វិធានការការពារ និងកម្ចាត់ដង្កូវស៊ីបណ្តូលស្ពៃក្តោប

30-05-2018 1:32 pm

វដ្តជីវិត ៖
- មេអំបៅពងក្នុងសំបុកជាចង្កោមមានប្រហែល ១០០ពង ។ ពងវាមានរាងសំប៉ែត និងតំរៀបគ្នាជាដំបូលក្បឿង នៅលើស្លឹកស្ពៃក្តោបខ្ចី ។
- ពងញាស់ទៅជាកូនដង្កូវក្នុងរយៈពេល៤-៥ថ្ងៃ ។
- ដំណាក់កាលជាដង្កូវ មានរយៈពេល១២ថ្ងៃ និងសកចំនួន៥ដង ។ ដង្កូវពេញវ័យជ្រើសរើសទីកន្លែងក្នុងដី សំរាប់ក្លាយជាដឹកឌឿ ។
- ដឹកឌឿ មានរយៈពេលប្រហែល ១០ថ្ងៃ ។
- ជាធម្មតា ដង្កូវមានបរិមាណច្រើន ស៊ីចំណីរួមគ្នានៅលើដើមតែមួយ ដោយចោះស៊ីបណ្តូលស្ពៃក្តោប ។ ដើមស្ពៃដែលដង្កូវស៊ីមានគ្របពីលើដោយសរសៃសូត្រស្តើង និងអាចម៍ដង្កូវច្រើន ។

វិធានការការពារ ៖
- ភ្ជួរហាលដី ដើម្បីកម្ចាត់ដឹកឌឿ ។
- ប្រមូលកាកសំណល់បន្លែដែលរងការបំផ្លាញកម្ទេចចោល ដោយកប់ដី ឬដុតដីកម្ទេចចោល ។
- ដាំស្ពៃខៀវជាអន្ទាក់ ។
- សម្អាតកូនមុនយកទៅដាំ ។

វិធានការកម្ចាត់ ៖
- ប្រមូលដោយដៃ ដោយប្រើជក់ ឬម្ជុល ដើម្បីចាប់យកដង្កូវ ។
- ប្រើថ្នាំគីមី Bacellus Therangensis ។
- មើមខ្ញីកន្លះគីឡូ, ខ្ទឹមស១គីឡូ, ម្ទេសខ្ចីកន្លះគីឡូ, ប្រេងកាត ១០មីលីលីត្រ, សាប៊ូ១២មីលីលីត្រ និង ទឹកធម្មតា៣លីត្រ ៖ មើមខ្ទឹមត្រាំតាំងសំបកជាមួយប្រេងកាត ស្រង់យកវាបកសំបកចេញ បុកជាមួយខ្ញី ម្ទេសឱ្យម៉ត់ លាយជាមួយទឹក៣លីត្រ និងយកសាប៊ូបញ្ចូលកូរឱ្យសព្វ ដោយត្រងឱ្យស្អាត យកទៅបាញ់ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត