បើ​​​ព្រម​រំលាយចោល​​នុយក្លេអ៊ែរ​​​កូរ៉េខាងជើង​​​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន​ឆ្នាំ​​?

29-05-2018 4:25 pm 545
រូបភាព​​អាវុធនុយក្លេអ៊ែរ​កូរ៉េខាងជើង​​ដង្ហែ​ក្នុងព្រឹត្ដិការណ៍​ជាតិ

​ទោះបី​កូរ៉េខាងជើង​ព្រម​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ មិន​ថា​ស្ថិតក្រោម​កិច្ចព្រមព្រៀង​ការទូត​ណាមួយ​ក៏ដោយ ត្រូវ​ប្រើ​រយៈពេល​យូរ​មិនអាច​បញ្ចប់​ភ្លាមៗ​ទេ​។ យោងតាម​ការវិភាគ​ថ្មី​មួយ​ពី​អតីតមន្ដ្រី​អាមេរិក បើ​មាន​កិច្ចព្រមព្រៀង​ហើយ​យ៉ាងហោចណាស់​ក៏ត្រូវ​ចំណាយពេល​ដល់​១០​ឆ្នាំ​ដែរ ទើប​សង្ឃឹមថា​អាច​បញ្ចប់​បាន​ការរំលាយចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។​

​ដើម្បី​ច្បាស់​ព័ត៌មាន​បន្ថែម ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​កិច្ចប្រជុំ​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន គ្រោង​នឹងធ្វើ​នៅ​ថ្ងៃទី​១២​មិថុនា​ខាងមុខនេះ​ហើយដោយ​សិង្ហ​បុរី​ជា​ម្ចាស់ផ្ទះ​។ កិច្ចប្រជុំ​មាន​របៀបវារៈ​ជាច្រើន​ដែល​មេដឹកនាំ​ទាំងពីរ​ត្រូវ​ពិភាក្សា តែ​អ្វីដែល​សំខាន់បំផុត​និង​ត្រូវបាន​ដឹង​ជា​សាធារណៈ គឺ​ពិភាក្សា​ពី​ដំណើរការ​រំលាយចោល​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​។ ព្រោះតែ​បញ្ហា​នុយក្លេអ៊ែ​រ ទើប​ភាគី​ពាក់ព័ន្ធ​ជំរុញឲ្យមាន​កិច្ច​ជំនួប​កំពូល​កើតឡើង​។ 

​កិច្ចប្រជុំ​គ្រោងទុក​នេះ​ធ្លាប់​រង​ភាព​រង្គ្រោះរង្គើ​ក្នុងពេល​ថ្មីៗ ដោយសារ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន ប្រកាស​ចង់​លុបចោល​កិច្ចប្រជុំ​ក្រោម​ហេតុផល បើ​អាមេរិក​ទទូច​ឲ្យ​កូរ៉េខាងជើង​ដកហូត​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី មានន័យថា​កូរ៉េខាងជើង​បោះបង់​នុយក្លេអ៊ែរ តែ​អាមេរិក​នៅ​បំពាក់​នុយក្លេអ៊ែរ​ដដែល​។ ជាមួយនឹង​អ្វីដែល​លោក​គីម ជុង​អ៊ុន​បានប្រកាស លោក​ដូណាល់ ត្រាំ​ឯនេះ​បានប្រកាស​នៅក្នុង​លិខិត​មួយច្បាប់​ផ្ញើ​ទៅ​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​២៤​ឧសភា​ថា លោក​នឹង​លុបចោល​កិច្ចប្រជុំ​តែម្ដង បង្កឲ្យមាន​ការភ្ញាក់ផ្អើ​ល​យ៉ាងខ្លាំង​។ ប៉ុន្ដែ​មួយថ្ងៃ​ប៉ុណ្ណោះ​គឺ​នៅ​ថ្ងៃទី​២៥​ឧសភា​លោក​ត្រាំ​បានប្រកាសថា​កិច្ចប្រជុំ​អាច​ចាប់ផ្ដើម​ឡើងវិញ ក្រោយ​មាន​ចំណាត់ការ​ការទូត​គឹ​កូរ៉េខាងជើង​ចេញ​សេចក្ដីថ្លែងការណ៍ ស្នើឲ្យ​អាមេរិក​ពិចារណា​ចំពោះ​ការលុបចោល​កិច្ចប្រជុំ​។​

