ការឃោសនា​​ដោយ​យក​​របបរាជានិយម​​ជា​កម្មសិទ្ធិ​ ជាការ​បន្ទាប​​ស្ថាប័ន​ព្រះមហាក្សត្រ​​?​

30-05-2018 3:55 pm
  ស្តាប់
ស្តាប់ជាសំឡេង

 ​លោក​ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុងតែ​កាន់អំណាច បាន​ប្រតិកម្ម​ជាខ្លាំង ចំពោះ​គណបក្សនយោបាយ​មួយ​ដែល​តែងតែ​យក​របបរាជានិយម ជា​កម្មសិទ្ធិ​ផ្តាច់មុខ​ក្នុង​ការឃោសនា​រក​សំឡេងឆ្នោត​។ បើ​ទោះ​មិន​បញ្ចេញ​ឈ្មោះ តែ​គេ​អាច​ដឹងថា លោក​សំដៅលើ​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច របស់​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​។ លោក​ហ៊ុន សែន បាន​ហៅ​ការឃោសនា​ដោយ​យក​របបរាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ ដើម្បី​ស្វែងរក​គាំទ្រ​ពី​ម្ចាស់ឆ្នោត​នេះ មិនល្អ​នោះឡើយ ហើយ​វា​ជាការ​បន្ទាប​ស្ថាប័ន​ព្រះមហាក្សត្រ​ទៅវិញ​ទេ ប្រសិនបើ​គណបក្ស​នោះ​មិន​ទទួលបាន​ការគាំទ្រ​ពី​ប្រជា​ពល​រស​ដ្ឋ​។ អ្នកវិភាគ​វ័យក្មេង​លោក​ហង្ស វិទូ ក៏​យល់ស្រប​ដូចគ្នា នឹង​លោក​ហ៊ុន សែន​ដែរ​។ ប៉ុន្តែ អ្នកវិភាគ​រូបនេះ ក៏​ស្នើឲ្យ​លោក​ហ៊ុន សែន និង​គណបក្ស​របស់លោក គួរ​បញ្ឈប់​យក​ថ្ងៃ​៧ មករា ធ្វើជា​កម្មសិទ្ធិ ក្នុង​ការឃោសនា រក​សំឡេងឆ្នោត ដូចគ្នា​ដែរ​។ 

​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី​ប្រមាណ ១៦៤៧៤​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​១០ ក្នុង​ខេត្តកណ្តាល នៅ​ថ្ងៃទី​៣០ ឧសភា នេះ លោក​ហ៊ុន សែន អះអាងថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ប៉ុណ្ណោះ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការការពារ​រប​ប​រាជានិយម​នៅ​កម្ពុជា​។ ការ​ថ្លែង​បែបនេះ ទំនងជា​ចង់​ប្រាប់​ទៅ គណបក្សនយោបាយ​មួយចំនួន ពិសេស​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច ដែល​តែងតែ​ប្រាប់​ទៅកាន់​ប្រជាពលរដ្ឋ​កម្ពុជា​ថា ខ្លួន​ជា​គណបក្ស​រាជានិយម​តែមួយគត់​នៅ​កម្ពុជា និង​ហាក់​ចង់បង្ហាញ​ប្រាប់​រាស្ត្រ​ខ្មែរ ពី​ការយក​របបរាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​។​

​តែ​លោក​ហ៊ុន សែន ក៏​បែរមក​និយាយថា ការការពារ​របបរាជានិយម មិនអាច​ឲ្យ​បក្ស​ណាមួយ​ផ្តាច់មុខ​នោះទេ គឺ​ត្រូវមាន​ការចូលរួម​ពី​គ្រប់​គណបក្សនយោបាយ និង​ប្រជាពលរដ្ឋ​។​លោក​បានចាត់ទុក​ការឃោសនា យក​របបរាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ របស់​គណបក្សនយោបាយ​ណាមួយ នឹង​ក្លាយទៅជា​ការ​បន្ទាប​តម្លៃ​ស្ថាប័ន​ព្រះមហាក្សត្រ នៅពេលដែល​ការឃោសនា​បែបនេះ របស់​គណបក្ស​នោះ គ្មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​....

