ស្រ្តីវ័យ៦០ឆ្នាំម្នាក់ប្រើជីវិតចុងក្រោយរបស់ខ្លួនសង្រ្គោះសត្វអនាថារាប់រយក្បាល

26-05-2018 9:17 am 1339
  ស្តាប់
ស្តាប់ជាសំឡេង

សមាគមការពារសត្វកម្ពុជា ហៅកាត់ថា CAPA បានជួយសង្រ្គោះជីវិតសត្វអនាថា រាប់រយក្បាលតាំងពីឆ្នាំ២០១២មក ។ អ្នកស្រី ទេព គីមលន់ ម្ចាស់សមាគមប្រាប់ថា សព្វថ្ងៃ ក្នុងមួយខែៗអ្នកស្រីត្រូវចំណាយប្រមាណ៣.០០០ដុល្លារ ដើម្បីចិញ្ចឹមសត្វសុនកចំនួន១៥៥ក្បាល និងសត្វឆ្មា៧៣ក្បាលនៅក្នុងបន្ទុក ។ អ្នកស្រីរៀបរាប់ថា ជីវិតរបស់អ្នកស្រី អ្នកស្រីត្រូវបានគ្រូទាយ ទាយថា នឹងស្លាប់ក្នុងអាយុ៤៩ឆ្នាំ តែអ្នកស្រីបែរជាអាចនៅរស់រានមានជីវិតរហូតដល់បច្ចុប្បន្ន ដោយហេតុនេះហើយ ទើបធ្វើឱ្យស្រ្តីវ័យ៦០ឆ្នាំរូបនេះ ជឿថា ដោយសារបេះដូងរបស់គាត់ ដែលមានក្តីអាណិត ស្រឡាញ់ចំពោះសត្វចិញ្ចឹមទាំងនោះ ក៏អាចជាហេតុផលធ្វើឱ្យអ្នកស្រីអាចរស់នៅដល់បច្ចុប្បន្ន ...

គ្រាន់តែបើកទ្វារភ្លាម សូរសំឡេងដ៏ទ្រហឹងអឺងកងនៃពពួកសត្វសុនក ក៏ចាប់ផ្តើមបន្លឺឡើងស្ទើរនិយាយគ្នាពុំបាន ។ សុនកខ្លះរត់មកស្វាគមន៍ខ្ញុំដោយហិត ខ្លះមកតោង រត់ប្រសាចតម្រង់មករកខ្ញុំជាភ្ញៀវ ។ ពួកគេ ខ្លះជាពូជខ្មែរ ខ្លះពូជកូនកាត់ដែលមានមាឌធំៗ និងកម្ពស់ខ្ពស់ៗ ។ ទីតាំងដែលខ្ញុំបានរៀបរាប់នេះ គឺជាសមាគមការពារសត្វកម្ពុជា ដែលមានអាសយដ្ឋានស្ថិតនៅក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ វាមានចម្ងាយពីផ្លូវជាតិលេខ១ ឬវត្តនិរោធ ប្រមាណជា២គីឡូម៉ែត្រ ។

ដើរកាន់អំបោសបណ្តើរ និយាយប្រាប់ខ្ញុំបណ្តើរ អ្នកស្រី ទេព គីមលន់ ប្រធានសមាគមការពារសត្វកម្ពុជាបានប្រាប់ខ្ញុំថា ដំបូងឡើយអ្នកស្រីមានសុនកតែជាង១០ក្បាលប៉ុណ្ណោះ តែក្រោយពីបានឃើញសត្វចិញ្ចឹមទាំងនោះ អនាថាច្រើន ដើរតាមផ្លូវច្រើន អ្នកស្រីក៏យកពួកគេមកផ្ទះចិញ្ចឹម ។ ពេលខ្លះ អ្នកស្រីក៏បានដើរសួរអ្នកជិតខាងថា មានបាត់សុនកទេ បើសិនជាគេថាមាន ហើយជាម្ចាស់របស់សត្វនោះ អ្នកស្រីក៏ប្រគល់ទៅម្ចាស់ដើមវិញក៏មាន ។ មានសុនកមួយក្បាល បន្ទាប់ពីត្រូវម្ចាស់បោះបង់ចោល នៅពេលពួកគេឈឺធ្ងន់ អ្នកស្រីក៏បានព្យាយាមមើលថែនិងព្យាបាលពួកគេរហូតទាល់តែជា ។ ម្ចាស់សុនកបានសុំមើលអតីតសត្វចិញ្ចឹមនោះ តែអ្នកស្រីមិនឱ្យមើលទេ សូម្បីចូលផ្ទះរបស់អ្នកស្រី ដោយសារតែអ្នកស្រីគិតថា ម្ចាស់សុនកនោះ ពុំមានទំនួលខុសត្រូវលើសត្វចិញ្ចឹមខ្លួន…
សំឡេង ៖