​បច្ចុប្បន្ន​ទាំង​អាមេរិក​និង​កូរ៉េខាងជើង​កំពុង​ខិតខំ​យ៉ាង​សស្រាក់សស្រាំ ជួយ​ជំរុញ​ឲ្យ​កិច្ចប្រជុំកំពូល​ជា​ប្រវត្ដិសាស្ដ្រ​អាចដំណើរ​ការដោយរ​លូន​។ មន្ដ្រី​អាមេរិក​និង​មន្ដ្រី​កូរ៉េខាងជើង​បាន​ជួបពិភាក្សា​គ្នា​ពី​ការរៀបចំ​កិច្ចប្រជុំ ដោយ​មន្ដ្រី​អាមេរិក​មួយក្រុម​បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​កូរ៉េខាងជើង​តែម្ដង​កាលពី​ថ្ងៃទី​២៧​ឧសភា​។ ដោយឡែក​មន្ដ្រី​អាមេរិក​មួយក្រុម​និង​មន្ដ្រី​កូរ៉េខាងជើង​មួយក្រុម​ទៀត បាន​ធ្វើដំណើរ​ទៅដល់​ប្រទេស​សិង្ហ​បុរី​ហើយ​ដែរ ជា​ប្រទេស​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ដើម្បី​រៀបចំ​ដំណើរការ​បន្ដ​។ ជំនួប​រវាង​លោក​ដូណាល់ ត្រាំ​ជាមួយ​លោក​គីម ជុង​អ៊ុន​រំពឹង​ខ្ពស់​ថា​អាច​ចាប់ផ្ដើម​តាម​ការគ្រោងទុក ប៉ុន្ដែ​អ្វី​ជា​មន្ទិលសង្ស័យ​គឺ​លទ្ធផល​ក្រោយ​បញ្ចប់​កិច្ចប្រជុំ ថា​កូរ៉េខាងជើង​យល់ព្រម​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​ដោយ​របៀប​ណា ហើយ​ប្រើពេល​យូរ​ប៉ុនណា​។​

​ជុំវិញ​ករណីនេះ​មាន​អ្នកជំនាញ​បី​រូប​បាន​ចេញមក​បកស្រាយ​។ ការវាយតម្លៃ​មួយ​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី​២៨​ឧសភា ដោយ​អ្នកជំនាញ​នៅ​សាកលវិទ្យាល័យ​Stanford ខណៈ​សេត​វិមាន​កំពុង​ព្យាយាម​ផ្ទៀងផ្ទាត់​ថា​កូរ៉េខាងជើង​នឹង​លុបចោល​អាវុធ​នុយក្លេអ៊ែរ​ដោយ​របៀប​ណា​។ លោក​Siegfried Hecker អ្នកវិទ្យាសាស្ដ្រ​នុយក្លេអ៊ែរ​ម្នាក់​ធ្លាប់បាន​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង ដើម្បី​ត្រួតពិនិត្យ​តំបន់​នុយក្លេអ៊ែរ​នៅ​ទីនោះ បាន​សហការ​ធ្វើជា​អ្នកវិភាគ​ជាមួយ​លោក​Robert Carlin បាន​ចំណាយពេល​ជាច្រើន​ឆ្នាំ​នៅ​ស្ថាប័ន​CIA​និង​ក្រសួងការបរទេស រួម​នឹង​លោក​Elliot Serbin​ជា​ជំនួយ​ការស្រាវជ្រាវ​លោក​Hecker​។ 

​អ្នកជំនាញ​ទាំងបី​បានកំណត់​កម្មវិធី​ជាក់លាក់​ចំនួន​២២​កម្មវិធី​ដើម្បី​អាច​វិភាគ​បាន ក្នុងនោះ​មានដូចជា​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង ឃ្លាំង​មី​ស៊ី​ល​ឬ​ឧបករណ៍​កែច្នៃ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជាដើម ដែល​អ្នកចរចា​អាមេរិក​ចាំបាច់​ត្រូវ​និយាយ​ជាមួយ​កូរ៉េខាងជើង​។ អ្នកជំនាញ​បាន​ប៉ាន់ប្រមាណ​ថា​ការផ្អាក​កម្មវិធី​ទាក់ទង​នឹង​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង អាច​ចំណាយពេល​តិចជាង​មួយឆ្នាំ ប៉ុន្ដែ​បើ​ចង់ឲ្យ​រំលាយចោលឬ​កំណត់ឲ្យ​បោះបង់​តែម្ដង យ៉ាងហោចណាស់​ក៏ត្រូវ​ចំណាយពេល​ពី​៦​ទៅ​១០​ឆ្នាំ​ដែរ​។​

​អ្នកវិភាគ​និង​អ្នកជំនាញ​ផ្នែក​អាវុធ​បានចង្អុលបង្ហាញ​ថា កិច្ចព្រមព្រៀង​ស្ដីពី​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ នឹងត្រូវ​ចំណាយពេល​ច្រើន​ដោយសារតែ​ភាពស្មុគស្មាញ​នៃ​ការចរចា និង​ការខ្វះ​ទំនុកចិត្ដ​រវាង​ភាគី​ទាំងពីរ​។ ម្យ៉ាង​កូរ៉េខាងជើង​ក៏​ត្រូវការ​ពេលវេលា សម្រាប់​សង្គ្រោះ​ការព្រួយបារម្ភ​ផ្នែក​សន្ដិសុខ​។ លោក​Hecker​ដែល​ធ្លាប់​បម្រើការ​ជា​នាយក​ម​ន្ទីរ​ពិសោធន៍​Los Alamos​ជាតិ បាន​ប្រាប់​កាសែត​The New York Times​ថា លោក​ជឿជាក់​ពិតជា​ត្រូវការ​ពេលវេលា​រហូតដល់​១៥​ឆ្នាំ​។ ការធានា​រំលាយចោល​នុយក្លេអ៊ែ​រ មិនអាច​សម្រេចបាន​ដោយ​ការសន្យា​របស់​អាមេរិក ឬ​កិច្ចព្រមព្រៀង​លើ​ក្រដាស​នោះទេ វា​ត្រូវការ​រយៈពេល​យូរ​សម្រាប់​សហការគ្នា​និង​ពឹងពាក់​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត