បារាំង​-​អង់គ្លេស​​ប្រកាស​បញ្ជូន​​នាវា​ចូល​​សមុទ្រ​ចិន​ខាងត្បូង​​ជា​យុទ្ធសាស្ដ្រ​ថ្មី​​ជាមួយ​អាមេរិក​?

05-06-2018 5:33 pm 791
នាវា​ចម្បាំង​អាមេរិក​​ដែលបើក​ចូល​សមុទ្រចិន​ខាងត្បូង

​ថ្មីៗ​នេះ​បារាំង​និង​អង់គ្លេស​បានប្រកាសថា​នឹង​បញ្ជូន​នាវាចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ទើប​បញ្ជូន​នាវាចម្បាំង​ពី​រគ្រឿង​ចូល​សមុទ្រ​ចិន​ខាងត្បូង ធ្វើឲ្យ​ចិន​ប្រតិកម្ម​យ៉ាងខ្លាំង​។ បារាំង​និង​អង់គ្លេស​ថា​ដ្បិត​ប្រទេស​ទាំងពីរ​មិនមែនជា​អ្នក​ទាមទារ​យក​ដែនសមុទ្រ​ចិន​ខាងត្បូង ប៉ុន្ដែ​វា​ជា​ការរួមចំណែក​មួយ​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ដ​។ ជា​ការកត់សម្គាល់​មួយ​រយៈពេល​ចុងក្រោយ បារាំង អង់គ្លេស និង​អាមេរិក បានបង្ហាញ​ភាពស្និទ្ធស្នាល​នឹង​គ្នា​កាន់តែ​ខ្លាំង​។ ជាក់ស្ដែង​ប្រទេស​ទាំងបី​បាន​រួមដៃគ្នា​វាយប្រហា​រលើ​ប្រទេស​ស៊ី​រី​កាលពី​មេសា​។ ដូច្នេះ​ការឈាន​ជើង​ចូល​សមុទ្រ​ចិន​ខាងត្បូង ជា​យុទ្ធសាស្ដ្រ​ថ្មី​របស់​ប្រទេស​ទាំងបី​ឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​ព័ត៌មាន​បន្ថែម​នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​សមុទ្រ​ចិន​ខាងត្បូង ជា​ដែន​កំពុងមាន​ជម្លោះ​រ៉ាំរ៉ៃ​រវាង​ប្រទេស​ចិន ជាមួយ​បណ្ដា​ប្រទេស​មួយចំនួន​ដូចជា​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ព្រុយ​ណេ និង​កោះ​តៃវ៉ាន់​។ ចិន​ប្រកាស​ស្ទើរតែ​ទាំងស្រុង​នៃ​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​កម្មសិទ្ធិ​របស់គេ ប៉ុន្ដែ​ត្រូវ​ប្រទេស​ពាក់ព័ន្ធ​ចេញមក​អះអាងថា​ចិន​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់ខ្លួន​។ ការដោះស្រាយ​នៅតែ​មិនទាន់​ដាច់ស្រេច ព្រោះ​ភាគី​នី​មួយៗ​ប្រកាន់​ជំហរ​យក​ត្រូវ​រៀងខ្លួន​។​

​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ត្រូវបាន​អាមេរិក​លូកដៃ ក្នុងនាម​ជា​អ្នក​ជួយ​សម្របសម្រួល​និង​ដើម្បី​រក្សា​សិទ្ធិសេរីភាព​ក្នុង​ដែន​ដែលមាន​សក្ដានុពល​ដល់​វិស័យសេដ្ឋកិច្ច និង​សំបូរ​ដោយ​ធនធានធម្មជាតិ​ជាច្រើន​ប្រភេទ​។ អាមេរិក​បាន​បញ្ជូន​ទាំង​នាវាចម្បាំង​និង​យន្ដហោះ​ចម្បាំង ចូលក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​ជា​ញឹកញាប់​។ អាមេរិក​អះអាងថា​ការបញ្ជូន​នាវា​ចូល​សមុទ្រ​ចិន​ខាងត្បូង អនុលោម​តាមច្បាប់​អន្ដរជាតិ មិន​រំលោភបំពាន​លើ​ដែន​អធិបតេយ្យ​របស់​ចិន​ឡើយ​។ អាមេរិក​គ្រាន់​ចង់​ធានា​ពី​សិទ្ធិសេរីភាព​ក្នុង​ការធ្វើ​នាវាចរ ការរុករក និង​ការហោះហើរ​សម្រាប់​គ្រប់​ប្រទេស​ក្នុង​ពិភពលោក អាច​ចូលទៅ​សមុទ្រ​ចិន​ខាងត្បូង​បាន​។​

