លោក​ហ៊ុន សែន​៖ មិន​ទៅ​បោះឆ្នោត​មិន​ជាប់គុក​ទេ តែ​ធ្វើ​ផែនការ​បន្លំ​ទើប​ជាប់គុក​

31-05-2018 6:22 pm 9081
  ស្តាប់
ស្តាប់ជាសំឡេង

​នា​ពេល​ថ្មីៗ​នេះ មាន​ការអំពាវនាវ​ជាច្រើន ពី​សំណាក់​ក្រុម​អតីត​គណបក្សប្រឆាំង ពិសេស​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ ដែល​កំពុង​រស់​នៅ​ក្រៅប្រទេស គឺ​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ មិន​ត្រូវ​ចូលរួម ការបោះឆ្នោត នា​ចុងខែ​កក្កដា​ខាងមុខនេះ ដោយ​ប្រើ​ពាក្យ​មួយ​ឃ្លា​ថា “​ដេក​ផ្ទះ​ឈ្នះ​ឯង​”​។ ជុំវិញ​ការអំពាវនាវ​នេះ ក៏​មាន​ការលើកឡើង​ថា អ្នក​ដែល​បោះបង់​សិទ្ធិ​ចូលរួម​ការបោះឆ្នោត អាច​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ច្បាប់ ដើម្បី​ដាក់​ទោសទណ្ឌ​លើ​ប្រជាពលរដ្ឋ ដែល​មិន​ទៅ​បោះឆ្នោត​ផងដែរ​។ ការលើក​ឡើង​យ៉ាង​ដូច្នេះ ធ្វើឲ្យ​មហាជន​ជាច្រើន រួម​នឹង​អ្នកតាមដាន​ស្ថានការណ៍​សង្គម មាន​ភាព​ងឿងឆ្ងល់​យ៉ាងខ្លាំង ថា​តើ​អ្នក​មិន​ទៅ​បោះឆ្នោត ពិតជា​មាន​ទោស​មែន​ទេ​?

​ថ្លែង​ក្នុង​ពិធី​សម្ភោ​ធ​រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍ បាត់ដំបង នា​ថ្ងៃ​ទី​៣១ ឧសភា​នេះ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ថា អ្នក​ដែល​បោះបង់​ការបោះឆ្នោត គឺជា​ការបោះបង់​សិទ្ធិ​របស់​ខ្លួនឯង និង​គ្មាន​ទោស​នោះទេ​។ ប៉ុន្តែ​ចំពោះ​អ្នក​ដែល រៀបចំ​ផែនការ ដើម្បី​បន្លំ​ការ​ទៅ​បោះឆ្នោត ដោយ​យក​ម្រាមដៃ​ជ្រលក់​ទឹក​ថ្នាំលាប​សក់ គឺជា​ការបង្កើត​ទោស​ព្រហ្មទណ្ឌ​ដោយ​ខ្លួនឯង​។​

សំឡេង​

​លោក គឹម សន្ដិភាព អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ធ្លាប់បាន​អះអាង​ថា «​ម្រាមដៃ​ខ្មៅ ក្រោយ​ការបោះឆ្នោត គឺជា​ការ​កំណត់សំគាល់​អត្តសញ្ញាណ អ្នក​ដែល​បាន​ទៅ​បោះឆ្នោត ដែល​មាន​តែ គ​.​ជ​.​ប ប៉ុណ្ណោះ​មាន​សមត្ថកិច្ច ក្នុង​ការចាត់ចែង​ជ្រលក់​ម្រាមដៃ អ្នក​ដែល​បាន​ទៅ​បោះឆ្នោត​។ អ្នក​ដែល​ប្រឡាក់​ម្រាមដៃ​ខ្មៅ​នេះ មានន័យ​ថា បាន​បោះឆ្នោត​រួចហើយ ហើយ​ចំនួន​អ្នក​ប្រឡាក់​ម្រាមដៃ​ខ្មៅ ត្រូវ​ស្មើនឹង​ចំនួន​អ្នក​ដែល​បាន​ទៅ​បោះឆ្នោត ហើយ​ក៏​ស្មើនឹង​ចំនួន​សន្លឹកឆ្នោត ដែល​បាន​បោះ​ផងដែរ​»​។​

