វិធានការការពារ និងកម្ចាត់ចៃលើដំណាំ

28-05-2018 9:11 am 970

វដ្តជីវិត ៖
- សំរាប់លក្ខខណ្ឌនៅតំបន់មិនធ្លាក់ទឹកកក ដូចជាប្រទេសកម្ពុជា ចៃនេះ បន្តពូជដោយពុំចាំបាច់បង្កាត់គ្នាដើម្បីបង្កើតកូននៅជំនាន់ក្រោយទេ ។ មេចៃ នឹងបង្កើតកូនដោយមានញី និងឈ្មោល ។ វារស់បានប្រហែល៣សប្តាហ៍ ក្នុងករណីមានលក្ខខណ្ឌសមស្រប ។
- កូនចៃ នឹងសក ៤ដង ទើបក្លាយជាមេ ។

ស្នាមបំផ្លាញ ៖
- វាជញ្ជក់រុក្ខរសនៃស្លឹក និងដើមរបស់ដំណាំដូចជាសណ្តែក ត្រសក់ អំបូរស្ពៃ ត្រប់ ម្ទេស ប៉េងប៉ោះ ពោត កប្បាស ហើយអាចចម្លងជំងឺវីរុសដល់ដំណាំ ។
- ស្លឹកដំណាំ ដែលរងនូវការបំផ្លាញគឺ រមូចុះក្រោម ស្លកពណ៌ ស្ងួត ហើយស្រួយ និងបង្អាក់ការលូតលាស់របស់ដំណាំ ។

វិធានការការពារ ៖
- ថែរក្សាសត្វមានប្រយោជន៍ដូចជា ដង្កូវកន្ទិចអា សត្វកន្ទុយពីរ ដង្កូវរុយសំកាំងអង្រ្កង អណ្តើកមាស ។
- ប្រមូលដោយដៃ ។
- ដាំដំណាំចម្រុះ និងបង្វិល ។

វិធានការកម្ចាត់ ៖
- ប្រមូលដោយដៃ នៅពេលដែលកើតមានតិចតួច ។
- ថ្នាំផ្សំពីរុក្ខជាតិ ៖ ទ្រនុងស្លឹកថ្នាំជក់១គីឡូក្រាម បុកឱ្យម៉ត់ ត្រាំទឹក១៥លីត្រ១យប់ ច្រោះយកទៅបាញ់លើដំណាំ ឬថ្នាំជក់សម្រេច១ខាំ លាយទឹកនោមគោ៥លីត្រ ត្រាំ១យប់យកទឹកថ្នាំ២លីត្រ លាយទឹកក្នុង១ធុងបាញ់ថ្នាំ ។ បាញ់១ដង ក្នុងមួយសប្តាហ៍ ពេលគ្មានភ្លៀងបើមានភ្លៀងបាញ់ ២-៣ដង ក្នុងមួយសប្តាហ៍ ។
- ថ្នាំផ្សំពីរុក្ខជាតិ ៖ ស្លឹកទាបខ្មែរស្រស់កន្លះគីឡូក្រាម ស្ងោរជាមួយទឹក២លីត្រ រំងាស់រហូតដល់នៅសល់ទឹកកន្លះលីត្រ បន្ទាប់មកយកបរិមាណថ្នាំនេះ បាញ់នៅកន្លែងដែលមានចៃបំផ្លាញ ។ បាញ់១ដង ក្នុងមួយសប្តាហ៍ ពេលគ្មានភ្លៀង បើមានភ្លៀង បាញ់២-៣ដង ក្នុងមួយសប្តាហ៍ ។
- ឧស្សាហ៍ស្រោចទឹក ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅកន្រ្តកនៃជម្រើសសំរាប់សន្តិសុខស្បៀង) 

ព័ត៌មានផ្សេងទៀត