​ប៉ុន្ដែ​ចិន​ក្នុងនាម​ជា​ប្រទេស​ចង់​ក្ដោប​យក​សមុទ្រ​ចិន​ខាងត្បូង​ទាំងមូល សម្អាង​លើ​ទឡ្ហ​រីក​រណ៍​ពី​ប្រវត្ដិសាស្ដ្រ មិន​ពេញចិត្ដ​សកម្មភាព​របស់​អាមេរិក​ទេ​។ ចិន​ធ្លាប់​និយាយ​ដដែលៗ​ថា អាមេរិក​មិនមែនជា​ប្រទេស​មាន​វិវាទ ដូច្នេះ​អាមេរិក​គ្មាន​សិទ្ធិ​លូកដៃ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ឡើយ​។ ចិន​ថា​ប្រទេស​ពាក់ព័ន្ធ​អាច​ដោះស្រាយ​ដោយ​ខ្លួនឯងបាន មិន​ត្រូវការ​ពឹងពាក់​នរណា​ទាំងអស់​។ អាមេរិក​បញ្ជូន​នាវាចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង ពិតជា​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​ច្បាប់​អន្ដរជាតិ​និង​ច្បាប់​របស់​ចិន​។ តែ​អាមេរិក​ឆ្លើយតប​ថា​គេ​មិន​ខុស ហើយក៏​មិន​បញ្ឈប់​អ្វីដែល​កំពុង​ធ្វើ​ដែរ​។​

​បើតាម​អ្នកជំនាញ​មួយចំនួន​យល់ឃើញថា អាមេរិក​ចូល​ជ្រៀតជ្រែក​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ពិតជា​មាន​មូលហេតុ​នៅ​ពីក្រោយ​។ មូលហេតុ​ទាំងនោះ​យើង​អាច​ពិចារណា​ទាំងអស់គ្នា​បាន​។ ទីមួយ​ក្នុងនាម​ជា​ប្រទេស​មហាអំណាច អាមេរិក​ចាំបាច់​ត្រូវតែ​ចេញមុខ​គ្រប់​រឿង​មិន​ថា​នៅក្នុង​តំបន់​ណាក៏ដោយ ប្រៀបដូចជា​ឪពុកម្ដាយ​ចេញមុខ​ដោះស្រាយ​ជម្លោះ​របស់​កូន​។ ជា​ប្រទេស​បងធំ​ក្នុង​លោក បើ​អាមេរិក​មិន​អើពើ​ទេ​នឹងមាន​ការរិះគន់ ម្យ៉ាង​ប្រទេស​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង ក៏មាន​សម្ព័ន្ធមិត្ដ​អាមេរិកដែរ​អាចចាត់​ទុកជាកូន​អាមេរិក ដូចជា​ហ្វីលីពីន វៀតណាម តៃវ៉ាន់​ជាដើម​។​