សត្វសុនកដែលមានវត្តមាននៅក្នុងផ្ទះរបស់អ្នកស្រីទាំងអស់ ខ្លះជាសត្វអនាថាដែលម្ចាស់បោះបង់ ខ្លះត្រូវបានម្ចាស់ផ្ញើ ជាដើម ។ អ្នកស្រី គីមលន់ បានចាប់ផ្តើមសកម្មភាពមនុស្សធម៌នេះ នៅក្នុងឆ្នាំ២០០៥ រហូតបានសម្រេចចិត្តបង្កើតជាសមាគមការពារសត្វកម្ពុជា ហៅកាត់ថា CAPA នៅឆ្នាំ២០១២ ដោយពុំមានអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុឡើយ ។ ក៏ប៉ុន្តែ អ្នកស្រីបានបញ្ជាក់ថា មានសមាគមចំនួនពីររបស់បារាំង គឺ Foundation Brigitte Bardot, Foundation 30 Millions Amis បានជួយគាំទ្រផ្នែកថ្នាំបង្ការ និងគ្រៀវសត្វ ។ សមាគមខ្លះ ក៏ជួយឧបត្ថម្ភជាថវិកាមកអ្នកស្រីដែរ តែវានៅតែមិនអាចជួយទ្រទ្រង់បានគ្រប់គ្រាន់ ។

អ្នកស្រីបានប្រាប់ខ្ញុំថា សត្វសុនកទាំងអស់ ត្រូវបានចាក់ថ្នាំបង្ការជំងឺផ្សេងៗរួចរាល់ហើយ ដោយភាគច្រើន ពេទ្យសត្វបានមកជួយចាក់ថ្នាំក្នុងតម្លៃទាបដល់ក្នុងផ្ទះរបស់គាត់តែម្តង…
សំឡេង ៖

អ្នកស្រី គីមលន់ លើកឡើងថា ក្នុងមួយខែ អ្នកស្រីត្រូវចំណាយថវិកាផ្ទាល់ខ្លួនប្រមាណ៣.០០០ដុល្លារ ដើម្បីចិញ្ចឹមសត្វទាំងអស់…
សំឡេង ៖

ប្រធានសមាគមរូបនេះរៀបរាប់ប្រាប់ខ្ញុំថា មនុស្សមួយចំនួន ធ្វើបុណ្យផងធ្វើបាបផង ។ ធ្វើបុណ្យត្រង់ថា ទៅវត្តធ្វើបុណ្យ តែខណៈនោះ ពួកគេបានយកសត្វចិញ្ចឹមរបស់ខ្លួន ដូចជាឆ្មា ឬសុនកជាដើម ទៅបោះបង់ចោលនៅវត្ត ឬទីសាធារណៈផ្សេងៗ ។ អ្នកស្រីគីមលន់សង្កត់ធ្ងន់ថា មនុស្សល្អ គឺស្ថិតនៅត្រង់បេះដូង បើយើងធ្វើល្អ ទេវតានឹងជួយ ដោយអ្នកស្រីបានប្រៀបធៀបទៅនឹងឆាកជីវិតផ្ទាល់របស់អ្នកស្រីប្រាប់ខ្ញុំ ។ គាត់បានបញ្ជាក់ថា ជីវិតរបស់អ្នកស្រី អ្នកស្រីត្រូវបានគ្រូទាយ ទាយថា នឹងស្លាប់ក្នុងអាយុ៤៩ឆ្នាំ តែអ្នកស្រីបែរជាអាចនៅរស់រានមានជីវិតរហូតដល់បច្ចុប្បន្ន ដោយហេតុនេះហើយ ទើបធ្វើឱ្យស្រ្តីវ័យ៦០ឆ្នាំរូបនេះ ជឿថា ដោយសារបេះដូងរបស់គាត់ ដែលមានក្តីអាណិត ស្រឡាញ់ចំពោះសត្វចិញ្ចឹមទាំងនោះ ក៏អាចជាហេតុផលធ្វើឱ្យអ្នកស្រីអាចរស់នៅដល់សព្វថ្ងៃ…
សំឡេង ៖

អ្នកស្រី ទេព គីមលន់ ធ្លាប់រស់នៅសហរដ្ឋអាមេរិក និងនៅប្រទេសបារាំង មុននឹងមករស់នៅប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩៥ ។ កាលដើមឡើយ ស្វាមីរបស់អ្នកស្រី គឺជាមន្រ្តីទូតម្នាក់ តែបច្ចុប្បន្ន គាត់បានចូលនិវត្តន៍ហើយ ។ ស្រ្តីវ័យ៦០ឆ្នាំរូបនេះអះអាងថា គាត់បារម្ភ ព្រោះអាយុកាន់តែច្រើន ពុំសូវមានអ្នកជួយ ពេលអស់ពីគាត់ទៅ មិនដឹងជាសត្វទាំងនោះ នឹងទៅជាយ៉ាងណា ។

អ្នកស្រីមានបំណងចង់លក់ផ្ទះដែលកំពុងរស់នៅសព្វថ្ងៃ ទៅផ្ទះថ្មី ដែលមានទីតាំងធំទូលាយ សម្រាប់សុនក និងឆ្មាទាំងអស់អាចរស់នៅបានដោយមានផាសុខភាព និងមានអនាម័យ ។ ភូមិគ្រឹះរបស់អ្នកស្រី ដែលត្រូវបានបង្កើត និងលើកស្លាកថា ជាសមាគមនេះ ត្រូវបានខណ្ឌចែកជាតំបន់ៗ សម្រាប់ឱ្យសត្វចិញ្ចឹមទាំងអស់រស់នៅ ។ ប្រភេទសុនកពូជធំៗ គាត់បែងចែក ទុកនៅក្នុងបរិវេណទីធ្លាក្រោមផ្ទះតែម្តង ។ ចំណែកឯពូជធំៗខ្លះទៀត ដែលនៅមានសភាពកាច គាត់ទុកនៅក្នុងផ្ទះជាន់ក្រោម ខណៈពូជតូចៗ រោមវែង គាត់ទុកនៅជាន់ទីមួយ និងនៅជាន់ទីពីរ គឺសម្រាប់សត្វឆ្មារស់នៅ ។

បច្ចុប្បន្ន មានភោជនីយដ្ឋានមួយចំនួន បានជួយផ្តល់ជាអាហារ ដែលសល់ពីការបរិភោគរបស់ភ្ញៀវដល់ការចិញ្ចឹមសត្វរបស់អ្នកស្រីដែរ ក៏ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់ សម្រាប់ការផ្គត់ផ្គង់ សត្វសុនកចំនួន១៥៥ក្បាល និងសត្វឆ្មា ៧៣ក្បាលទេ ។ ហើយ អ្វីជាបញ្ហាខ្វះខាតប្រឈមចម្បងសព្វថ្ងៃ គឺចំណីអាហារ និងថ្នាំបង្ការនេះតែម្តង ។ សត្វឆ្មា ដែលកំពុងរស់នៅក្នុងបន្ទុករបស់សមាគម ត្រូវបានចាក់ថ្នាំបង្ការចំនួនតែពាក់កណ្តាលប៉ុណ្ណោះ ក៏ព្រោះវ៉ាក់សាំងឆ្មា មានតម្លៃថ្លៃជាងសុនក ។

យ៉ាងណាក៏ដោយ ប្រធានសមាគមការពារសត្វកម្ពុជារូបនេះ បញ្ជាក់ប្រាប់ខ្ញុំថា អ្នកស្រឡាញ់សត្វទាំងអស់ ដែលមានបំណងចង់សុំយកទៅចិញ្ចឹម អ្នកស្រីអាចផ្តល់តាមការស្នើសុំបាន ក៏ប៉ុន្តែអាស្រ័យលើលក្ខខណ្ឌរបស់អ្នកស្រី ដែលអ្នកស្រីមើលឃើញថា ជាមនុស្សល្អ ពិតជាស្រឡាញ់សត្វពិតប្រាកដ និងមានទីធ្លាសម្រាប់ឱ្យពួកគេ អាចរស់នៅបានដោយកក់ក្តៅ ។ ក្រៅពីអាចស្នើសុំសត្វយកទៅចិញ្ចឹម យើងក៏អាចចូលទៅលេងជាមួយពួកគេនៅសមាគមដោយមិនគិតថ្លៃដែរ ។

ភ្ជាប់ជាមួយគ្នានេះ អ្នកស្រីគីមលន់ប្រាប់ខ្ញុំថា អ្នកស្រីស្នើដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់ កុំបោះបង់ចោលសុនក ឬឆ្មា នៅពេលពួកគេឈឺ ។ ម្ចាស់នឹងទទួលបានផលបុណ្យច្រើន បើសិនជាអាចសង្រ្គោះពួកគេ ដោយយកពួកគេទៅពេទ្យ និងព្យាបាលរហូតពួកគេជាសះស្បើយ ។

អ្វីជាក្តីសុបិន្តរបស់ប្រធានសមាគមការពារសត្វកម្ពុជារូបនេះ គឺចង់ឱ្យពលរដ្ឋទាំងអស់ស្រឡាញ់សត្វ កុំបោះបង់សត្វចិញ្ចឹមទាំងនោះ ឱ្យក្លាយទៅជាសត្វអនាថា…
សំឡេង ៖

ព័ត៌មានផ្សេងទៀត