​សំឡេង​លោក​ហ៊ុន សែន​៖

​ប្រធាន​ក្រុមអ្នកវិភាគ​វ័យក្មេង លោក​ហង្ស វិទូ បាន​យល់ស្រប​ដូច​លោក​ហ៊ុន សែន​ដែរ​។ លោក​ថា ការផ្សាភ្ជាប់​ខ្លួន​ទៅនឹង​របបរាជានិយម ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត​របស់​គណបក្សនយោបាយ​ណាមួយ គឺជា​រឿង​ហួស​សម័យ​។ លោក​ថា ការទាញយក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋនៅក្នុង​សម័យ​ទំនើប​នេះ មានតែ​គោលនយោបាយ និង​ឆន្ទៈ​ពិតប្រាកដ​របស់​អ្នកនយោបាយ​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ​។ តែ​លោកវិទូ ក៏បានផ្តល់​អនុសាសន៍​ទៅដល់​គណបក្ស​ប្រជាជន​កម្ពុជា​វិញ​ដែរ ពី​ការដែល​គណបក្ស​នេះ បាន​យក​៧​មករា ធ្វើជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់ខ្លួន​។​លោក​ចង់ឲ្យ​គណបក្សនយោបាយ​ទាំងអ​ស់​ប្រកួត​គ្នា​លើ​គោលនយោបាយ​។ ទាក់ទង​នឹង​គោលនយោបាយ​នេះ លោក​មើលឃើញ​គណបក្សនយោបាយ​មួយ គឺ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បណ្តុំ​ដោយ​ក្រុម​បញ្ញវន្ត មានបទពិសោធន៍​ដឹកនាំ​សង្គម​ស៊ីវិល បាន​ដាក់ចេញ​នូវ​គោលនយោបាយ​ល្អ​ជាងគេ មាន​ការសិក្សា​ស្រាវជ្រាវ​ច្បាស់លាស់ និង​មាន​លក្ខណៈ​ជឿនលឿន ..............

​សំឡេង​លោក​ហង្ស វិទូ​៖

​យ៉ាងនេះក្តី វិទ្យុ​វាយោ មិនអាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​គណបក្ស​ហ្វ៊ុន ស៊ិន ប៉ិច តាមរយៈ​អ្នកនាំពាក្យ​គឺ​លោ​កញេប ប៊ុនជិន បានទេ ដោយ​លោក​អះអាងថា កំពុង​ជាប់​ប្រជុំ​។ 

​គួរ​បញ្ជាក់ថា គណបក្ស​មួយ​នេះ តែ​អះអាងថា ខ្លួន​ជា​គណបក្ស​រាជានិយម​តែមួយគត់​នៅ​កម្ពុជា និង​តែងតែ​ផ្សាភ្ជាប់​ខ្លួន ទៅនឹង​កេរដំណែល​នៃ​ព្រះ​បរម​រតនៈ​កោដ្ឋ​ន សម្តេចព្រះ​នរោត្តម​សីហនុ​។ ប៉ុន្តែ​បើទោះជា គណ​គណបក្ស​នេះ បាន​ផ្សាភ្ជាប់​ខ្លួន​នឹង​របបរាជានិយម រួមទាំង​ការ​រំលឹក​នូវ​គុណបំណាច់​នៃ​ព្រះ​បរម​រតន​កោដ្ឋ បែបនេះ​ក្តី ក៏​ប្រជាប្រិយ​របស់​គណបក្ស​នេះ នៅតែ​បន្ត​ធ្លាក់ចុះ​ងើបមុខ​មិន​រួច​ដដែល​។​

​ថ្មីៗ​នេះ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូលថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​រាជានិយម និង​សីហនុ​និយម ហើយ​របប​នេះ បានធ្វើឲ្យ​ប្រទេសជា​តិមាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​រហូតដល់​សព្វថ្ងៃនេះ​។ លោក​ហ៊ុន សែន បានចាត់ទុក​ការឃោសនា​ដោយ​យក​របបរាជានិយម​ជា​កម្មសិទ្ធិ​ផ្តាច់មុខ​បែបនេះ​មិនល្អ​នោះឡើយ ហើយ​គួរតែ មាន​ការអំពាវនាវ​ឲ្យ​គណបក្សនយោបាយ​ទាំងអ​ស់ រួមទាំង​ប្រជាពលរដ្ឋ​ផងដែរ ការពារ​របបរាជានិយម​។ លោក​ថា ការយក​របបរាជានិយម​ទៅ​ឃោសនា​បែបនេះ អាច​ប៉ះពាល់​ដល់​តម្លៃ​នៃ​របបរាជានិយម​ថែមទៀត​ផង នៅពេល​បក្ស​នេះ​មិន​ទទួលបាន​ការគាំទ្រ​៕

ព័ត៌មានផ្សេងទៀត