​លោក​បន្ដថា «​ហេតុនេះ​ការបន្លំ​ថា ខ្លួន​បាន​ទៅ​បោះឆ្នោត ដោយ​ជ្រលក់​ទឹកខ្មៅ​ផ្សេង​នោះ គឺជា​ចេតនា​ទុច្ចរិត ដើម្បី​បង្ក​ការ​ភ័ន្តច្រលំ ទៅ​លើ​ចំនួន​ពិតប្រាកដ អ្នក​ដែល​បាន​បោះឆ្នោត ដែល​នាំ​អោយ​ចំនួន​អ្នកបោះឆ្នោត ច្រើន​ជាង​ចំនួន​សន្លឹកឆ្នោត​ដែល​បាន​បោះ​ពិតប្រាកដ​។ ទង្វើ​នេះ​នឹង​បង្កើត​នូវ​ការយល់ច្រលំ​ថា ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី ដែល​នឹង​បង្កឲ្យមាន​ភាពវឹកវ​រ​ក្នុង​សង្គម​មួយ​កើតឡើង​បាន​! អំពើ​ខាងលើនេះ ជា​អំពើ​ល្មើសច្បាប់ ប្រឈម​នឹង​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​តាម​ច្បាប់​ព្រហ្មទណ្ឌ​»​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ មាន​ប្រជាពលរដ្ឋ​មួយចំនួន បញ្ចេញ​មតិ​ថា អ្នក​ដែល​មិន​បាន​ទៅ​បោះឆ្នោត ហើយ​ជ្រលក់​ចង្អុលដៃ​ក្នុង​ទឹក​ថ្នាំលាប​សក់ គ្មាន​ប្រយោជន៏​អ្វី​ទាល់តែសោះ​។ គ្រប់​ការិយាលយ័​បោះឆ្នោត​ទូទាំងប្រទេស សុទ្ធតែ​មាន​បញ្ជីរាយនាម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ទាំងអស់​។ អ្នក​បាន​ទៅ​បោះឆ្នោត និង​មិន​បាន​ទៅ​បោះឆ្នោត ត្រូវបាន​បង្ហាញ​យ៉ាង​ច្បាស់ នៅក្នុង​បញ្ជីរាយនាម​អ្នក​មាន​សិទ្ធិ​បោះឆ្នោត ជាមួយនឹង​ឯកសារ​ពាក់​ពន្ធ័​មួយ​ចំនួន រួមផ្សំ​នឹង​ទឹកខ្មៅ​ផងដែរ​។ ដូច្នេះ​ស្នាម​ចង្អុលដៃ​ខ្មៅ​មិន​អាច​ធ្វើ​ផ្គរ ធ្វើ​ភ្លៀង លទ្ធផល​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ បាន​នោះ​ទេ​។​

​មាន​សង្ឃដីការ ចេញ​ពី​ក្រៅ​ប្រទេស កាលពី​ថ្ងៃ​ទី​៣០ ឧសភា ព្រះ​តេជគុណ ប៊ុត ប៊ុនតិញ បាន​ផ្តល់​អំណះអំណាន ដោយយោង​តាម​ច្បាប់​ជាតិ និង​អន្តរជាតិ​ថា ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​សិទ្ធិ ក្នុងការ​ធ្វើ​ពហិការ​មិន​ទៅ​បោះឆ្នោត​ជ្រើសរើស​គណបក្ស​នយោបាយ​ណា ដែល​បញ្ឆោត មិនមែន​ជា​ការរារាំង​ដល់​ការបោះឆ្នោត​នោះ​ទេ​។​

សំឡេង

​យ៉ាងណាមិញ សម្រាប់​អ្នកនយោបាយ​មួយរូប មកពី​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក​សាម អ៊ី​ន បាន​យល់ឃើញថា  "​ដេក​ផ្ទះ​ឈ្នះ​ឯង​" ដែល​ជា​ពាក្យស្លោក របស់​លោក​សម រង្ស៊ី អំពាវនាវ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត គឺជា​ទស្សនៈ​អ្នកដឹកនាំ​អន់ថយ និង​ត្រៀម​ខ្លួន​ចុះចាញ់​។ 

​លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ប្រាសាទបាយ័ន​ដ៏​មហិមា​មិន​កកើតឡើង​ដោយសារ​អ្នក​ដឹកនាំ និង​ពលរដ្ឋ​ខ្មែរ​នាំគ្នា​ដេកចាំ​នៅផ្ទះ​ទេ​។ វា​កើត​ឡើង​ដោយសារ​អ្នក​ដឹកនាំ និង​ពលរដ្ឋ​នាំគ្នា​ប្រយុទ្ធ​ដោយ​អត់ធ្មត់ និង​ស្វិតស្វាញ​។​

​មាន​ពេល រឺ​គ្មាន​ពេល មិន​បាន​ទៅ​បោះឆ្នោត​ជា​សិទ្ធិ​ពលរដ្ឋ តែ​បើ​អ្នក​មាន​អាយុ​គ្រប់​បោះឆ្នោត និង​មាន​ឈ្មោះ​នៅ​បញ្ជី​បោះឆ្នោត ហើយ​បាន​ទៅ​បោះឆ្នោត​នោះ គឺជា​ការបំពេញ​នូវ​កាតព្វកិច្ច ជា​ពលរដ្ឋ​ដ៏​ល្អ សម្រាប់​សង្គមជាតិ ព្រោះ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​បាន​ដោយ​សេរី ដោយ​សំងាត់​គ្មាន​ការបង្ខិតបង្ខំ តែបើ​បន្លំ​នោះ​ទើប​អំពើ​ល្មើស​ច្បាប់​។​

លោក ស ខេង រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ ធ្លាប់​បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បង្ក្រាប​រាល់​សកម្មភាព​ទាំងឡាយណា ដែល​រារាំង និង​ចង់​បំផ្លិចបំផ្លាញ ដល់​ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី​៦ ដែល​ប្រព្រឹត្ត​ទៅ នៅ​ចុងខែ​កក្កដា ខាងមុខនេះ​។ 

​លោក​រដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវ​ធានាឲ្យបាន​នូវ​បរិយាកា​សស្ងបស្ងាត់ អព្យាក្រឹត្យ ដើម្បីឲ្យ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​គោលការណ៍ នៃ​លទ្ធិប្រជាធិបតេយ្យ ប្រកបដោយ​សុវត្ថិភាព គ្មាន​ការគំរាមកំហែង ការបំភិតបំភ័យ និង​អំពើ​ហិង្សា​៕ ដោយៈ​សៅ វិសាល​

 

 

 

ព័ត៌មានផ្សេងទៀត