​គិត​លើផ្លូវ​មួយទៀត អាមេរិក​និង​ចិន​កំពុង​ប្រជែង​គ្នា​យក​លេខ​មួយ​លើ​ឆាក​អន្ដរជាតិ មិន​ថា​គោលនយោបាយ​ការបរទេស ផ្នែក​យោធា ពិសេស​គឺ​ផ្នែក​សេដ្ឋកិច្ច​។ ដូច្នេះ​ដើម្បីឲ្យ​ចិន​រវល់​កាន់តែខ្លាំង អាមេរិក​មានតែ​ប្រថុយ​ឈាន​ជើង​ចូល​សមុទ្រ​ចិន​ខាងត្បូង បង្ក​ភាពស្មុគស្មាញ​សម្រាប់​ចិន និង​ឆ្លៀតឱកាស​បន្ថែម​បញ្ហា​មួយទៀត​ដល់​ចិន​។ អាមេរិក​មើលឃើញ​ថាបើ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​ដោះស្រាយ​ដោយផ្ទាល់​ជាមួយ​ចិន ច្បាស់​ណាស់​មិនអាច​ត​ទល់នឹង​ចិន​បានឡើយ ព្រោះ​ចិន​ជា​មហាអំណាច​នៅ​អាស៊ី​ទៅហើយ ប៉ុន្ដែ​បើ​អាមេរិក​ជួយ​គាំទ្រ​អាច​សង្ឃឹម​ប្រឈម​ជាមួយ​ចិន​បាន​។ អាមេរិក​ក៏​ចំណេញ​ប្រជាប្រិយភាព​ជាមួយ​ប្រទេស​មាន​វិវាទ​បាន​ទៀត​ក្នុងករណីនេះ​។ 

​ចាកចេញ​ពី​រឿងរ៉ាវ​រវាង​អាមេរិក​-​ចិន យើង​មក​ចាប់អារម្មណ៍​ពី​បារាំង​និង​អង់គ្លេស​វិញ​ម្ដង​។ ប្រទេស​ទាំងពីរ​ក៏​ជា​ប្រទេស​មិន​ពាក់ព័ន្ធ​ក្នុង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ដែរ តែបើ​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​របស់គេ​ក្នុង​កិច្ចប្រជុំ​នៅ​សិង្ហ​បុរី​កាលពី​ថ្ងៃទី​៣​មិថុនា​ថា កងទ័ពជើងទឹក​បារាំង​និង​អង់គ្លេស​មាន​ទាំង​ឧទ្ធម្ភាគចក្រ នាវាចម្បាំង នឹងធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​សិង្ហ​បុរី​សប្ដាហ៍​ក្រោយ​។ ស្របពេល​ជាមួយគ្នា នាវាចម្បាំង​ប្រទេស​ទាំងពីរ​នឹង​ធ្វើដំណើរ​ឆ្លងកាត់​ដែនសមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ 

​រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​បារាំង​បាន​និយាយថា ទោះបី​បារាំង​មិនមែនជា​អ្នក​ទាមទារ​ដែន​សកម្ម​សិទ្ធិ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្ដី ប៉ុន្ដែ​វា​ជា​ការរួមចំណែក​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ដ ស្របតាម​ច្បាប់​អន្ដរជាតិ​។​រីឯ​រដ្ឋមន្ដ្រី​ការពារជាតិ​អង់គ្លេស​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ថា នាវាចម្បាំង​បី​គ្រឿង​អាច​នឹងត្រូវ​បញ្ជូនទៅ​សមុទ្រ​ចិន​ខាងត្បូង​។ ការប្រកាស​របស់​បារាំង​និង​អង់គ្លេស ធ្វើឡើង​បន្ទាប់ពី​អាមេរិក​ទើបបាន​បញ្ជូន​នាវាចម្បាំង​ពី​រគ្រឿង​ចូល​សមុទ្រ​ចិន​ខាងត្បូង​បញ្ឆេះ​កំហឹង​ចិន​ជាថ្មី​។​

