​ស្តេច​ផែនដី មិនមែនជា​ការប្រឆាំង​ជាមួយ​រដ្ឋាភិបាល ឬ​គណបក្សនយោបាយ​ណាមួយ​នោះឡើយ​។ លោក​បន្ថែមទៀតថា អ្នក​ហ៊ាន​ប្រឆាំងនឹង​ព្រះរាជសារ ព្រះមហាក្សត្រ ជា​អ្នក​«​ទោស​ពានវាំង​» និង មានបំណង​បំផ្លាញ​របបរាជានិយម​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញ​ព្រះរាជសារ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត ទៅ​ចូលរួម​បោះឆ្នោត​ឲ្យបាន​គ្រប់គ្នា​។ នៅក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ បាន​មាន​ព្រះបន្ទូល​ថា​៖ ការបោះឆ្នោត​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ គឺជា​ការបោះឆ្នោត​ទូទៅ ជា​សកល ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និង​ដោយ​សម្ងាត់ ស្របតាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​។

​បន្ថែម​ពីនេះ​ព្រះមហាក្សត្រ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំឱ្យ​មាន​ការព្រួយបារម្ភ​ពី​ការគាបសង្កត់ ការ​គម្រាមកំហែង ឬ​សម្លុត​ពី​ជនណាម្នាក់ ឬ​បក្សនយោបាយ​ណាមួយ ហើយ​ត្រូវ​ប្រើ​សិទ្ធិសេរីភាព បោះឆ្នោត​ទៅតាម​សតិសម្បជញ្ញៈ​របស់ខ្លួន​ម្នាក់ៗ ដែលមាន​ទំនុកចិត្ត​ទៅលើ​បេក្ខជន​ណា​ម្នាក់ គណបក្សនយោបាយ​ណាមួយ​ដោយ​សេរី​។​

​តែ​យ៉ាងណាក្តី ព្រះរាជសារ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ពេលនេះ ហាក់​មិនបាន​ចាប់អារម្មណ៍​ទៅនឹង​លិខិត​របស់លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​ផ្ញើជូន​ព្រះអង្គ​កាលពី​ថ្ងៃទី​២៣ ខែឧសភា​ទេ​។ ក្នុង​លិខិត​របស់លោក សម រង្ស៊ី ធ្លាប់​ទូល​ដល់​ព្រះមហាក្សត្រ​ថា ការបោះឆ្នោត ថ្ងៃ ២៩ កក្កដា ខាងមុខនេះ ភាពចម្រូងចម្រាស់ និង ភាពគ្រោះថ្នាក់ ពីព្រោះ​វា​ជា​ការរៀបចំ បន្ត​ពី​នយោបាយ​ប​ផ្តាច់ការ បង្ក្រាប​ប្រជាពលរដ្ឋ ដែល​សហគមន៍​អន្តរជាតិ បាន​ថ្កោលទោស ហើយ​វា​ក៏​កំពុងតែ​ធ្វើឱ្យ​សង្គមជាតិ​ប្រេះស្រាំ​។​

​ក្នុង​លិខិត​ដដែល បាន​បញ្ជាក់ថា ក្នុង​កាលៈទេសៈ​បែបនេះ ព្រះមហាក្សត្រ មាន​តួនាទី​ប្រមូលផ្តុំ និង បង្រួបបង្រួម​កូនចៅ​ព្រះអង្គ​ឡើងវិញ ដោយ​ឈរលើ​គុណ​តម្លៃ និង គោលការណ៍​ប្រកបដោយ គតិយុត្តិ​ធម៌ ដោយ​យក​គម្រូរ​តាម​ករុណា ព្រះវររាជបិតា ដូច​កាល​ឆ្នាំ ១៩៩៨ និង ២០០៣ ព្រះអង្គ​បាន​បដិសេធ មិន​យាង​ទៅ​បើកសម្ពោធ​រដ្ឋសភា​ថ្មី ព្រោះ​មិនមាន​វត្តមាន​អ្នកតំណាងរាស្ត្រ​ជាប់ឆ្នោត មកពី​គ្រប់​គណបក្សនយោបាយ​ទាំងអស់​។​

​ប៉ុន្តែ​សម្រាប់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ការយាង​ទៅ​បើកសម្ពោធ​រដ្ឋសភា​ថ្មី គឺ​មានចែង​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​របស់​កម្ពុជា​។ ដូច្នេះ​ការយាង​ទៅ​បើកសម្ពោធ​រដ្ឋសភា​ថ្មី​របស់​ព្រះមហាក្សត្រ គឺជា​ការគោរព​តាម​ច្បាប់រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​របស់ កម្ពុជា​។​

​សូម​ជំរាបជូន​ថា កម្ពុជា​នឹង​រៀបចំ​ការបោះឆ្នោតជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ នៅ​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​ចូលរួម​។ ទន្ទឹមនឹង​ការបោះឆ្នោត​កាន់តែ​ជិត​ចូល​មកដល់ ក្រុម​ចលនា​សង្គ្រោះ​ជាតិ ជា​ក្រុម​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន កំពុង​ធ្វើ​យុទ្ធនាការ «​ដេក​ផ្ទះ​ឈ្នះ​ឯង​» ពោល​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត កុំ​ចេញទៅ​បោះឆ្នោត ដើម្បី​ធ្វើឱ្យ​ចំនួន​ភាគរយ​នៃ​អ្នក​ទៅ បោះឆ្នោត​ធ្លាក់ចុះ​។​

​ជាមួយគ្នានេះ ក្រុម​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើបាតុកម្ម​មួយ នៅមុខ​ស្ថានទូត​ជប៉ុន ប្រចាំ​អង្គការសហប្រជាជាតិ និង គ្រោង​ទៅ​ស្ថានទូត​ផ្សេងៗ​ទៀត ដើម្បី​ស្នើ​សុំឱ្យ ប្រទេស​ទាំងអស់នោះ ដកខ្លួន​ថយ និង បញ្ឈប់​ការ​ផ្តល់ជំនួយ សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា​។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា អះអាងថា ការធ្វើ​បាតុកម្ម​នោះ វា​គ្មាន​ឥទ្ធិពល​អ្វី​ឡើយ ហើយ​ចាត់ទុកថា ជា​រឿង​អស់សំណើច​៕

ព័ត៌មានផ្សេងទៀត