​ជា​ការកត់សម្គាល់ បារាំង អង់គ្លេស និង​អាមេរិក ហាក់ដូចជា​ត្រូវដង​ត្រូវផ្លែ​គ្នា​ខ្លាំង​មួយ​រយៈពេល​ចុងក្រោយ​នេះ​។ កាលពី​ខែមេសា​អាមេរិក បារាំង និង​អង់គ្លេស​ក៏បាន​រួមគ្នា​វាយប្រហារ​ដោយ​មី​ស៊ី​ល​លើ​ប្រទេស​ស៊ី​រី​ផងដែរ ជុំវិញ​ការចោទប្រកាន់ថា​ស៊ី​រី​ប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស​។ ការវាយប្រហារ​របស់​ប្រទេស​ទាំងបី​ធ្វើឡើង​ដោយ​ពុំទាន់​មាន​ភស្ដុតាង​ច្បាស់លាស់ ខណៈ​ស៊ី​រី​ប្រកែក​ថា​មិនបាន​ប្រើ​អាវុធ​គីមី​។ 

​អ្នកជំនាញ​មើលឃើញថា ការសហការ​របស់​ប្រទេស​ទាំងបី​វាយប្រហារ​នៅ​ស៊ី​រី ដើម្បី​បង្វែរ​ការចាប់អារម្មណ៍​វិបត្ដិ​កំពុង​កើតឡើង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន​។ ជាក់ស្ដែង​នៅ​អាមេរិក​កំពុងមាន​ភាពចម្រូងចម្រាស​កើតឡើង​មួយចំនួន ពាក់ព័ន្ធ​នឹង​រដ្ឋបាល​ថ្មី​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក​ដូណាល់ ត្រាំ​។ ឧទាហរណ៍​មាន​ការចោទប្រកាន់ថា​រុស្ស៊ី​ចូលមក​ជ្រៀតជ្រែក​ការបោះឆ្នោត​កាលពី​ឆ្នាំ​២០១៦ ជួយ​ឲ្យ​លោក​ត្រាំ​ឈ្នះឆ្នោត​ជាដើម​។ ដោយឡែក​នៅ​បារាំង​ពាក់ព័ន្ធ​នឹង​ការកែប្រែ​គោលនយោបាយ​មួយចំនួន​ក្នុង​វិស័យ​ការងារ ដែល​ធ្វើឲ្យ​កម្មករ​នាំគ្នា​តវ៉ា​។ 

​រីឯ​នៅ​អង់គ្លេស​វិញ អង់គ្លេស​បាន​ផុងខ្លួន​ក្នុងករណី​ចោទប្រកាន់ថា​រុស្ស៊ី​ជា​អ្នក​ប្រើ​អាវុធ​គីមី​បំពុល​អតីតមន្ដ្រី​ចារកិច្ច​រុស្ស៊ី​និង​កូនស្រី​នៅក្នុង​ប្រទេស​អង់គ្លេស ដែល​ករណីនេះ​បាន​រីក​រាលដាល​កាន់តែខ្លាំង ធ្វើឲ្យ​ទំនាក់ទំនង​ការទូត​អង់គ្លេស​-​រុស្ស៊ី​ត្រូវ​ប្រេះឆា រួមទាំង​បណ្ដា​ប្រទេស​អឺរ៉ុប​មួយចំនួនទៀត​ដែល​កាន់ជើង​អង់គ្លេស​ចោទ​រុស្ស៊ី ហើយ​បាន​បណ្ដេញ​មន្ដ្រី​ទូត​រុស្ស៊ី​ចេញពី​ប្រទេស​។ វិបត្ដិ​កើតឡើង​នៅក្នុង​ប្រទេស​រៀងៗ​ខ្លួន ជាហេតុ​នាំឲ្យ​មហាអំណាច​ទាំងបី​បង្កើត​ហេតុការណ៍​ថ្មី​មួយទៀត ទាក់ទាញ​ឲ្យមាន​ការចាប់​អារម្មណ៍លើ​រឿង​ថ្មី​បំភ្លេច​រឿង​ចាស់​។​

​ដូច្នេះ ការប្រកាស​បញ្ជូន​នាវាចម្បាំង​ចូល​សមុទ្រ​ចិន​ខាងត្បូង​របស់​បារាំង​និង​អង់គ្លេស ជា​យុទ្ធសាស្ដ្រ​ថ្មី​ទៀត​ឬ​យ៉ាងណា​?

ព័ត៌មានផ្សេងទៀត